ដឹងហើយ! ឡាន​ពាសដែករបស់​ គីម ជុងអ៊ុន ដឹកតាម​ផ្លូវនេះសោះ

  • 2019-07-17 08:45:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​បច្ចេកវិទ្យា​ការពារ​ជាតិ ដែលជា​ក្រុម​ស្រាវជ្រាវមួយ​មាន​មូលដ្ឋាន​នៅក្រុង​វ៉ាស៊ីងតោន សហរដ្ឋ​អាមេរិក បាន​បញ្ចេញ​របាយការណ៍​មួយ​កាលពី​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៩ ដោយ​​លាតត្រដាង​ពីផ្លូវ​ដឹក​ជញ្ជូន​ឡាន​ពាសដែក Mercedes​ ២គ្រឿង​ របស់​លោក គីម ជុងអ៊ុន ក្នុង​ខណៈ​ដែល​អង្គការ​សហ​ប្រជាជាតិ បាន​ដាក់​ទណ្ឌកម្ម​ហាម​មិនឱ្យ​មាន​ការដឹក​ជញ្ជូន​ទំនិញ​ប្រណីត​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​ក៏ដោយ។

ក្នុង​របាយការណ៍​នេះ បាន​បង្ហាញ​នូវផែនទី​ដែលជា​ផ្លូវ​ដឹកជញ្ជូន​រថយន្ត​ខាងលើ​នេះ ដោយ​ក្នុងនោះ​គឺដឹក​ចេញពី​កំពង់ផែ Rotterdam ប្រទេស​ហូរឡង់ កាលពី​ខែមិថុនា​ឆ្នាំមុន ចុះ​មកក្រោម​រហូតដល់​មហាសមុទ្រ​ឥណ្ឌា សមុទ្រ​ចិន​ខាងត្បូង ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង និង​ចុងក្រោយ​បំផុតរុស្ស៊ី​នៅខែ​តុលា ទើបចូល​ទៅ​កូរ៉េខាងជើង។

ក្រុម​ស្រាវជ្រាវ​នេះ ក៏បាន​រកឃើញ​ដែរ​ថា មាន​ប្រទេស​ដល់៩០ ដែល​ពាក់ព័ន្ធ​នឹង​បណ្តាញ​នៃ​ការធ្វើនីតិវិធី​លើ​ការដឹកជញ្ជូន​ទំនិញ​ប្រណីតៗទៅ​កូរ៉េខាងជើង ក្នុងនោះ​ក៏រួមមាន​ទាំងរថយន្ត Mercedes-Maybach S600 Guard ខាងលើ​ផងដែរ។ រថយន្ត​នេះ​មានតម្លៃ​ជាង ៥០ម៉ឺនដុល្លារ​អាមេរិក។

គួរ​រំលឹក​ថា កាលពីប៉ុន្មានខែមុន ក្រុមហ៊ុន Daimler ដែល​ជាក្រុមហ៊ុន​មេរបស់ Mercedes-Benz បាន​បដិសេធ​ថា កូរ៉េខាងជើង​មិនមែន​ជាអតិថិជន​របស់​ខ្លួននោះទេ។  

អ្នក​នាំ​ពាក្យ​របស់​ Daimler បាន​និយាយ​ថា​ ក្រុមហ៊ុន​របស់​ខ្លួន​គ្មាន​យោបល់​​ឡើយ​ ថា​រថយន្ត​ Mercedes របស់​ខ្លួន​ត្រូវ​បាន​ដឹក​ទៅ​ដល់​កូរ៉េ​ខាង​ជើង​តាម​វិធី​ណា។ អ្នក​នាំ​ពាក្យ​រូប​នេះ​សង្កត់​ធ្ងន់​ថា​ ក្រុមហ៊ុន​របស់​ខ្លួន​មាន​គោលការណ៍​គោរព​ច្បាប់​ត្រឹមត្រូវ​ ក្នុង​ការ​​​លក់​ផលិតផល​របស់​ខ្លួន៕

អត្ថបទ​ទាក់ទង៖ ក្រុមហ៊ុន​​មេ​ Mercedes កប់​យោបល់ មិន​ដឹង គីម ជុងអ៊ុន បាន​ឡាន​មក​ពី​ណា​

ប្រភព៖ Yonhapnews   ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម