នារីម្នាក់ប្រាប់ត្រង់ៗថា វីដេអូមានអ្នកមើល ១ លានដងលើ YouTube បានលុយប៉ុន្មាន

  • 2019-07-17 03:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណនី​មួយ​ឈ្មោះ​ Shelby Church បាន​បង្កើត​វីដេអូ​ថ្មី​មួយ​ដើម្បី​ស្រាយ​ចម្ងល់​របស់​ទស្សនិកជន​ជា​ច្រើន ដែល​ចង់​ដឹង​ថា​វីដេអូ​លើ YouTube មួយ​ដែល​មាន​អ្នក​ទស្សនា​ចំនួន ១ លាន​ដង អាច​រក​លុយ​បាន​ប៉ុន្មាន​ដុល្លារ។

​​គណនី​ខាង​លើ​បាន​ប្រាប់​ថា​វីដេអូ​ដែល​មាន​ចំនួន​ទស្សនា​ ១ លាន​ដង អាច​រក​ចំណូល​បាន​ចន្លោះ​ពី ៥០០ ដុល្លារ ទៅ ១ ម៉ឺន​ដុល្លារ ហើយ​គិត​ជា​មធ្យម​​គឺ​ប្រហែល ២ ពាន់​ដុល្លារ។ នេះ​ចំពោះ​វីដេអូ​ដែល​មាន​​ប្រវែង​ក្រោម​ ១០ នាទី មាន​ការ​ Monetize ត្រឹម​ត្រូវ។

ក្រោយ​មក​​ Shelby ​បាន​បង្ហាញ​ចំណូល​​ជាក់​ស្ដែង​បាន​ពី​វីដេអូ​នីមួយៗ​របស់​ខ្លួន តួ​យ៉ាង​វីដេអូ​មាន​ចំណង​ជើង​ថា​ "Gymnastics Then VS Now” មាន​ចំនួន​ទស្សនា ១,៣ លាន​ដង រក​លុយ​បាន​​ ២ ០៥៣ ដុល្លារ។

Shelby បាន​បង្ហាញ​ចំណូល​ពី​វីដេអូ​មួយ​ទៀត​ដែល​មាន​ចំនួន​ទស្សនា​ ២,២ លាន​ដង។ ច្បាស់​ជា​មាន​អ្នក​យល់​ថា​វីដេអូ​នេះ​អាច​រក​ចំណូល​បាន​ជាង ៤ ពាន់​ដុល្លារ ដោយ​សារ​មាន​ចំនួន​ទស្សនា​លើស​វីដេអូ​ខាង​លើ។ ប៉ុន្តែ​តាម​ពិត​ទៅ​វា​អាច​រក​ចំណូល​​បាន​ត្រឹម ៧៤៣ ដុល្លារ​ប៉ុណ្ណោះ។

ហេតុ​​ផល​គឺ​ដោយ​សារ​វីដេអូ​ដែល​មាន​អ្នក​ទស្សនា​ ២,២ លាន​ដង មាន​​ប្រវែង​ខ្លី ហើយ​មាន​លោត​ផ្ទាំង​ពាណិជ្ជកម្ម ១ ប៉ុណ្ណោះ។ លើស​ពី​នេះ​​ការ​ទស្សនា​ភាគ​ច្រើន​គឺ​មាន​ប្រភព​​ក្រៅ​សហរដ្ឋអាមេរិក ដែល​​ចំណូល​បាន​ពី​ការ​ទស្សនា​ខុស​គ្នា​ទៅ​តាម​ទីតាំង​នីមួយៗ។

​ម្ចាស់​គណនី​ដដែល​នេះ ក៏​បាន​បង្ហើប​ប្រាប់​អំពី​វិធីសាស្ត្រ​ធ្វើ​ឲ្យ​វីដេអូ​មួយ​អាច​រក​ចំណូល​បាន​ច្រើន​ផង​ដែរ។ នោះ​គឺ​ការ​ផលិត​វីដេអូ​ដែល​មាន​ប្រវែង​វែង ចូល​ដល់​ខ្ទង់​ ១០ នាទី។ ជាក់​ស្ដែង​គេ​បាន​បង្ហាញ​ចំណូល​របស់​វីដេអូ​មួយ​មាន​ប្រវែង ១០ នាទី មាន​ចំនួន​ទស្សនា​ប្រហែល ៣៧ ម៉ឺន​ដង ប៉ុន្តែ​អាច​រក​បាន​ដល់​ ៣ ០១៥ ដុល្លារ​ឯណោះ។

នេះ​បង្ហាញ​បាន​ថា​ការ​រក​លុយ​លើ YouTube មិន​មែន​​ផ្ដោត​សំខាន់​លើ​ការ​​រក​ចំនួន​ទស្សនា​ឲ្យ​បាន​ច្រើន​នោះ​ទេ វា​ក៏​អាស្រ័យ​លើ​រយៈពេល​ដែល​​គេ​ទស្សនា​វីដេអូ​របស់​អ្នក (Watch Time), ប្រវែង​នៃ​វីដេអូ​ ​ហើយ​អ្នក​ទស្សនា​វីដេអូ​មាន​ប្រភព​ចេញ​ពី​ណា។ ចង់​ដឹង​លម្អិត​ទស្សនា​វីដេអូ​ខាង​ក្រោម ៖​​​​​

ចុចអាន៖

អត្ថបទ៖ សុខហេង