មុខស្អាត រាងហំ! Lamborghini Huracán EVO ស៊េរីថ្មីចេញលក់នៅខ្មែរហើយ
- 2019-08-03 11:08:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខស្អាត រាងហំ! Lamborghini Huracán EVO ស៊េរីថ្មីចេញលក់នៅខ្មែរហើយ
ចន្លោះមិនឃើញ
រថយន្ត Lamborghini Huracán EVO ដែលជារថយន្តដ៏ទំនើប និងមានភាពល្បីល្បាញជុំវិញពិភពលោក ត្រូវបានដាក់សម្ពោធចេញលក់ជាស្ថារពរនៅប្រទេសកម្ពុជាហើយ។ កម្មវិធីត្រូវបានរៀបចំដោយក្រុមហ៊ុន Automobili Lamborghini រួមគ្នាជាមួយក្រុមហ៊ុន HGB Group ដែលជាក្រុមហ៊ុនផ្ដាច់មុខការនាំចូលនិងចែកចាយរថយន្ត Lamborghini ប្រចាំប្រទេសកម្ពុជា។ `
រថយន្តនេះមានម៉ាស៊ីន V10 ចំណុះ 5.2 L ដូច Huracán ជំនាន់មុន ដោយក្រុមហ៊ុន Lamborghini បានធ្វើកំណែទម្រង់ទៅលើម៉ាស៊ីននេះដើម្បីបង្កើនកម្លាំងពី ៦១០ សេះ ដល់ ៦៤០ សេះ រួមទាំងមានកម្លាំងបង្វិល ៦០០ Nm នៅ ៦៥០០ RPM។ រថយន្តនេះមានទម្ងន់ត្រឹម ១៤២២ គីឡូក្រាម ដែលមានសមាមាត្រទម្ងន់នឹងកម្លាំង ២.២២ kg/hp នាំឲ្យរថយន្តអាចបង្កើនល្បឿនពី ០ទៅ ១០០ km/h ក្នុងរយៈពេលត្រឹមតែ ២.៩ វិនាទី និង ០ ទៅ ២០០km/h ក្នុងរយៈពេលត្រឹមតែ ៩ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនលឿនបំផុតរហូតដល់ ៣២៥ km/h។
Lamborghini Huracán EVO មានបច្ចេកវិទ្យា Rear-wheel steering និងប្រព័ន្ធវិចទ័រកម្លាំងបង្វិលនៅលើកង់ទាំងបួន (Four wheel torque vectoring)។ សកម្មភាពទាំងអស់របស់រថយន្តនេះ គឺគ្រប់គ្រងដោយប្រព័ន្ធកុំព្យូទ័រ Lamborghini Dinamica Veicolo Integrata (LDVI)។ ប្រព័ន្ធនេះឃ្លាំមើលប្រព័ន្ធ All wheel drive ប្រព័ន្ធបូម និង ចង្កូត ដើម្បីធ្វើការសម្រួលរថយន្ត ស្របតាមការប្រែប្រួលនាពេលខាងមុខ និងតម្រូវការរបស់អ្នកបើក។
រថយន្តនេះក៏មានប្រព័ន្ធ Lamborghini Piattaforma Inerziale (LPI) Versoin 2.0 ដែលជាបណ្ដុំឧបករណ៍រង្វាស់សំទុះ (Accelerometer) និង ឧបករណ៍រង្វាស់ទិសដៅ (Gyroscope) ដាក់នៅចំណុចកណ្ដាលនៃទម្ងន់របស់រថយន្ត (Center of Gravity)។ វាតាមដានសកម្មភាព រយៈទទឹង រយៈបណ្ដោយ និងសំទុះឡើងចុះរបស់រថយន្ត ដើម្បីធ្វើការបន្ថយ ឬបង្កើនភាពរឹងនៃបូម Magnetorheological suspension version 2.0។
ក្រៅពីការធ្វើកំណែទម្រង់ខាងលើនេះ រូបរាងរបស់រថយន្តនេះមានការប្រែប្រួលរូបរាងជាច្រើនដូចជា កាងខាងមុខថ្មីដែលធ្វើឲ្យHuracán EVO មានរាងទាប និងបំពុងបញ្ចេញផ្សែងថ្មី។ Lamborghini Huracán EVO នឹងមានជម្រើសពណ៌ជាច្រើន និងមាន Option ពណ៌ពីរក្នុងឡានមួយ (bi-color)៕