ត្រាំ ឆ្លៀតនិយាយរឿងទៅភពអង្គារ មិននឹកភពព្រះចន្ទ
- 2019-08-16 08:08:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រាំ ឆ្លៀតនិយាយរឿងទៅភពអង្គារ មិននឹកភពព្រះចន្ទ
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឆ្លៀតនិយាយពីរឿងជនជាតិអាមេរិក ទៅភពអង្គារ ក្នុងអំឡុងចុះយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ New Hampshire កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ តែលោកមិនរំលឹកសូម្បីតែបន្តិច ក្នុងការទៅភពព្រះចន្ទ ខណៈដែលប្រទេសមួយចំនួន កំពុងដាក់គោលដៅទៅទីនោះ។
លោកត្រាំ បានថ្លែងទៅកាន់អ្នកគាំទ្រលោកយ៉ាងដូច្នេះថា៖ «**យើងកំពុងវិនិយោគទៅថ្ងៃអនាគតនូវការហោះហើរនៅទីអវកាសរបស់មនុស្សជាតិ។ ហើយថ្ងៃណាមួយនាពេលឆាប់ៗខាងមុខនេះ អ្នកអវកាសអាមេរិកនឹងដាក់ទង់ជាតិអាមេរិកនៅលើផ្ទៃដីភពអង្គារ**»។
គួរកត់សម្គាល់ដែរថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ក្នុងអំឡុងអាមេរិកប្រារព្ធខួបលើកទី៥០នៃការបាញ់បង្ហោះអាប៉ូឡូទី១១ ទៅភពព្រះចន្ទ លោក ដូណាល់ ត្រាំ បានសួរទៅអង្គការណាសាថា ហេតុអ្វីបានជាអ្នកអវកាសមិនអាចធ្វើដំណើរដោយត្រង់ឆ្ពោះទៅជាន់ដីភពអង្គារតែម្តងទៅ ចាំបាច់ទៅភពព្រះចន្ទមុនសិនធ្វើអ្វី។
កាលពីខែមិថុនាកន្លងទៅ បន្ទាប់ពីអង្គការណាសា បានលាតត្រដាងផែនការបញ្ជូនស្រ្តីទៅជាន់ដីភពព្រះចន្ទនៅឆ្នាំ២០២៤ ស្រាប់តែលោកត្រាំ បានបញ្ចេញប្រតិកម្មភ្លាមៗនៅលើបណ្តាញទ្វីតធើរបស់លោក ដោយលើកឡើងថា ណាសាមិនគួរនិយាយអំពីការទៅភពព្រះចន្ទទៀតឡើយ ពោលគឺគួរតែផ្តោតទៅលើការរុករកធំជាងនេះ ដោយរួមមានទាំងភពអង្គារផងដែរ៕