សប្ដាហ៍មុន ធ្លាយមួយទំហឹងដំណឹងជុំវិញ iPhone ចេញឆ្នាំ ២០១៩

  • 2019-08-19 08:34:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ ដំណឹង​ជុំវិញ iPhone ស៊េរី​ឆ្នាំ ២០១៩ ដែល Apple គ្រោង​ប្រកាស​ចេញ​អំឡុង​ខែ​កញ្ញា បាន​លេច​ធ្លាយ​ជា​បន្ត​បន្ទាប់។ ខាងក្រោម​ជា​ការ​សរុប​អំពី​ដំណឹង​សំខាន់ៗ​ដែល​បាន​លេច​ធ្លាយ ៖

១. ឈ្មោះ

កាលពីថ្ងៃទី ១៤ ខែសីហា ក្រុមហ៊ុន​ផលិត​សម្បក​ការពារ​ទូរសព្ទ​ឈ្មោះ ESR បាន​បង្ហាញ​នូវ​ឈ្មោះ iPhone ជំនាន់​ថ្មី ក្នុង​បញ្ជី​ផលិត​របស់​ខ្លួន។ ក្នុង​នោះ​ iPhone 11 ជា​អ្នក​ស្នង​តំណែង iPhone XR, iPhone 11 Pro ជា​អ្នក​ស្នង​តំណែង iPhone XS និង iPhone 11 Pro Max ជា​អ្នក​ស្នង​តំណែង iPhone XS Max។ ទំហំ​អេក្រង់​នៅ​មាន​​ទំហំ​ដដែល​គឺ iPhone 11 (៦,១ អ៊ីញ), 11 Pro (៥,៨ អ៊ីញ), 11 Pro Max (៦,៥ អ៊ីញ)។

២. ​ថ្ងៃ​ប្រកាស​ចេញ iPhone ថ្មី

ក្នុង​ប្រព័ន្ធ iOS 13 Beta ជំនាន់​ចុង​ក្រោយ​បង្អស់​ដែល​ Apple ទើប​បាន​បញ្ចេញ​នា​ថ្ងៃ​នេះ គេ​បាន​ប្រទះ​ឃើញ​ Screenshot ដែល​ទំនង​ជា​បញ្ជាក់​អំពី​កាល​បរិច្ឆេទ​ប្រកាស​ចេញ iPhone ជំនាន់​​ថ្មី។ Screenshot ដែល​ប្រទះ​ឃើញ​ដោយ​ iHelpBR ​មាន​ឈ្មោះ​ថា​ "HoldForRelease” ហើយ​វា​​មាន​​ផ្ទុក​កម្មវិធី​ប្រតិទិន (Calender) ដែល​មាន​ថ្ងៃ​ខែ​កំណត់​ថា​​ថ្ងៃ​​អង្គារ ទី​ ១០។ ត្បិត​ថា​​ខែ​ មិន​មាន​បញ្ជាក់​មែន​ ប៉ុន្តែ​​ថ្ងៃ​​អង្គារ ទី​ ១០​ នេះ គឺ​ស៊ី​គ្នា នឹង​ប្រតិទិន​ខែ​កញ្ញា ដែល​ជា​ខែ Apple តែង​ប្រកាស​ iPhone។

៣. អេក្រង់

ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង The Elec បាន​និយាយ​ថា​ Apple នឹង​ប្រើ​ប្រាស់​បន្ទះ​អេក្រង់ OLED សម្រាប់​ត្រកូល​ iPhone 11 Pro ដូច​អេក្រង់​ដែល​ប្រើ​លើ Galaxy S10 និង Note 10 អ៊ីចឹង​ដែរ ដែល​វា​មាន​ឈ្មោះ​សម្គាល់ "M9" ដូច​គ្នា។

៤. ការ​រចនា​

ប្រភព​អនាមិក​មួយ​ដែល​អះអាង​ថា​ជា​បុគ្គលិក​រោងចក្រ Foxconn បាន​ចែក​រំលែក​ដំណឹង​អំពី​​ iPhone ជំនាន់​ថ្មី។ ចាប់​ផ្ដើម​ពី​ការ​ឌីហ្សាញ​គឺ​​បុគ្គលិក​រូប​នេះ​អះអាង​ថា យ៉ាង​ហោច​ណាស់​មាន iPhone ថ្មី​មួយ នឹង​មាន​មក​ជា​មួយ​ជម្រើស​ពណ៌​បៃតង​ចាស់​ថ្មី ដែល​វា​អាច​ជា​ម៉ូដែល iPhone XR ជំនាន់​ថ្មី។ កញ្ចក់​ខាង​ក្រោយ​របស់ iPhone ទាំង​បី​នឹង​ត្រូវ​បាន​ដក​ចេញ​នូវ​ពាក្យ​ "iPhone” ដែល​បន្សល់​ត្រឹម​ឡូហ្គោ​ផ្លែ​ប៉ោម​ឆែប​មួយ​ប៉ុណ្ណោះ។

ចំណែក​ខាង​មុខ​វិញ មាន​ការ​ឌីហ្សាញ​ដូច​ជា​ម៉ូដែល​ឆ្នាំ ២០១៨ រួម​ទាំង​ក្បាល​ឆក។ យ៉ាងណាក្ដី​ដោយ​សារ​ចចាមអារ៉ាម​អំពី​ការ​ដក 3D Touch ហេតុ​នេះ​អេក្រង់​រំពឹង​ថា​ស្ដើង​ជាង​មុន។ ចំពោះ​ម៉ូដែល​ដែល​ស្នង​តំណែង iPhone XS Max នឹង​មាន​ថ្ម​ទំហំ​ដល់ ៣៩៦៩ mAh ជា​ថ្ម​ធំ​បំផុត​មួយ​លើ​ត្រកូល iPhone។

បន្ថែម​ពី​នេះ iPhone ថ្មី​នឹង​មាន​ជម្រើស​ម៉ាស៊ីន​ទំហំ ៦៤ GB, ២៥៦ GB និង ៥១២ GB ដូច iPhone XS និង XS Max នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ។ ប៉ុន្តែ​គេ​មិន​ច្បាស់​នោះ​ទេ​ថា​វា​រាប់​បញ្ចូល​ទាំង iPhone XR ឬ​អត់ ដែល​បច្ចុប្បន្ន​នេះ​វា​មាន​ជម្រើស​ទំហំ​ត្រឹម ២៥៦ GB។

ទាំង​នេះ​ហើយ​ជា​ដំណឹង​លេច​ធ្លាយ​សំខាន់ៗ ប៉ុន្តែ​គួរ​បញ្ជាក់​ថា​វា​គ្រាន់​តែ​ជា​ដំណឹង​លេច​ធ្លាយ​ មួយ​មិន​ផ្លូវ​ការ​នោះ​ទេ ហេតុ​នេះ​កុំ​ទាន់​ជឿជាក់ ១០០% អី៕​​

ចុចអាន ៖ Apple ប្ដឹងក្រុមហ៊ុនមួយដែលចម្លង Software របស់ iPhone

អត្ថបទ៖ សុខហេង