ឥឡូវអាចផ្ទេរប្រាក់ពីម៉ាឡេស៊ីបានហើយ ជាមួយសេវាកម្ម លី ហួរ វេរលុយ
- 2019-07-18 09:48:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥឡូវអាចផ្ទេរប្រាក់ពីម៉ាឡេស៊ីបានហើយ ជាមួយសេវាកម្ម លី ហួរ វេរលុយ
ចន្លោះមិនឃើញ
នេះជាលើកដំបូង លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) បានដាក់ដំណើរការនូវសេវាកម្មផ្ទេរប្រាក់អន្តរជាតិ ដែលប្រជាពលរដ្ឋកម្ពុជាទាំងក្នុងនិងក្រៅប្រទេសអាចប្រើប្រាស់សេវាកម្មថ្មីនេះដោយរហ័ស និង សុវត្តិភាព។
បើយោងតាមពិធីចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុន Merchantrade Asia Sdn. Bhd. ក្នុងការដាក់ឲ្យដំណើរការនូវសេវាផ្ទេរប្រាក់អន្តរជាតិពីប្រទេសម៉ាឡេស៊ីកាលពីព្រឹកមិញ លោកឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី មានប្រសាសន៍ថា «នេះជាលើកដំបូងដែលយើងផ្តល់នូវសេវាកម្មផ្ទេរប្រាក់អន្តរជាតិពីប្រទេសម៉ាឡេស៊ី ដើម្បីជាភាពងាយស្រួសឲ្យប្រជាជនកម្ពុជាដែលកំពុងរស់នៅទីនោះ ដោយអាចផ្ទេរប្រាក់មកឱ្យសាច់ញាត្តិ និង អ្នកផ្ទះនៅតាមស្រុកនានាក្នុងប្រទេសកម្ពុជាយើង ហើយយើងនិងពង្រីកការសហការជាមួយដៃគូរអន្តរជាតិផ្សេងៗទៀតដូចជា ប្រទេសថៃ វៀតណាមជាដើម»។
សេវាកម្មផ្ទេរប្រាក់អន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ចាប់ដំណើរការតាមរយៈ លី ហួរ វេរលុយ ដែលមានភ្នាក់ងារ លី ហួរ វេរលុយ ជាង ៤,៥០០កន្លែងទូទាំងប្រទេសកម្ពុជា ដោយឡែកនៅទីក្រុងភ្នំពេញមានចំនួនជាង ១០០០ភ្នាក់ងារ ។
លោក Ravindra Vamathevan នាយកប្រតិបត្តិក្រុមហ៊ុន Merchantrade Asia Sdn. Bhd. បានមានប្រសាសន៍ថា «ខ្ញុំជឿជាក់ថា តាមរយៈភាពជាដៃគូនេះនឹងផ្តល់ភាពងាយស្រួលក្នុងការផ្ទេរប្រាក់រវាង ប្រទេសទាំងពីរ និងផ្តល់នូវសុវត្ថិភាព និងរហ័ស សម្រាប់ប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសម៉ាឡេស៊ីទាំងអស់ ក្នុងការផ្ទេរប្រាក់មកកាន់ប្រទេសកម្ពុជា»។
ក្រៅពីសេវាកម្មផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ អតិថិជនអាចធ្វើប្រតិបត្តិការផ្សេងៗទៀត តាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ដូចជា៖ ទិញកាតទូរស័ព្ទ បង់ថ្លៃទឹកភ្លើង ទូទាត់វិក្កយបត្រផ្សេងៗ និងសេវាកម្មផ្សេងៗទៀត៕