ធនាគារជាតិ ពន្យល់ពីទុនបម្រុងអន្តរជាតិ

  • 2019-07-30 03:39:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីពិនិត្យឃើញការយល់ច្រឡំមួយចំនួន ពាក់ព័ន្ធនឹងទុនបម្រុងអន្តរជាតិ ដែលជាសូចនាករមួយដ៏សំខាន់ បង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ច លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានពន្យល់បន្ថែមពីទុនបម្រុងអន្តរជាតិមួយចំនួន ដើម្បីបញ្ជៀសពីការយល់ច្រឡំនានា ដល់សាធារណជន។

លោកស្រី ជា សិរី បានឲ្យដឹងថា យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទុនបម្រុងអន្តរជាតិនៃ ប្រទេសមួយសំដៅលើទ្រព្យសម្បត្តិ ដែលទទួលស្គាល់ជាអន្តរជាតិ ដែលប្រទេសមួយមាន និងត្រូវបានគ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុ សម្រាប់ប្រើក្នុងករណីចាំបាច់ដូចជា៖ ការផ្តល់ហិរញ្ញប្បទានដល់ជញ្ជីងទូទាត់ ប្រសិនបើមានតម្រូវការ, ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដើម្បីគ្រប់គ្រងការប្រែប្រួលអត្រាប្តូរប្រាក់ និងការរក្សាជំនឿទុកចិត្តលើរូបិយវត្ថុ និងសេដ្ឋកិច្ចជាតិ។

លោកស្រីបន្ថែមថា ទុនបម្រុងអន្តរជាតិអាចមានទម្រង់ជាមាស និងរូបិយប័ណ្ណនានាដែល IMF ទទួលស្គាល់ជាអន្តរជាតិដូចជា៖ ប្រាក់ដុល្លារអាមេរិក ប្រាក់អឺរ៉ូ ផោនអង់គ្លេស យេនជប៉ុន និងយ៉ន់ចិន។ IMF តែងតែផ្តល់អនុសាសន៍ ឱ្យប្រទេសសមាជិករក្សាកម្រិតទុនបម្រុងអន្តរជាតិ ឱ្យបានគ្រប់គ្រាន់ ដើម្បីកំណត់កម្រិតគ្រប់គ្រាន់នេះ IMF តែងតែប្រៀបធៀបទំហំទុនបម្រុងអន្តរជាតិ ទៅនឹងចំនួនខែនៃការនាំចូលទំនិញ និងសេវានៅគ្រាខាងមុខ។

មន្រ្ដីជាន់ខ្ពស់រូបនេះបញ្ជាក់ថា ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា កម្រិតគ្រប់គ្រាន់អប្បបរមានៃ ទុនបម្រុងអន្តរជាតិដែលគួរមាន៣ខែនៃការនាំចូលទំនិញ និងសេវានៅគ្រាខាងមុខ។ មូលហេតុដែល IMF និយមធ្វើការប្រៀបធៀបទុនបម្រុងអន្តរជាតិ ទៅនឹងការនាំចូលដោយសារតែការនាំចូល ជាតម្រូវការលើទំនិញ និងសេវាបរទេសដែលប្រទេសមួយចាំបាច់ត្រូវការ ដើម្បីផ្គត់ផ្គង់ដល់សេដ្ឋកិច្ចឱ្យបានគ្រប់គ្រាន់ បន្ថែមលើការផលិតក្នុងស្រុក។

លោកស្រី ជា សិរី បានបញ្ជាក់ថា ដូច្នេះកម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិ ធៀបនឹងការនាំចូល បង្ហាញពីលទ្ធភាពខ្ពស់ដែលប្រទេសមួយអាចនាំចូលបាន និងធានាបាននូវដំណើរការល្អនៃសេដ្ឋកិច្ច។

ចំពោះកម្ពុជាទុនបម្រុងអន្តរជាតិ បានកើនឡើងជាលំដាប់ និងរក្សាបានក្នុងកម្រិត៥ ខែនៃការនាំចូលទំនិញ និងសេវាសម្រាប់តម្រូវការទំនិញនាំចូលនាពេលខាងមុខ ពោលគឺខ្ពស់ជាង ៣ខែ ដែលជាកម្រិតអប្បបរមា ដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន៕

ប្រភព៖ Khmer Daily   ប្រែ​សម្រួល៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី