ឲ្យតម្លៃលើអ្នកជំនាន់មុន P-Sand ធ្វើបទមួយជូនជាពិសេសទៅលោក ចៅ ចាន់ណារី
- 2019-08-06 07:55:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឲ្យតម្លៃលើអ្នកជំនាន់មុន P-Sand ធ្វើបទមួយជូនជាពិសេសទៅលោក ចៅ ចាន់ណារី
ចន្លោះមិនឃើញ
ជាការឲ្យតម្លៃទៅលើគំរូនៃការតស៊ូរបស់អ្នកជំនាន់មុន មានតម្រុយថា តារាចម្រៀង P-Sand បាន និងកំពុងសម្ងំផលិតបទចម្រៀងមួយ ជូនជាពិសេសទៅលោក ចៅ ចាន់ណារី តារាសម្ដែងទសវត្សរ៍ ៨០ សិល្បករដែលធ្លាប់ហែលឆ្លងព្យុះជីវិតដ៏កម្សត់ស្ទើរតែងើបវិញលែងបាន។
តម្រុយនេះ បានលេចចេញថ្មីៗនេះ នៅលើបណ្ដាញសង្គម Facebook P-Sand X Brothersដែលជា Facebook ផ្លូវការរបស់ក្រុមលោកP-Sand។ គណនីនេះ បានបង្ហោះរូបភាពមួយសន្លឹករវាងលោក និងតារាជើងចាស់ដែលបានបាត់មុខជាង ២០ឆ្នាំ ព្រោះតែបានកប់ជីវិតតោកយ៉ាកខ្លាំងពេក ស្ទើរតែគ្មានកម្លាំងចិត្តក្នុងការតស៊ូ នោះគឺ តារាសម្ដែងដ៏ល្បីនាចុងទសវត្សរ៍ឆ្នាំ១៩៨០និង១៩៩០ លោក ចៅ ចាន់ណារី។
ទិដ្ឋភាពនោះ គឺជារឿងកម្រ ដែលភ្លាមៗ អ្នកគាំទ្ររបស់តារា Original Song បានដាក់ការសង្ស័យថា លោកពិតជាមានអ្វីពិសេសជាមួយសិល្បករជើងចាស់មិនខាន។ ជុំវិញបញ្ហានេះ ក្រុមការងារម្នាក់របស់ក្រុមលោក P-Sand បានបញ្ជាក់ថា ជាការពិត ពោលគឺ P-Sand បាន និងកំពុងសម្ងំបទចម្រៀងមួយបទសម្រាប់រៀមច្បងសិល្បករ។ ប្រភពបន្តថា បទនេះ គ្រោងនឹងធ្វើជា Mvថ្មីមួយ ដែលក្រុមការងារបានរៀបចំគ្រោងរឿងរយៈពេលជាង៣ខែមកហើយ។
ប្រភពមិនបញ្ចេញឈ្មោះបន្ថែមថា សាច់រឿងក្នុងបទចម្រៀងនោះ គឺក្រុមការងារ ក៏ដូចជាលោក P-Sand បានខិតខំសរសេរតម្រូវតួអង្គលោក ចៅ ចាន់ណារី ក្នុងគោលបំណងបង្កើតនូវរសជាតិថ្មីមួយទៀតសម្រាប់អ្នកគាំទ្រ និងចូលរួមចំណែកក្នុងការលើកទឹកចិត្តលោក ចៅ ចាន់ណារី អោយវិលមកកាន់អាជីពជាតារាសម្ដែងសារជាថ្មី ។
"សង្ឃឹមថាការច្របាច់បញ្ចូលគ្នារវាងអារម្មណ៍បទចម្រៀងថ្មី និងការសម្ដែងរវាងតារាជើងចាស់ និងតារាជំនាន់ថ្មី នឹងអាចបង្កើតជាស្នាដៃថ្មីមួយសម្រាប់អ្នកគាំទ្រ ហើយនឹងទទួលការពេញចិត្តពីសំណាក់មហាជន"។ ប្រភពថ្លែង។
រយៈពេល៣ខែខាងលើនេះ គឺមិនរាប់បញ្ចូលពេលវេលាដែលលោក P-Sandចំណាយក្នុងការនិពន្ធបទចម្រៀងដើម្បីដាក់ចូលជាមួយសាច់រឿងនោះទេ។ ដោយឡែកក្រុមការងាររបស់តារាចម្រៀង ក៏មិនទាន់បញ្ជាក់អោយច្បាស់លាស់ថាសាច់រឿងនេះ ជាសាច់រឿងប្រភេទអ្វី តម្រូវតាមអារម្មណ៍នៃបទចម្រៀងបែបណានៅឡើយដែរ។
លោក ចៅ ចាន់ណារី ជាតារាសម្ដែងដែលបានបន្សល់នូវស្នាដៃជាច្រើន នាកំឡុងទសវត្សរ៍ទី ៨០-៩០ ជំនាន់រួមគ្នាជាមួយតារាជើងចាស់ជាច្រើនមានដូចជា លោក សម វិទ្យា លោកសម តារា លោកកេត សូបូរិទ្ធ លោកយស បូវណ្ណៈ លោកខៃ ប្រសិទ្ធ លោកខៃ ប្រសើរជាដើម។ លោក ណារី បានបាត់មុខឈឹងជាង ២០ឆ្នាំ ទើបតែលេចមុខវិញ ក្រោយលោក ជួង ជី ហៅនាយ កុយ បានប្រទះលោកដោយចៃដន្យនៅកំពង់ចម្លងមួយនៅខេត្តក្រចេះ។
ការពើបប្រទះនោះ ទើបដឹងថាលោក ចៅ ចាន់ណារី មានជីវិតលំបាកតោកយ៉ាកណាស់។ ដូច្នេះហើយ ទើបសមាគមសិល្បៈ រួមជាមួយសប្បុរសជនជាច្រើនទៀត បានរួមគ្នាស្រោចស្រង់ក្ដីសង្ឃឹមរបស់អតីតតារាសម្ដែងវិញ តាមលទ្ធភាពរៀងៗខ្លួន៕