Apple ប្ដឹងក្រុមហ៊ុនមួយដែលចម្លង Software របស់ iPhone

  • 2019-08-19 02:40:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាង​មួយ​ឆ្នាំ​មក​ហើយ​ ក្រុមហ៊ុន​ឈ្មោះ​ថា​ Corellium បាន​ផ្ដល់​ជូន​ Hacker នូវ​ iPhone សិប្បនិម្មិត (Virtual iPhone)។ Hacker ដែល​ជាវ​សេវាកម្ម​របស់​ក្រុមហ៊ុន ​អាច​បង្កើត​នូវ​ iPhone សិប្បនិម្មិត​នៅ​លើ​កុំព្យូទ័រ​របស់​ខ្លួន អាច​ប្ដូរ​ម៉ូដែល​នៃ iPhone ឬ​ប្ដូរ​ iOS តាម​រយៈ​ម៉ឺនុយ​សាមញ្ញ​មួយ។

ពេល​នេះ Apple បាន​ប្ដឹង​ ដើម្បី​បិទ​ iPhone សិប្បនិម្មិត​នេះ​ចោល។ ក្នុង​ពាក្យ​បណ្ដឹង​ដែល​រាយការណ៍​ដោយ​ Bloomberg បាន​បង្ហាញ​ថា Apple បាន​ចោទ​ប្រកាន់​ថា iPhone សិប្បនិម្មិត​របស់​​ ​ Corellium បាន​រំលោភ​កម្មសិទ្ធិ​នៃ iOS និង​បច្ចេកវិទ្យា​ដែល​ពាក់​ព័ន្ធ។ ត្បិត​ថា​វា​សឹង​តែ​មិន​អាច​ទៅ​រួច ក្នុង​ការ​ប្រើ​ប្រព័ន្ធ​របស់​ Corellium ដើម្បី​ជំនួស iPhone ប៉ុន្តែ​វា​នៅ​តែ​បាន​ចម្លង​តាម iOS ដោយ​ប្រយោល ដែល​អាច​ឲ្យ​ Apple ប្ដឹង​បាន។

​អ្នក​ប្រឹក្សា​​យោបល់​របស់ Apple បាន​លើក​ឡើង​​ក្នុង​ពាក្យ​បណ្ដឹង​ថា ៖ "គោល​បំណង​នៃ​ពាក្យ​បណ្ដឹង​នេះ មិន​មែន​​ចង់​​បង្អាក់​ដំណើរ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​ដ៏​ល្អ​មួយ​នោះ​ទេ ប៉ុន្តែ​ចង់​បញ្ចប់​​ការ​ធ្វើ​ជំនួញ​ដោយ​ខុស​ច្បាប់​របស់​ Corellium ​មក​លើ​កម្មសិទ្ធិ​បញ្ញា​ដ៏​មានតម្លៃ​របស់ Apple​​”។

ការ​ព្រួយបារម្ភ​មួយ​ចំនួន​របស់ Apple ចំពោះ​ Corellium គឺ​ប្រហែល​មក​ពី​​គោល​ដៅ​ដែល​ផលិតផល​របស់​ Corellium ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ នោះ​គឺ​ការ​ស្វែង​រក​ចន្លោះ​ប្រហោង។ ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​​ Motherboard និង Forbes កាល​ឆ្នាំ​មុន iPhone សិប្បនិម្មិត​របស់ Corellium ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​អ្នក​ស្រាវជ្រាវ ដើម្បី​ស្វែង​រក​កំហុស​ឆ្គង​​លើ iOS និង iPhone ផ្ទាល់ ដែល​កំហុស​ឆ្គង​នេះ​តែង​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ជន​​ទី​បី មាន​បំណង​មិន​ល្អ ជា​ជាង​រាយការណ៍​ឲ្យ Apple។

​​​​​​​ខណៈ​ពេល​នេះ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី Corellium នៅ​ឡើយ​ទេ៕

ចុចអាន ៖ Apple ត្រូវក្រុមហ៊ុនអ៊ីស្រាអែលប្ដឹងម្ដងទៀតរឿងល្មើសប៉ាតង់ iPhone កាមេរ៉ាភ្លោះ

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង