Lampard ថា​ការ​លក់​ David Luiz គឺ​ជា​ការ​សម្រេច​ចិត្ត​ដែល​ត្រូវ​តែ​ធ្វើ​នៅ​ក្នុង​ពិភព​បាល់ទាត់

  • 2019-08-10 11:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​សម្រេច​ចិត្ត​លក់ David Luiz នៅ​ថ្ងៃ​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​គឺ​ជា​រឿង​ភ្ញាក់ផ្អើល​មួយ នាំ​ឲ្យ​មាន​ការ​សង្ស័យ​ថា​នេះ​អាចមក​ពី​ទំនាក់ទំនង​រវាង​គ្រូ​បង្វឹក​និង​កីឡាករ​ប្រេស៊ីល​ធ្លាក់​ចុះ ប៉ុន្តែ Frank Lampard បដិសេធ។

គ្រូ​បង្វឹក Chelsea បាន​និយាយ​ថា​ការ​ផ្ទេរ​របស់ Luiz ទៅ Arsenal គឺ​ជា​ការ​សម្រេច​ចិត្ត​ដែល​ត្រូវ​តែ​ធ្វើ​នៅ​ក្នុង​ពិភព​បាល់ទាត់។

“... ខ្ញុំ​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត។ ហើយ​ត្រូវ​តែ​ព្យាយាម​បង្កើត​ក្រុម​មួយ​ដែល​មាន​លក្ខណៈ​ដូច​ដែល​ខ្ញុំ​ចង់​បាន។ តែ​នេះ​មិន​មែន​មាន​ន័យ​ថា David មិន​ស្ថិត​ក្នុង​ការ​ចង់​បាន​របស់​ខ្ញុំ​ទេ...”។ Lampard បាន​និយាយ។

“តាម​ពិត​ទៅ យើង​ជាប់​បម្រាម ដូច្នេះ​ខ្ញុំ​មិន​អាច​ទិញ​កីឡាករ​ចូល​បាន​ទេ។ អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ គឺ​ធ្វើការ​ជាមួយ​កីឡាករ​ដែល​យើង​មាន។ យើង​មាន​ខ្សែ​ការពារ​៤​នាក់ ៣​នាក់​​គឺ​ជា​ខ្សែ​ការពារ​អន្តរជាតិ ម្នាក់​ទៀត​ អាយុ​ក្រោម​២១​ឆ្នាំ ដែល​ខ្ញុំ​ធ្វើ​ការ​ជាមួយ​កាល​ពី​ឆ្នាំ​ទៅ"។

​Lampard បន្ត​ថា​នៅ​ពេល​ដែល​លោក​នៅ​ជា​កីឡាករ លោក​ក៏​ធ្លាប់​ស្អប់​បំផុត​នៅ​ពេល​​ត្រូវ​គេ​ប្តូរ​ក្នុង​ម៉ោង​ប្រកួត ហើយ​​ក្នុង​នាម​ជា​កីឡាករ​គឺ​​ត្រូវ​តែ​អាត្មានិយម។ ប៉ុន្តែ​ក្នុង​នាម​ជា​គ្រូ​បង្វឹក លោក​ត្រូវ​គិត​​ដល់​កីឡាករ​២៥​នាក់​ទៀត​ក្នុង​ក្រុម និង បុគ្គលិក​ផ្សេង​ទៀត​របស់​ក្លឹប។

នៅ​ពេល Lampard ចូល​កាន់​តំណែង​ដំបូង លោក​ធ្លាប់​និយាយ​ថា លោក​គោរព​អតីត​គ្រូ​​បង្វឹក​ទាំង​អស់របស់ Chelsea តែ​នឹង​​មិន​ធ្វើ​ដូច Maurizio Sarri ឡើយក្នុង​ការ​​បង្គរ​កីឡាករ​ចំណែក​លើស​ចោល ជាក់ស្តែង Danny Drinkwater និង Gary Cahill គ្មាន​ឱកាស​បង្ហាញ​ខ្លួន​ទាល់តែសោះ។

ចំពោះ Lampard ប្រសិន​បើ​គ្មាន​កន្លែង​ឲ្យ​ពួកគេ​ឈរ​ជើង គួរ​តែ​លក់​ចេញ ឬ ដាក់​ឲ្យក្លឹប​ផ្សេង​ខ្ចី​ប្រើ ធ្វើ​យ៉ាង​នេះ​នឹង​អាច​ឲ្យ​ពួកគេ​មាន​ឱកាស​ប្រកប​អាជីព​នៅ​ក្លឹប​ផ្សេង​ដែល​ត្រូវការ​ពួកគេ៕

អាន៖ Lampard ៖ ខ្ញុំ​គោរព​អតីត​គ្រូ​ទាំង​អស់​របស់ Chelsea តែ​ខ្ញុំ​មាន​របៀប​ដឹកនាំ​ផ្ទាល់​ខ្លួន​ខ្ញុំ

ប្រភព៖ Goal   ប្រែ​សម្រួល៖ សុខ លាងហ៊ត