ចាន់ រតនា​ ប្រាប់​​​​ពី​តិកនិក Balart មុន​ប៉ះ​គ្នា​នា​ពាក់​កណ្ដាល​ ខែ សីហា ​ខាង​មុខ

  • 2019-07-29 02:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​កំពូល​អ្នក​លេង​គុន​ចម្រុះ​ប្រចាំ​កម្ពុជា​ ចាន់ រតនា​ ​បាន​ត្រៀម​ខ្លួន​​​​​បាន​យ៉ាង​ល្អ​មុន​ជួប​​​ជើង​ខ្លាំង​សញ្ជាតិ​គុយបា​ Gustavo Balart នៅ សង្វៀន​ ONE: DREAMS OF GOLD នៅ​ក្រុង​បាងកក​​ប្រទេស​ថៃ​​នា​ថ្ងៃ​ទី​ ១៦ ខែ សីហា​ ឆ្នាំ ២០១៩ ​ខាង​មុខ។​ ​ម្ចាស់​ក្លិប «សិល្បៈ» ​​ដែល​លេច​ធ្លោ​លើ​សង្វៀន​គុន​ចម្រុះ​តាំង​ពី​ឆ្នាំ​ ២០១៤​ មក​នោះ​បាន​រៀប​រាប់​អំពី​​​ចំណុច​ល្អ​មួយ​ចំនួន​របស់​គូ​ប្រជែង​ Gustavo។​

​កីឡាករ​​វ័យ​​៣៣​ឆ្នាំ​​តំណាង​ឲ្យ​កម្ពុជា​​បាន​បង្ហើប​ក្បាច់​របស់​គូ​ប្រកួត​ថា ៖«​ខ្ញុំ​បាន​តាម​ដាន​វីដេអូ​ច្រើន​អំពី Gustavo ។ ​ខ្ញុំ​ឃើញ​គេ​វាយ​ជា​មួយ Tatsumitsu Wada ​នា​ប្រកួត​ចុង​ក្រោយ​ដូច​អត់​សូវ​ហ៊ាន​ចូល​ចាប់។​ ខ្ញុំ​មិន​ដឹង​ថា​​ពេល​​ហ្នឹង​យ៉ាង​ម៉េច​ទេ។​ ​ប៉ុន្តែ​ខ្ញុំ​មើល​ឃើញ​ក្បាច់​ចំបាប់​គេ​ល្អ​ណាស់​ និង​បទ​ពិសោធន៍​ច្រើន​ណាស់​នៅ​​សង្វៀន​ MMA»។

​Gustavo Balart ​មាន​វ័យ​ ៣២​ ឆ្នាំ​​​មាន​កម្ពស់​ត្រឹម​ ១,៤៩ ​​ម៉ែត្រ​ជា​ម្ចាស់​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​ Pan American Games នៅ​ឆ្នាំ​ ២០១១។​ ​ក្នុង​ការ​ប្រកួត​​​ពិភព​គុន​ចម្រុះ​បាន​ចំនួន​ ១០​ លើក​ Gustavo ​​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​ដោយ​ឈ្នះ​ ៨ ដង​​​និង​ ចាញ់​ត្រឹម​ ២ ដង​ប៉ុណ្ណោះ។ ​​​​លើស​ពី​នេះ​ទៅ​ទៀត​​ Gustavo មាន​កំណត់​ត្រា​​ល្អ​បំផុត​ក្នុង​ការ​ប្រកួត​លើ​សង្វៀន​គុន​ចម្រុះ​​ ព្រោះ​គេ​មិន​ដែល​ចាញ់​ទាល់​តែ​សោះ​​ពី​ឆ្នាំ​ ២០១៥ ដល់​ឆ្នាំ​ ២០១៧។​ ​អ្នក​​លេង​ចំបាប់ និង គុន​ចម្រុះ​សញ្ជាតិ​គុយបា​ ឈ្នះ​ ​៦​ប្រកួត​ជាប់​គ្នា​ក្នុង​ព្រឹត្តិការណ៍​គុន​​ចម្រុះ​ ​​​រយៈ​ពេល​ ២ ឆ្នាំ​រហូត​​​ដល់​ដើម​ឆ្នាំ​ ២០១៨ ​ទើប​ស្គាល់​រសជាតិ​​បរាជ័យ។ ​យ៉ាង​ណា​​ក្ដី​ ​​ការ​ប្រកួត​៤​លើក​ចុង​ក្រោយ​របស់ ​Gustavo ​គឺ​ ឈ្នះ​ ២ ​និង​​ ចាញ់​ ២លើក។

​ ​​​ម្ចាស់​ក្លិប​​ «សិល្បៈ» រូប​នេះ​កត់​សម្គាល់​​ឃើញ​ថា​ ៖«Gustavo ​មាន​កម្លាំង​ស៊ុហ្វ​​ល្អ​​ខ្លាំង ក្បាច់​ចូល​ចាប់​អស្ចារ្យ​។ ​ដូច្នេះ​ខ្ញុំ​មិន​ទាន់​គិត​ថា​​អាច​​មាន​ប្រៀប​ទេ​ទោះ​​ឈរ​វ៉ៃ​ ឬ ​ដេក​វ៉ៃ»។ ​ យ៉ាង​​ក៏​ដោយ​បុរស​វ័យ​ ៣៣​ឆ្នាំ​រូប​នេះ​​បាន​ត្រៀម​លក្ខណៈ​​រួច​ហើយ ​ក្រោម​ការ​បង្វឹក​ផ្នែក​កម្លាំង​​ស៊ុហ្វ​ និង​ក្បាច់​ជា​ច្រើន​ពី​សំណាក់​គ្រូ​បង្វឹក​ Lorenzo Lanzafame។ ​ រតនា​ ​សង្កត់​ធ្ងន់​បែប​នេះ ៖«​ខ្ញុំ​រង់​ចាំ​មើល​ពេលវេលា​ជាក់​ស្ដែង​ ថា​ត្រូវ​ប្រើ​ជំហរ​​ឈរ​វ៉ៃ​ឲ្យ​​ច្រើន​ឬ យ៉ាង​ណា។ ​ប៉ុន្តែ​គេ​​ពិបាក​ជា​មួយ​យើង​ដែរ​ដោយ​សារ​ ​គេ​ខ្លី​ជាង​យើង។ ដូច្នេះ​ខ្ញុំ​អាច​ប្រើ​ដៃ​វ៉ៃ​ចេញ​​ច្រើន»។ រតនា​ ​បាន​ធ្វើ​កម្ពុជា​ខ្ពស់​មុខ​មាត់​​​នៅ​សង្វៀន​ ONE តាម​រយៈ​ការ​ឈ្នះ​​កីឡាករ​ឥណ្ឌូណេស៊ី​​ Rudy Agustian , Abrou Fernandes និង ​កីឡាករ​ហ្វីលីពីន​ Ramon Gonzales ។ ពីរ​ប្រកួត​ចុង​ក្រោយ​ឈ្នះ​​ទាំង​អស់​នៅ​សង្វៀន​ ONE សម្រាប់​ ចាន់ រតនា។

​​ ​​​ ​គួរ​ដឹង​ថា​ Gustavo Balart ​ជា​ម្ចាស់​មេដាយ​មាស​ Pan American Games ​2011​ ​ដែល​​រៀប​ចំ​នៅ​ប្រទេស​​ម៉ិកស៊ីកូ​ បន្ទាប់​ពី​រូប​គេ​យក​ឈ្នះ​កីឡាករ​​វេណេស៊ុយអេឡា​ Jorge Cardozo​។ គេ​ជា​កីឡាករ​ជម្រើស​​គុយបា​​ដោយ​បាន​ចូល​រួម​​​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​ ២០១២ នៅ​ក្រុង​ ឡុង​ដ៏​ប្រទេស​អង់គ្លេស។ ​កាល​ Balart ឈ្នះ ​កីឡាករ​ទួកគី​​នៅ​វគ្គ​ ១៦ នាក់​​ ប៉ុន្តែ ចាញ់​កីឡាករ​កូរ៉េខាងត្បូង​ វគ្គ​ ៨​នាក់​ចុង​ក្រោយ៕

​អត្ថបទ៖ ស៊ីធី ​

អត្ថបទថ្មី