Apple នឹងសាកផលិត ឧបករណ៍ដែលកំពុងលក់ដាច់ខ្លាំង នៅរោងចក្រវៀតណាម

  • 2019-07-18 02:05:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple នឹង​ចាប់​ផ្ដើម​ការ​សាក​ល្បង​ផលិត​ AirPods ​នៅ​រោងចក្រ​វៀតណាម ដែលវា​​ជា​ផលិត​​ផល​កំពុង​លក់​ដាច់​ខ្លាំង​មួយ ហើយ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​កំពុង​ពន្លឿន​ផែនការ​រើ​​សង្វាក់​ផលិតកម្ម​ខ្លះៗ​ចេញ​ពី​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Nikkei Asian។

​Goertek ដែល​ជា​​​រោងចក្រ​ដៃ​គូ​​សំខាន់​មួយ​របស់ Apple នឹង​ចាប់​ផ្ដើម​សាក​ល្បង​ការ​ផលិត​នៅ​​អំឡុង​ត្រីមាស​ទី ៤ ឆ្នាំ ២០១៩ នេះ ដែល​នឹង​ផលិត​ AirPods ជំនាន់​ថ្មី នៅ​រោងចក្រ​ភាគ​ខាង​ជើង​ប្រទេស​វៀតណាម។ ប្រភព​ចំនួន​ពីរ​ដែល​បាន​ដឹង​គម្រោង​នេះ បាន​ប្រាប់​ដូច្នេះ។

នេះ​នឹង​ជា​ការ​ផលិត​ AirPods លើក​ដំបូង​នៅ​ក្រៅ​ទឹក​ដី​ប្រទេស​ចិន ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​លើ​លោក​លំដាប់​លេខ ២។ AirPods ជា​ផលិតផល​​លក់​ដាច់​ខ្លាំង​បំផុត​មួយ ដែល​កាល​ពី​ឆ្នាំ​មុន​អាច​លក់​ចេញ​បាន​ ៣៥ លាន​គ្រឿង ធៀប​នឹង​ឆ្នាំ ២០១៧ លក់​បាន​ ២០ លាន​គ្រឿង។

​Apple បាន​សុំ​ឲ្យ​ដៃ​គូ​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​ ឲ្យ​ជួយ​ជ្រោមជ្រែង​ដល់​ការ​ខិតខំ​របស់​ Goertek ត្បិត​ថា​ជា​ការ​ផលិត​ទំហំ​តូច​មួយ​មែន។

អ្នក​វិភាគ​បាន​លើក​ឡើង​ថា​ ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​កំពុង​​រើ​ទីតាំង​ផលិត​​មក​វៀតណាម​ ឬ​បង្កើន​ចំនួន​ផលិត​នៅ​វៀតណាម ដើម្បី​​ជៀស​ពី​ការ​ជាប់​ពន្ធ (ពេល​នាំ​ទំនិញ​ទៅ​អាមេរិក) ខណៈ​ដែល​ចិន​កំពុង​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជា​មួយ​អាមេរិក។ ហើយ​វៀតណាម​​មាន​សង្វាក់​ផលិតកម្ម​ពេញ​លេញ បើ​ប្រៀប​ធៀប​ប្រទេស​អាស៊ីអាគ្នេយ៍​ដទៃ​។ យ៉ាងណាក្ដី​ គ្រប់​គ្នា​កំពុង​បារម្ភ​ថា​វៀតណាម​អាច​​ផ្ទុះ​ឡើង​ខ្លាំង ហើយ​អាច​នឹង​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ខាត​កម្លាំង​ពលកម្ម និង​ការ​កើន​ឡើង​នៃ​​​ការ​ចំណាយ​លើ​ការ​ផលិត៕

ចុចអាន៖

ប្រភព៖ Asia.Nikkei   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី