តួលេខគួរចាប់អារម្មណ៍មួយចំនួនអំពី YouTube

  • 2019-08-12 07:56:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YouTube ជា​បណ្ដាញ​វីដេអូ​ដ៏​ធំ​ជាង​គេ​មួយ​លើ​ភព​ផែនដី ហើយ​វា​ជា​វិបសាយ​ដែល​មាន​អ្នក​ចូល​មើល​ច្រើន​ជាង​គេ​លំដាប់​លេខ ២ បន្ទាប់​ពី​វិបសាយ Google។​ ត​ទៅ​នេះ​នឹង​បង្ហាញ​អំពី​តួ​លេខ​គួរ​ចាប់​អារម្មណ៍​មួយ​ចំនួន​អំពី YouTube ៖

១. អ្នកប្រើប្រាស់ប្រចាំខែ ២ ពាន់លាននាក់

YouTube សាង​បាន​សមិទ្ធផល​ថ្មី​នៅ​ឆ្នាំ​នេះ ដោយ​អាច​ប្រមូល​អ្នក​ប្រើ​ប្រាស់​ជា​ប្រចាំ​ខែ​ដល់​ខ្ទង់ ២ ពាន់​លាន​នាក់ ដែល​នេះ​ស្មើ​នឹង​ប្រមាណ ២៥% នៃ​ចំនួន​ប្រជាជន​សរុប។ ផ្អែក​តាម​របាយការណ៍​មួយ​ចំនួន បាន​ឲ្យ​ដឹង​ថា​អ្នក​ប្រើ​ ៦២% គឺ​ជា​ប្រុស និង​ ៣៨% ជា​មនុស្ស​ស្រី។

២. រៀង​រាល់​នាទី​មាន​វីដេអូ​​រយៈពេល​ ៥០០ ម៉ោង​ត្រូវ​បាន​បង្ហោះ

ប៉ុន្មាន​ខែ​មុន Google បាន​បង្ហាញ​ថា​​រៀង​រាល់​មួយ​នាទី មាន​វីដេអូ​ដែល​មាន​រយៈពេល​សរុប​ជាង​៥០០ ម៉ោង ត្រូវ​បាន​បង្ហោះ​ចូល YouTube។ មាន​ន័យ​ថា​​ក្នុង​មួយ​ម៉ោង មាន​វីដេអូ​រយៈពេល​សរុប ៣ ម៉ឺន​ម៉ោង​ត្រូវ​បាន​បង្ហោះ និង​មួយ​ថ្ងៃ​មាន​ ៧២០ ០០០ ម៉ោង។ តាម​តួ​លេខ​នេះ​ ដើម្បី​មើល​វីដេអូ​ដែល​បង្ហោះ​លើ YouTube ក្នុង​មួយ​ថ្ងៃ​ឲ្យ​អស់ ត្រូវ​ប្រើ​ពេល​ប្រមាណ ៨២ ឆ្នាំ​ឯណោះ។

៣. លក់បាន​តម្លៃ ១,៦៥ ពាន់លានដុល្លារ

YouTube បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០០៥ ដោយ​អតីត​បុគ្គលិក​ PayPal ចំនួន​បី​នាក់។ Domain នៃ​វិបសាយ​បាន​ដំណើរ​ការ​នៅ​ថ្ងៃ​ទី ១៤ កុម្ភៈ ឆ្នាំ ២០០៥ ប៉ុន្តែ​រហូត​ដល់​ថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ​ដដែល ទើប​មាន​​ការ​បង្ហោះ​វីដេអូ​ដំបូង។ បណ្ដាញ​មួយ​នេះ​ទទួល​បាន​ជោគជ័យ​លឿន​បំផុត ដោយ​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ ២០១៦ ត្រូវ Google ទិញ​យក​ក្នុង​តម្លៃ ១,៦៥ ពាន់​លាន​ដុល្លារ។

៤. ទំហំ​ទីផ្សារ​តម្លៃ ១៤០ ពាន់​លាន​ដុល្លារ

១,៦៥ ពាន់​លាន​ដុល្លារ ដែល​ Google បាន​ចំណាយ​គឺ​​​ជា​ការ​បណ្ដាក់​ទុន​ដ៏​វៃ​ឆ្លាត​បំផុត។ ផ្អែក​តាម​របាយការណ៍​​ខ្លះ YouTube អាច​រក​ចំណូល​បានជាង ២០ ពាន់​លាន​ដុល្លារ​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​វា​មាន​តម្លៃ​ជាង ១៤០ ពាន់លានដុល្លារ​ឯណោះ។ ជា​មួយ​តម្លៃ​នេះ វា​អាច​ស្ថិត​នៅ​តំណែង​​​ប្រហាក់​ប្រហែល Netflix ដែល​មាន​​អ្នក​ប្រើ​ប្រាស់​បង់​លុយ​ជាង ១៥០ លាន​នាក់។

៥. វីដេអូ​​​ល្បី​ជាង​គេ​មាន​អ្នក​ទស្សនា​ ៦,៣ ពាន់​លាន​ដង

វីដេអូ​ល្បី​ជាង​គេ​លើ YouTube នា​ពេល​នេះ​គឺ​បទ​ចម្រៀង "Despacito” របស់​តារា​ចម្រៀង Luis Fonsi និង Daddy Yankee។ ពេល​នេះ​វា​មាន​ចំនួន​ទស្សនា​​ខ្ទង់ ៦,៣ ពាន់លានដង។

៦. ជា​ប្រចាំ​ថ្ងៃ​មាន​វីដេអូ​​ចំនួន​ទស្សនា ៥ ពាន់​លាន​វីដេអូ​ ត្រូវ​បាន​គេ​ទស្សនា​

​​​​​​​​តាម​របាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹង​ថា​ ជា​រៀង​រាល់​ថ្ងៃ​អ្នក​ប្រើ​ប្រាស់​សរុប​បាន​ទស្សនា​វីដេអូ​ចំនួន​ ៥ ពាន់​លាន​វីដេអូ​ផ្សេងៗ​គ្នា​ មាន​ន័យ​ថា​មួយ​ខែ​មាន​វីដេអូ ១៥០ ពាន់​លាន​ត្រូវ​បាន​គេ​ទស្សនា។

៧. តារា YouTube រក​ចំណូល​បាន​ច្រើន​ជាង​គេ​គឺ​​ក្មេង​អាយុ ៧ ឆ្នាំ

តាម​តួ​លេខ​របស់ Forbes តារា YouTube ឈ្មោះ Ryan Kaji អាច​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ ២០១៨ ជា​មួយ​ចំណូល ២២ លាន​ដុល្លារ។ គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ Ryan ទើប​មាន​អាយុ​​៧ ឆ្នាំ ហើយ​គណនី​ឈ្មោះ Ryan ToysReview របស់​គេ​ មាន​ Subscriber ចំនួន ២១ លាន​នាក់ និង​ប្រមូល​បាន​ចំនួន​ទស្សនា​សរុប​ជាង ៣១ ពាន់​លាន​ដង។

៨. គណនី​ធំ​ជាង​គេ​មាន Subscriber ចំនួន ១០៧ លាន​នាក់

PewDiePie ធ្លាប់​ជា​គណនី​ធំ​​ជាង​គេ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​ខែ​មីនា​វា​បាន​ផ្លាស់​ប្ដូរ ដោយ​គណនី T-Series អាច​ដណ្ដើម​បាន​តំណែង​កំពូល ជា​មួយ​ Subscriber សរុប​នា​ពេល​នេះ​មាន​ ១០៧ លាន​នាក់ ធៀប​នឹង PewDiePie មាន​ប្រមាណ ៩៨ លាន​​នាក់។

៩. រយៈពេល​ទស្សន ៧០% មានប្រភព​ពី​​ឧបករណ៍​ចល័ត

រយៈពេល​ទស្សនា YouTube ភាគ​ច្រើន​គឺ​តាម​រយៈ​ឧបករណ៍​ចល័ត​ ដែល​រួម​មាន​ស្មាតហ្វូន និង Tablet។ ចំណែក ៣០% ទៀត​គឺ​ជា​ការ​ទស្សនា​នៅ​លើ​កុំព្យូទ័រ និង ទូរទស្សន៍។

១០. ៤០ នាទី​គឺ​ជា​រយៈពេល​ជា​មធ្យម​នៃ​ការ​ប្រើ YouTube

​​ជា​មធ្យម​អ្នក​ប្រើ​ប្រាស់​ YouTube ម្នាក់​ចំណាយ​ពេល​ប្រមាណ ៤០ នាទី ​លើ​បណ្ដាញ​វីដេអូ​ធំ​មួយ​នេះ។ ប្រៀប​នឹង​ Facebook វិញ រយៈពេល​ដែល​អ្នក​ប្រើ​ប្រាស់​ចំណាយ​ជា​មធ្យម​មាន​ប្រមាណ ៥ នាទី​ប៉ុណ្ណោះ៕

ចុចអាន៖

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី