កម្មវិធីល្អៗ Free Free គួរ​ទាញយកទុកប្រើ

  • 2019-07-18 09:25:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • អត្ថបទ៖ Sokcheng Seang
  • សហការជាមួយ wapatoa.com

ថ្ងៃនេះ សូម​ណែនាំឧបករណ៍ហ្វ្រ៊ីៗសំរាប់កុំព្យូទ័រ និងទូរសព័្ទរបស់អ្នក! (ព្រោះយើងដឹងថាហ្វេនរបស់វប្បធម៌សុទ្ធតែចូលចិត្តរបស់ហ្វ្រ៊ីៗនោះអី! ខិខិ!)

ទាំងនេះជាកម្មវិធី open source មួយចំនួន ដែលអ្នកអាចប្រើដើម្បីលេងអ៊ីនធឺណែត ស្វែងរកវ៉ិបសាយ ធ្វើការងារក្នុងការិយាល័យ សរសេរកូដ ហើយធ្វើការច្នៃម៉ូដបានទៀតផង!

ហេតុអ្វីបានជាយើងគួររើសកម្មវិធីប្រើប្រាស់ដោយខ្លួនឯង? ម៉េចមិនប្រើតែកម្មវិធីតែគេបញ្ចូលឲ្យទៅ? នោះក៏ដោយសារ ពេលយើងជ្រើសរើសកម្មវិធីដោយខ្លួនឯង យើងជាអ្នកសំរេចចិត្ត ហើយមានសិទ្ធិអំណាចលើឧបករណ៍ប្រើប្រាស់របស់យើង។ បើប្រើតែអ្វីដែលគេឲ្យយើងស្រាប់ នោះយើងគ្មានសិទ្ធិក្នុងការតវ៉ា ឬកែប្រែវាដើម្បីឲ្យត្រូវនឹងអ្វីដែលយើងចង់បាននោះឡើយ។

ហេតុអ្វីបានជាអ្នកគួរងាកមកប្រើកម្មវិធី open source ទៅវិញ?

ដោយសារអ្នកដែលបានបង្កើតកម្មវិធីទាំងនេះ បានដាក់វាឲ្យយើងដោនឡូតដោយហ្វ្រ៊ីស្រាប់ៗតែម្តង។ យើងមិនបាច់ធ្វើចោរ លួច crack របស់គេយកមកប្រើទៀតឡើយ!

របស់ហ្វ្រ៊ីអញ្ចឹង តើមានគុណភាពល្អដែរ?

កម្មវិធីទាំងនេះជាស្នាដៃនៃការងារសហការគ្នារវាងមនុស្សជាច្រើន។ ដើម្បីចង់ជួយឲ្យគេផ្សេងមានឧបករណ៍ និងកម្មវិធីប្រើដោយមិនបាច់បង់លុយ ពួកគាត់បានសម្រេចចិត្តបើកប្រភពកម្មវិធីទាំងនេះជាសាធារណៈ។ នោះបានន័យថា នរណាចង់ជួយ អាចចូលរួមជួយបានតាមចិត្ត និងកំលាំង។ យើងដែលជាអ្នកប្រើប្រាស់ផ្ទាល់ ក៏អាចចូលរួមជួយសរសេរកូដ ជួយបកប្រែ ឬជួយផ្សព្វផ្សាយដើម្បីឲ្យមានគេស្គាល់វាច្រើនជាងមុនជាដើម។ សហគមន៍នេះជឿថា «នរណាក៏អាចចូលរួមជួយបាន អញ្ចឹងហើយនរណាក៏អាចប្រើប្រាស់បានដែរ»។

បើមិនជឿយើងទេ សាកប្រើខ្លួនឯងទៅដឹងថាវាមានគុណភាពយ៉ាងណាហើយ! នៅក្នុងអត្ថបទនេះ យើងបានជ្រើសរើសកម្មវិធីល្អៗបំផុតមកឲ្យអ្នកសាកប្រើ! នៅចាំដល់ណាទៀត?

  • កម្មវិធី Brave

Brave គឺជាកម្មវិធីស្វែងរក (browser) សំរាប់អ្នកដែលខ្វល់ខ្វាយ មិនចង់ឲ្យគេស្គាល់ពីព័ត៌មានឯកជន និងសុវត្ថិភាពរបស់ខ្លួន។ មានកម្មវិធីស្វែងរក (browser) ជាច្រើនដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឯកជន សុទ្ធតែធ្វើការតាមដានការប្រើប្រាស់ និងរក្សាទុកឯកសាររបស់អ្នកដោយអ្នកមិនដឹងខ្លួន។ បន្ទាប់មក គេផ្តល់សិទ្ធិឲ្យក្រុមហ៊ុនផ្សេងៗផ្សព្វផ្សាយផលិតផល ឬសេវាកម្មមកអ្នក តាមដែលអ្វីដែលអ្នកស្វែងរក។ ទោះចូល Youtube, Facebook, Email សុទ្ធតែមានការផ្សព្វផ្សាយមកអន្ទោលតាមប្រាណមិនឈប់។ តើអ្នកចង់ក្លាយខ្លួនជាផលិតផលរកលុយឲ្យគេអញ្ចឹងទេ? ចុចទីនេះ ដើម្បីដោនឡូត

  • កម្មវិធី DuckDuckGo

ដូចគ្នាផងដែរ DuckDuckGo គឺជាម៉ាស៊ីនស្វែងរក (search engine) ដែលមិនតាមដានពីការប្រើប្រាស់របស់អ្នកឡើយ។ វាមិនអាចរក្សាទុកឯកសារផ្ទាល់ខ្លួនរបស់អ្នក ហើយក៏មិនបង្ហាញការផ្សាយពាណិជ្ជកម្មពេញទឹកពេញដីនៅពេលអ្នកប្រើផងដែរ! ចុចទីនេះ ដើម្បីដោនឡូត

  • កម្មវិធី GIMP

Gimp គឺជាកម្មវិធីកែតំរូវរូបភាព គូររូប និងការងារច្នៃម៉ូដជាច្រើនទៀត! វាងាយស្រួលប្រើ ដោយសារវាត្រូវបានបង្កើតឡើងសម្រាប់អ្នកច្នៃម៉ូដថ្មីថ្មោង ក៏ដូចជាពួកច្នៃម៉ូដជើងចាស់ផងដែរ។ ចុចទីនេះ ដើម្បីដោនឡូត

  • កម្មវិធី Visual Studio Code

Visual Studio Code គឺជាកម្មវិធីសរសេរកូដ (source code editor)។ ដើម្បីជួយឲ្យការងារអ្នកទៅមុខបានរលូន វាថែមទាំងមានមុខងារបំពេញកូដ និងស្វែងរកបញ្ហាស្វ័យប្រវត្តិទៀតផង! វាងាយស្រួលប្រើ ហើយត្រូវបានច្នៃដើម្បីឲ្យអ្នកដែលទើបរៀនកូដថ្មីថ្មោងប្រើបានរលូនដូចអ្នកជើងចាស់ផងដែរ! ចុចទីនេះ ដើម្បីដោនឡូត

  • កម្មវិធី Krita

Krita គឺជាកម្មវិធីគូររូបមួយ ដែលត្រូវបានបង្កើតឡើងដោយសិល្បករច្រើនគ្នា! តែមនុស្សគ្រប់រូបអាចសាក ហើយប្រើប្រាស់វាបានយ៉ាងងាយស្រួល អាចប្រើប្រាស់វាដើម្បីគូរលេង គូរមែនទែនក៏បាន! ចុចទីនេះ ដើម្បីដោនឡូត

  • កម្មវិធី WPS

WPS គឺជាកម្មវិធីការិយាល័យមួយឈុត ដែលរួមមាន កម្មវិធីសរសេរ កម្មវិធីធ្វើបទបង្ហាញ និងកម្មវិធីគិតលេខនៅជាមួយគ្នា។ យើងអាចប្រើវាជាមួយ Microsoft Office បានហើយអាចភ្ជាប់ជាមួយកម្មវិធី PDF ទៀតផង! មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចប្រើវាទាំងក្នុងកុំព្យូទ័រ និងក្នុងទូរស័ព្ទទៀត! រកណាបាន? ចុចទីនេះ ដើម្បីដោនឡូត

  • កម្មវិធី Darktable

Darktable គឺជាកម្មវិធីកាត់តរូបថតដ៏អស្ចារ្យមួយ! សាកខ្លួនឯងទៅដឹងហើយ!

ទោះអ្នកមានគោលបំណងចង់ក្លាយទៅជាអវកាសចរខ្មែរទីមួយ ឬចង់កាត់តរូបឆ្មាជិះលើឥន្ទធនូលើរូបថតមិត្តភក្តិអ្នកក៏ដោយ អ្នកគួររើសយកកម្មវិធី និងឧបករណ៍ដែលផ្តល់អំណាច និងភាពជោគជ័យដល់អ្នកជានិច្ច! ចុចអានបន្ថែម នៅទីនេះ

អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយ​ផ្តោត​លើ​ចំណេះ​ដឹង​ចិត្ត​វិទ្យា សិល្បៈ និងការ​អភិវឌ្ឍ​ខ្លួន

បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ wapatoa.com

អត្ថបទ៖ Sokcheng Seang