មិនដឹងសោះថា កូរ៉េខាងជើងចូលចិត្តរថយន្ត Lexus យ៉ាងនេះ
- 2019-07-18 08:03:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនដឹងសោះថា កូរ៉េខាងជើងចូលចិត្តរថយន្ត Lexus យ៉ាងនេះ
ចន្លោះមិនឃើញ
មជ្ឈមណ្ឌលសម្រាប់ការសិក្សាបច្ចេកវិទ្យាការពារជាតិ (C4ADS) ដែលជាក្រុមស្រាវជ្រាវមួយមានមូលដ្ឋាននៅក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិក បានបញ្ចេញរបាយការណ៍មួយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ បង្ហាញអំពីនីតិវិធីនាំពាសដែករបស់លោក គីម ជុងអ៊ុន និងរថយន្តប្រណីតផ្សេងទៀតចូលកូរ៉េខាងជើង ខណៈដែលអង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្មហាមមិនឱ្យមានការដឹកជញ្ជូនទំនិញប្រណីតទៅកាន់ប្រទេសកូរ៉េខាងជើងក៏ដោយ។
C4ADS និយាយថាប្រទេសកូរ៉េខាងជើងពឹងផ្អែកលើបណ្ដាញរត់ពន្ធឡានមួយ ដែលមានភ្នាក់ងារនៅតាមប្រទេសចំនួន ៩០ ឯណោះ។ បណ្ដាញដ៏ធំនេះ អាចជួយទិញផលិតផលពីប្រទេសណាមួយ រួចដឹកជញ្ជូនទៅកាន់ប្រទេសផ្សេងទៀត ដែលចុងក្រោយត្រូវឆ្លងកាត់រុស្សី និង ចិន បន្ទាប់មកទើបដឹកទៅកាន់កូរ៉េខាងជើង។
ចន្លោះឆ្នាំ ២០១៥ និង ២០១៨ មានរន្ធចំនួន ៨០០ គ្រឿង អាចធ្វើដំណើរទៅកាន់កូរ៉េខាងជើង តាមរយៈអ្នករត់ពន្ធ។ Lexus ជាម៉ាកពេញនិយមជាងគេ ដោយម៉ាកនេះមានសរុប ៥៣៧ គ្រឿង មានចាប់ពីម៉ូដែល GS 350, GX 460, LS 430, LX 470, LX 570 និង ES 250។
ម៉ាកបន្ទាប់គឺ Toyota ដែលមានរថយន្តចំនួន ៦៦ គ្រឿង (HiAce, Corolla, Rav4, Hilux, Land Cruiser, Prado, Highlander, Alphard) និង Nissan មាន ៤៣ គ្រឿង (Almera, Atlas, Patrol, Terrano, X-Trail, Pathfinder)។ មិនតែប៉ុណ្ណោះក៏មាន Mitsubishi, Mercedes និង Rolls-Royce ផងដែរ។
របាយការណ៍បានឲ្យដឹងដែរថា ការនាំចូលរថយន្តមានប្រភពដើមពីប្រទេសចំនួន ៤ នៅទ្វីបចំនួន ៣។ ភាគច្រើនរថយន្តដែលនាំចូលនេះ ចូលតាមរយៈស្ថានីយរថភ្លើង Tumangang នៃទីក្រុង Rason និងខ្លះទៀតចូលតាមច្រកសមុទ្រ។
ចំណែករថយន្តពាសដែករបស់មេដឹកនាំនៃប្រទេសកូរ៉េខាងជើង គឺដឹកចេញពីកំពង់ផែ Rotterdam ប្រទេសហូរឡង់ កាលពីខែមិថុនាឆ្នាំមុន ចុះមកក្រោមរហូតដល់មហាសមុទ្រឥណ្ឌា សមុទ្រចិនខាងត្បូង ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងចុងក្រោយបំផុតរុស្ស៊ីនៅខែតុលា ទើបចូលទៅកូរ៉េខាងជើង៕
ចុចអាន៖