រួមគ្នាដាំកូនឈើ ដើម្បីអនាគតជំនាន់ក្រោយ​របស់​យើង

  • 2019-08-14 03:51:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បម្រែបម្រួល​អាកាសធាតុ គឺ​ជា​បញ្ហា​ប្រឈម​មួយ ដែល​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​នៅ​កម្ពុជា ក៏​ដូច​ជា​ទូទាំង​សាកល​លោក​។ ជា​ការ​ពិត​ណាស់​ ព្រៃ​ឈើ គឺ​ជា​ចលករ​ទប់​ស្កាត់​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ និង​ថែ​រក្សា​ភព​ផែន​ដី​បាន​យ៉ាង​ល្អ​ប្រសើរ ព្រម​ទាំង​ផ្តល់​នូវ​ភាព​ស្រស់​បំព្រង ដល់​ជីវិត​ក្នុង​លោក​យើង​ទាំង​អស់​ផង​ដែរ។

ហេតុ​នេះ​ហើយ ទើប​ធនាគារ ស៊ី អាយ អិម​ប៊ី ភី​អិល​ស៊ី (ធនាគារ CIMB) បាន​សម្រេច​រួម​ចំណែក ដល់​កម្មវិធី​ដាំ​កូន​ឈើ នៅ​វិទ្យាល័យ ឧដុង្គ ដោយ​មាន​ការ​ចូល​រួម​ពី​គណៈ​គ្រប់​គ្រង រួម​មាន​ប្រធាន​នាយក​ប្រតិបត្តិ និង​បុគ្គលិក​ធនាគារ​ទាំង​មូល កាល​ពី​ថ្ងៃ​ទី​២០ កក្កដា ២០១៩ កន្លង​ទៅ​នេះ។

ក្រោម​ប្រធាន​បទ «ដាំ​កូន​ឈើ ដើម្បី​អនាគត​ជំនាន់​ក្រោយ​របស់​យើង​» ក្រៅ​ពី​ការ​ដាំ​ដើម​ឈើ​ជាង ២០០​ដើម ធនាគារ CIMB ក៏​បាន​រៀប​ចំ​ការ​លែង​កូន​ត្រី​ជាង ៣០០​ក្បាល ទៅ​ក្នុង​ស្រះ​របស់​វិទ្យាល័យ ឧដុង្គ និង​​បរិច្ចាគ​សម្ភារ​កសិកម្ម សម្រាប់​ថែ​ទាំ​កូន​ឈើ និង​ប្រើ​ប្រាស់​ផ្សេង​ៗ រួម​មាន​ម៉ាស៊ីន​បូម​ទឹក និង​ម៉ាស៊ីន​កាត់​ស្មៅ​ជា​ដើម។

ថ្លែង​ក្នុង​ឱកាស​នោះ​ លោក ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ CIMB បាន​មាន​លើក​ឡើង​ថា៖ « ​កម្មវិធី​នៃ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សង្គម របស់​ធនាគារ CIMB រួម​មាន​សកម្មភាព​ចូល​រួម​ចំណែក​ការ​កសាង​ជាមួយ​មូល​ដ្ឋាន នូវ​វិស័យ​នា​នា ដូច​ជា​ ការ​សិក្សា​អប់រំ សុខុមាលភាព សង្គម​កិច្ច និង​បរិស្ថាន។ យើង​ខ្ញុំ​ជ្រើស​យក​វិទ្យាល័យ ឧដុង្គ សម្រាប់​សកម្មភាព​ដាំ​កូន​ឈើ​នេះ ដោយ​យើង​ចង់​បាន​កូន​ឈើ​ទាំង​នេះ នឹង​បាន​ការ​បី​បាច់​ថែ​រក្សា ពី​លោក​គ្រូ អ្នក​គ្រូ និង​សិស្សានុសិស្ស​ទាំង​ឡាយ ដើម្បី​ធានា​ឲ្យ​ដើម​ឈើ​ទាំង​នេះ​នឹង​គង់​វង្ស​ស្ថិត​ស្ថេរ​ចេរ​កាល​»។

លោក ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ CIMB

ជា​ផ្នែក​មួយ​របស់ ​ស៊ី​ អាយ អិម ប៊ី គ្រុប ដែល​មាន​វត្តមាន​នៅ​ទូទាំង​តំបន់​អាស៊ាន ធនាគារ CIMB ដែល​ត្រូវ​បាន​ដឹក​នាំ និង​បម្រើ​ការងារ ដោយ​ជន​ជាតិ​ខ្មែរ ១០០% តែង​តែ​រួម​ចំណែក ដល់​ការ​អភិវឌ្ឍ ក្នុង​កម្ពុជា។

លោក ប៊ុន យីន បាន​បន្ថែម​ទៀត​ថា ស្រប​តាម​ចក្ខុវិស័យ​របស់​ ស៊ី​ អាយ អិម ប៊ី គ្រុប ចំពោះ​ការ​ជួយ​ត្រឡប់ ទៅ​កាន់​សហគមន៍ ដែល​ខ្លួន​កំពុង​ប្រកប​អាជីវកម្ម ធនាគារ​មាន​គោលដៅ​បរិច្ចាគ​ទឹក​ប្រាក់ ១% នៃ​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន សម្រាប់​កម្មវិធី​ទំនួល​ខុស​ត្រូវ ជា​រៀង​រាល់​ឆ្នាំ។

ដើម្បី​សម្រេច​នូវ​កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម​របស់​យើង​នេះ ធនាគារ​នឹង​បន្ត​សហការ​ជាមួយ​វិទ្យាល័យ ឧដុង្គ ក្នុង​ការ​ពិនិត្យ​ទៅ​លើ​ការ​ថែ​រក្សា និង​ប្រើ​ប្រាស់​ជំនួយ​ឧបត្ថម្ភ​របស់​យើង ហើយ​ធនាគារ​នឹង​បន្ត​ឧបត្ថម្ភ​បន្ថែម​ទៀត នា​ពេល​អនាគត ទៅ​លើ​ភាព​ចាំ​បាច់​ផ្សេង​ៗ​របស់​សាលា។

ក្នុង​ទឹក​មុខ​រីករាយ​ស្រស់​ស្រាយ លោក ឡៃ គួង នាយក​វិទ្យាល័យ ឧដុង្គ បាន​មាន​ប្រសាសន៍​ថា៖ «សកម្មភាព​សប្បុរធម៌​របស់​ធនាគារ CIMB នា​ពេល​នេះ ពិត​ជា​បាន​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សាលា​មួយ​កម្រិត​ទៀត​។ ដោយ​សារ​សាលា​របស់​ខ្ញុំ ផ្តោត​លើ​ការ​ថែរក្សា​បរិស្ថាន ដូច្នេះ​សកម្មភាព​ដាំ​កូន​ឈើ​របស់​ធនាគារ CIMB បាន​ជួយ​ឲ្យ​សាលា​របស់​យើង កាន់​តែ​មាន​ភាព​ស្រស់​បំព្រង​បន្ថែម​ទៀត និង​ជំរុញ​ឲ្យ​សិស្សានុសិស្ស​របស់​យើង បាន​ស្គាល់ និង​យល់​ដឹង ពី​ដើម​ឈើ​ប្រណីត ដែល​បាន​ដាំ​នា​ថ្ងៃ​នេះ​។ ហើយ​ការ​បរិច្ចាគ​សម្ភារៈ​កសិកម្ម ក៏​បាន​ផ្តល់​នូវ​មធ្យោបាយ​កាន់​តែ​ប្រសើរ ឲ្យ​ពួក​យើង​អាច​ប្រើ​ប្រាស់ ដែល​ជា​ប្រយោជន៍ នៅ​ក្នុង​វិទ្យាល័យ ឧដុង្គ​ទាំង​មូល។ តាង​នាម​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ និង​សិស្សានុសិស្ស​ទាំង​អស់ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ ដល់​គណៈ​គ្រប់​គ្រង និង​បុគ្គលិក​របស់​ធនាគារ CIMB ដែល​បាន​ធ្វើ​ដំណើរ​មក​ដោយ​ផ្ទាល់ និង​ឧបត្ថម្ភ ដល់​សាលា​យើង​ខ្ញុំ»។

លោក ហ៊ូ នី​រ៉េម៉ូ ជា​បុគ្គលិក​របស់​ធនាគារ CIMB ​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ផ្ទាល់ ​បាន​បង្ហាញ​ពី​មតិ​យោបល់​របស់​ខ្លួន​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា សប្បាយ​ចិត្ត ដែល​បាន​ជួយ​ដល់​បរិស្ថាន​នា​ថ្ងៃ​មុខ​។ យើង​តែង​តែ​គិត​ថា​២០​ឆ្នាំ​មុន យើង​ដាំ​ដើម​ឈើ ទើប​ថ្ងៃ​នេះ​បាន​ផល ប៉ុន្តែ​មិន​ទាន់​យឺត​ពេល​ទេ យើង​អាច​ដាំ​ថ្ងៃ​នេះ ដើម្បី​បាន​ផល​ទៅ​ថ្ងៃ​ក្រោយ ដែល​ជួយ​ដល់​បរិស្ថាន បង្កើន​ភាព​បៃតង ទាំង​ក្នុង​ការ​រស់​នៅ​ និង​ក្នុង​សាលា​រៀន ហើយ​ផ្តល់​សុខភាព និង​សោភណភាព ដល់​សិស្ស​សាលា និង​ក្មេង​ជំនាន់​ក្រោយ​។ ហើយ​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ទាំង​អស់​គ្នា ដាំ​កូន​​ឈើ​ឲ្យ​បាន​ច្រើន មិន​ថា​ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក ច្រើន ឬ​ក៏​តិច​ឡើយ​»។

ធនាគារ CIMB បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​នៅ​កម្ពុជា នៅ​ចុង​ឆ្នាំ ២០១០ ហើយ​បច្ចុប្បន្ន​ធនាគារ​មាន​សាខា​ចំនួន​ ១៣ តាម​បណ្តា​រាជធានី និង​ខេត្ត​សំខាន់​ៗ នៅ​ក្នុង​ប្រទេស​ក្នុង​រយៈ​ពេល​ជិត ១០​ឆ្នាំ​កន្លង​មក​នេះ ធនាគារ CIMB បាន​ចូល​រួម​សកម្មភាព​សប្បុរសធម៌​ជា​ច្រើន ដែល​រួម​មាន​វិស័យ​សំខាន់​ៗ ដូច​ជា​វិស័យ​អប់រំ​ ដោយ​ធនាគារ​បាន​ឧបត្ថម្ភ​ដល់​សាលា​ដាច់​ស្រយ៉ាល​នា​នា ក្នុង​ប្រទេស​កម្ពុជា និង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​សិក្សា​នៅ​ក្រៅ​ប្រទេស វិស័យ​សុខា​ភិបាល ដោយ​ធនាគារ​បាន​បរិច្ចាគ​ឈាម និង​ឧបត្ថម្ភ​ដល់​មន្ទីរ​ពេទ្យគន្ធ​បុប្ផា និង​មន្ទីរ​ពេទ្យ​បង្អែក​បាទី​ជា​ដើម វិស័យ​សង្គម​កិច្ច ដោយ​ធនាគារ​បាន​ឧបត្ថម្ភ​ដល់​កាក​បាទ​ក្រហម និង​មជ្ឈមណ្ឌល​កុមារ​កំព្រា​នា​នា ព្រម​ទាំង​ផ្នែក​បរិស្ថាន ដោយ​ធនាគារ​បាន​ចូល​រួម​ដាំ​កូន​ឈើ នៅ​វិទ្យាល័យ ឧដុង្គ​ជាដើម៕

អត្ថបទ៖ លីដា