Audi RS7 តម្លៃ ២០ ម៉ឺនដុល្លារ ជាឡានការពារគ្រាប់ល្បឿនលឿនជាងគេក្នុងលោក

  • 2019-07-11 07:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ការពារ​គ្រាប់​ភាគ​ច្រើន​​មាន​ល្បឿន​អតិបរមា​មិន​ខ្លាំង​ក្លា​ប៉ុន្មាន​ឡើយ ដោយ​សារ​តែ​ម៉ាស៊ីន​រថយន្ត​រង​សម្ពាធ​ពី​ទម្ងន់​ដែក​ដែល​ពាស​លើ​រថយន្ត​ដើម្បី​ការពារ​គ្រាប់​កាំភ្លើង។ ប៉ុន្តែ​ក្រុមហ៊ុន AddArmor ដែល​ជំនាញ​ខាង​កែ​ច្នៃ​រថយន្ត​ បាន​បង្ហាញ​ចេញ​រថយន្ត​ Audi RS7 ស៊េរី​ពិសេស​មួយ អះអាង​ថា​ជា​រថយន្ត​ការពារ​គ្រាប់​ល្បឿន​លឿន​ជាង​គេ​ក្នុង​លោក។

រថយន្ត​ Audi RS7 ស៊េរី​ពិសេស​មាន​បំពាក់​ដោយ​​តួ​ខ្លួន​ប្រភេទ​ប៉ូលី​កាបូណាត​ និង​កញ្ចក់​ការពារ​គ្រាប់​​មាន​ក្រាល​ដោយ​​ប៉ូលី​កាបូណាត ដែល​​ក្រុមហ៊ុន​អះអាង​ថា​​មាន​ភាព​រឹងមាំ​ជាង​​​ដែក​ការពារ​​គ្រាប់​ ១០ ដង ហើយ​មាន​ទម្ងន់​ស្រាល​ជាង ៦០%។ វា​អាច​ផ្ដល់​សមត្ថភាព​ការពារ​គ្រាប់​កម្រិត B4 ដោយ​​ថែម​​ទម្ងន់​ដល់​រថយន្ត​មិន​ដល់ ១០០ គីឡូក្រាម​ឡើយ។

ម៉ាស៊ីន​រថយន្ត​​បាន​កែច្នៃ​ឲ្យ​ខ្លាំង​ជាង​ប្រភេទ​ធម្មតា​ ដោយ​ប្រើ​ម៉ាស៊ីន APR ចំណុះ ៤,០ លីត្រ ប្រភេទ Twin-Turbo មាន ៨ ស៊ីឡាំង ផលិត​កម្លាំង​បាន​ ៧៦០ សេះ អាច​បើកបរ​ដល់​ល្បឿន​ ៣២០ គ.ម/ម៉ ហើយ​បង្កើន​សន្ទុះ​ពី ០ ដល់ ៩៦ គ.ម/ម៉ ក្នុងពេល​តែ ២,៩ វិនាទី។

ក្រុមហ៊ុន​ AddArmor ក៏​អាច​ដំឡើង​នូវ​ឧបករណ៍​មួយ​ចំនួន​ដូច​ជា​ភ្លើង​​បាញ់​ឲ្យ​ព្រាល​ភ្នែក ​និង​កាំភ្លើង​យន្ត​ជា​ដើម ហើយ​អាច​ដំឡើង​​ក្បាំង​ខាង​មុខ​ដើម្បី​អាច​​ឲ្យ​រថយន្ត​បើក​ទម្លុះ​ជញ្ជាំង​បាន​ផង​ដែរ។ ​​គួរ​ដឹង​ថា​ Audi RS7 ពិសេស​នេះ​មាន​តម្លៃ​ចាប់​ពី ២០៥ ០០០ ដុល្លារ​ឡើង​ទៅ៕​​​​​​​

ចុចអាន ៖

ប្រភព៖ Motor1   ប្រែ​សម្រួល៖ សុខហេង