តារា​ម៉ូដែល គឹម ករុណា ល្បី​ថា ពូ ព្រាប សុវត្ថិ ដាក់​បម្រាម

  • 2019-07-31 04:33:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល​រាង​ខ្ពស់​ស្រឡះ គីម ករុណា បាន​ស្ងប់ស្ងាត់​ពី​ការងារ​សិល្បៈ​ស្ទើរ​ទាំង​ស្រុង ចាប់​តាំង​ពី​រៀបការ​មាន​ស្វាមី និង​កូន​ស្រី​រួច​មក។ ភាព​ស្ងប់ស្ងាត់​នោះ តាម​ដំណឹង គឺ​ពូ​ក្មេក​របស់​នាង គឺ ព្រាប សុវត្ថិ បាន​ដាក់​បម្រាម។

តាម​ព័ត៌មាន​គឺ​ថា លោក ព្រាប សុវត្ថិ មិន​ចង់​ឲ្យ​ក្មួយ​ប្រសា​លំបាក​​ច្រើន​ដែល​ត្រូវ​ចេញ​ទៅ​ធ្វើ​ការ​ជា​តារា​ម៉ូដែល ឬ​ការងារ​សិល្បៈ​ផ្សេង​នោះ​ទេ ព្រោះ​តែ​ចង់​ឲ្យ​នាង​មាន​ពេល​ច្រើន​សម្រាប់​ក្រុម​គ្រួសារ។ ដូច្នេះ​ហើយ លឺ​ដំណឹង​ថា កំពូល​តារា​ចម្រៀង​រូប​នេះ បាន​ហាម​មិន​ឲ្យ ករុណា ចេញ​ធ្វើ​ការងារ​ក្រៅ​ផ្ទះ​នោះ​ទេ។ នេះ​បើ​តាម​ប្រភព​ម្នាក់​បាន​បង្ហើប។

យ៉ាង​ណា គេ​មិន​ដឹង​ថា លោក ព្រាប សុវត្ថិ ដែល​ជា​បុគ្គល​សំខាន់ និង​មាន​ឥទ្ធិពល​ក្នុង​វង្សត្រកូល ផ្គត់ផ្គង់​ក្រុម​គ្រួសារ​តារា​ម៉ូដែល​កម្រិត​ណា ឬ​ក៏​អត់​នោះ​ទេ។ ប៉ុន្តែ​គេ(ប្រភព)​ជឿ​ថា អាច​នឹង​មាន​ចំណែក​ជួយ​ខ្លះ​ៗ​សម្រាប់​ក្រុម​គ្រួសារ​ក្មួយ​របស់​លោក ដោយ​សារ​តែ​នោះ មិន​ជា​បញ្ហា​សម្រាប់​លោក​ឡើយ ព្រោះ​លោក​ក៏​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា ​ជា​តារា​ដ៏​ស្ដុកស្ដម្ភ​ម្នាក់​ដែរ ក្នុង​នាម​ជា​កំពូល​តារា​ប្រចាំ​ប្រទេស​អស់​កាល​ជាង ២០​ឆ្នាំ​មក​ហើយ។

លោក ព្រាប សុវត្ថិ ថ្ងៃ​ចេញ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក

ជុំ​វិញ​បញ្ហា​នេះ សាមី​ខ្លួន​តារា​ស្រី បាន​ទទួល​ស្គាល់​ថា​ជា​ការ​ពិត។ នៅ​ក្នុង​ជំនួប​ថ្ងៃ​មង្គល​ការ​មិត្ត​សិល្បៈ​កាល​ពី​ខែ​មុន ករុណា បាន​ប្រាប់​ថា ពូ​ក្មេក​របស់​នាង គឺ​លោក ព្រាប សុវត្ថិ មិន​យល់​ស្រប​ឲ្យ​នាង​ចេញ​ធ្វើ​ការងារ​សិល្បៈ​ដូច​ជា​ពេល​កន្លង​នោះ​មែន ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​នាង​រយាល​ពី​ការងារ​សិល្បៈ​ច្រើន។ នាង​ថា លោក ព្រាប សុវត្ថិ ចង់​ឲ្យ​នាង​មាន​ពេល​សម្រាប់​គ្រួសារ​ឲ្យ​បាន​ច្រើន។ យ៉ាង​ណា នាង​មិន​បាន​ឲ្យ​ដឹង​ថា ពូ​ក្មេក គាំទ្រ​គ្រួសារ​នាង​ក្នុង​រូបភាព​ណា​ខ្លះ​ឬ​អត់​​នោះ​ទេ។

ងាក​មក​លោក ឆន ដុល្លារ ជា​ស្វាមី គីម ករុណា និង​ជា​តន្ត្រី​ករ​ជំនាញ​ខាង​ស្គរ​ក្នុង​ក្រុម​តន្ត្រី​លោក​ ព្រាប សុវត្ថិ វិញ បាន​ឲ្យ​ដឹង​ដែរ​ថា ពូ​របស់​ខ្លួន ធ្លាប់​និយាយ​ពី​បញ្ហា​នេះ​ជាមួយ​លោក​ដែរ ព្រោះ​មិន​ចង់​ឲ្យ​ក្មួយ​លំបាក។ យ៉ាង​ណា មិន​ដល់​ថ្នាក់​បិទ​ផ្លូវ​តែ​ម្ដង​នោះ​ទេ ប៉ុន្តែ​លោក​ថា ការ​ថមថយ​ការងារ​សិល្បៈ​របស់​ភរិយា​របស់​លោក គឺ​មក​ពី​ទីផ្សារ​ច្រើន​ជាង។ "អត់​មាន​ឲ្យ​គាត់​ឈប់​អី​ទេ ប៉ុន្តែ​ការងារ​វា​អស់​ខ្លួន​ឯង​ហ្មង​បង បង​ឯង​ដឹង​ស្រាប់​ហើយ ឥឡូវ​យើង​មាន​ប្ដី មាន​កូន​អីចឹង​ការងារ នរណា​គេ​ហៅ​យើង​បង! គឺ​វា​អស់​ទៅ​តាម​ហ្នឹង​ចឹង​ហ្មង...!”។

លោក ឆន ដុល្លារ ស្វាមីតារាម៉ូដែល គីម ករុណា

ស្វាមី​រូប​នេះ បន្ត​ថា លោក​មិន​បាន​ហាម​ឃាត់​សម្រាប់​ការងារ​របស់​ភរិយា​នោះ​ទេ។ វិល​រឿង​ការ​ជួយ​ជ្រោមជ្រែង​ពី​ពូ ព្រាប សុវត្ថិ វិញ លោក ឆន ដុល្លារ ប្រាប់​ថា មិន​ជា​បញ្ហា​ចោទ​ទេ នៅ​ពេល​មាន​កិច្ចការ​ចាំ​បាច់​ណា​មួយ គឺ​ពូ​រូប​នេះ អាច​ជួយ​បាន។

លោក ព្រាប សុវត្ថិ មិន​អាច​សុំ​ទំនាក់ទំនង​បាន​ទេ អំពី​បញ្ហា​នេះ ដោយ​សារ​បច្ចុប្បន្ន​លោក កំពុង​ជាប់​បេសកកម្ម​ការងារ​នៅ​ប្រទេស​អូស្ត្រាលី។ លោក ដុល្លារ ដែល​ជា​សមាជិក​ក្រុម​តន្ត្រី​លោក ព្រាប សុវត្ថិ ក៏​បាន និង​កំពុង​នៅ​ទី​នោះ​ដែរ ដែល​ពួក​គេ​បាន​ទៅ​ធ្វើ​បេសកកម្ម​នៅ​ទី​នោះ កាល​ពី​ដើម​ខែ​មុន គឺ​ក្រោយ​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់​វិល​ពី​សហរដ្ឋ​អាមេរិក៕

ករុណា និង​កូន​ស្រី៏(រូបថត៖ ហ្វេសប៊ុក ករុណា)

អត្ថបទ៖ ទារិកា