PewDiePie ត្រូវគណនី YouTube ធំជាងគេប្ដឹង ដោយសារចេញបទចម្រៀងឌឺដង
- 2019-08-14 02:29:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PewDiePie ត្រូវគណនី YouTube ធំជាងគេប្ដឹង ដោយសារចេញបទចម្រៀងឌឺដង
ចន្លោះមិនឃើញ
តារា YouTube PewDiePie និងគណនីរបស់ផលិតកម្មឥណ្ឌា T-Series បានសម្រួលគ្នាស្ងាត់ៗលើរឿងក្ដី ដែលបានកើតឡើងរយៈពេលជាច្រើនខែ អំឡុងពេលដែលគណនីទាំងពីរប្រកួតគ្នាយកតំណែងជាគណនីមាន Subscriber ច្រើនជាងគេ។
គណនី T-Series បានក្លាយជាគណនីធំជាងគេលើ YouTube កាលពីខែមីនា ដែលអាចផ្ដួល PewDiePie ពីតំណែងកំពូល។ ពេលនេះ T-Series មាន Subscriber ចំនួន ១០៨ លាននាក់ ខណៈដែល PewDiePie មានចំនួន ៩៩ លាននាក់។
ក្នុងការប្រកួតយកតំណែងកំពូលនេះ គណនី PewDiePie បានបញ្ចេញវីដេអូឌឺដងចំនួនពីរ ដែលវីដេអូទីមួយចេញផ្សាយកាលពីខែតុលា ឆ្នាំ ២០១៨ មានចំណងជើងថា "Bitch Lasagna” ដែលក្នុងនោះបាននិយាយប៉ះពាល់ដល់សាសនាហិណ្ឌូដែលប្រជាជនឥណ្ឌាប្រកាន់ខ្ជាប់ផងដែរ។
ក្រោយពី T-Series នាំមុខបានសម្រេច គណនី PewDiePie បានបញ្ចេញវីដេអូទីពីរ នៅថ្ងៃទី ៣១ ខែមីនា មានចំណងជើង "Congratulations” ដែលសាទរដល់គូប្រជែង។ វីដេអូនេះបាននិយាយអំពីវិធានការច្បាប់ដែល T-Series បានធ្វើដាក់ PewDiePie និងមានបញ្ចូលការឌឺដងជាច្រើនទៀត។
T-Series បានប្លុកវីដេអូទាំង ២ នៅប្រទេសឥណ្ឌារយៈពេល ៨ ថ្ងៃក្រោយវីដេអូទីពីរចេញផ្សាយ ក្រោយពីទទួលបានសេចក្ដីបង្គាប់ពីតុលាការកំពូលនាទីក្រុងដេលី ប្រទេសឥណ្ឌា។ ចៅក្រមបានវិនិច្ឆ័យថាវីដេអូទាំងពីរ មានពោរពេញដោយការប្រមាថ និង រើសអើងពូជសាសន៍។ នេះបើតាមឯកសារតុលាការ មានកាលបរិច្ឆេទថ្ងៃទី ៨ មេសា។
ប៉ុន្តែបើតាមឯកសារតុលាការមួយទៀតដែលមានកាលបរិច្ឆេទថ្ងៃទី ១៥ កក្កដា គេឃើញថាភាគីទាំងពីរបានសម្រួលគ្នាលើរឿងវីដេអូឌឺដងនេះ ប៉ុន្តែមិនបានធ្វើការព្រមព្រៀងអ្វីនោះទេ។ ទោះបីមានការសម្រួលគ្នារួចហើយក្ដី គិតត្រឹមថ្ងៃនេះវីដេអូឌឺដងទាំងពីរ នៅបន្តប្លុកនៅឥណ្ឌាដដែល៕
ចុចអាន៖