ខុនដូ​ ៦​ អគារ​សង់​មិន​ទាន់​ហើយ​ផង លក់​ជិត​អស់​ទៅហើយ

  • 2019-08-19 10:34:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ អ័រគីដេ វិឡា បាន​ធ្វើ​ពិធី​បញ្ចប់​ការសង់ជាន់​ដំបូល​អគារ​ចំនួន​ ៣​ នៃ​គម្រោង​ខុនដូ​លំដាប់​អន្តរជាតិ «អ័រគីដេ ដឹ រ៉ូយ៉ាល់ ខុនដូមីនីម» (Orkide The Royal Condominium) កាល​ពី​ព្រឹកថ្ងៃ​ទី​ ១៩​ ខែ​សីហា​ ឆ្នាំ​ ២០១៩​ នេះ​។

គម្រោង​ដ៏​ធំ​នេះ​ មាន​អគារ​កម្ពស់​ ១៨​ ជាន់​ចំនួន​ ៦​ អគារ​ ដែល​មាន​បន្ទប់​ខុនដូ​សរុប​ ១៩៩៩​ បន្ទប់។ នៅ​ជំុ​វិញ​អគារ​ទាំង​ ៦ មាន​ទីធ្លា​សួន​ច្បារ​ទំហំ​ជាង​ ៣​ ហិចតា​ ដែល​ក្នុង​សួន​នោះ​មាន​កន្លែង​កម្សាន្ត​រហូត​ដល់​ ១១៩ ​ដូចជា​៖ អាង​ហែល​ទឹក​ខ្នាត​ធំ​មួយ ឆ្នេរ​ខ្សាច់​ឯក​ជន សួន​កុមារ តំបន់​ពិចនិច ផ្លូវ​រត់​ហាត់​ប្រាណ ផ្សារ​ទំនើប​លំដាប់​ថ្នាក់​ពិភព​លោក រោង​កុន​ខ្នាត​ធំ ក្លឹប​ហាត់​ប្រាណ​ជា​ដើម​។

នៅ​ក្នុង​សុន្ទរ​កថា​មួយ​ លោក​ជំទាវ ខៀវ សស៊ីលៀប នាយិកា​ប្រតិបត្តិ​ទូទៅ​របស់​ក្រុមហ៊ុន​អ័រគីដេ បាន​មាន​ប្រសាសន៍​ថា​៖ «គម្រោង​នេះ​បាន​ចាប់​ផ្ដើម​សាងសង់​កាល​ពី​ ខែ​មិថុនា​ ឆ្នាំ​២០១៧ ដែល​​បាន​ជ្រើស​យក​ក្រុមហ៊ុន​ CSCEC ជា​ដៃ​គូ​សាង​សង់​ដោយ​សារ​ក្រុមហ៊ុន​នេះ​មាន​ស្តង់ដារ​ខ្ពស់​ក្នុង​ការ​សាងសង់ បទ​ពិសោធន៍​ការងារ​ច្រើន​ និង​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ ហើយ​ក៏​បាន​រើស​យក​ Archetype ជា​ដៃ​គូ​គ្រប់គ្រង​ការ​សាង​សង់»។

លោក​ជំទាវ​ក៏​បាន​និយាយ​ថា​ ខុនដូ​លំដាប់​អន្តរជាតិ​នេះ​បាន​ទាក់​ទាញ​ភ្ញៀវ​ជាតិ​ និង​ភ្ញៀវ​អន្តរជាតិ ដែល​បាន​សម្រេច​ការ​ទិញ​អស់​ជាង​ ៩០% នៃ​បន្ទប់​ខុនដូ​ទាំង​ ១៩៩៩​បន្ទប់​។

លោក​ជំទាវ­​ក៏​បាន​បន្ត​ទៀត​ថា​៖ «នៅ​ថ្ងៃ​នេះ​ ជា​មួយ​ការ​ខំ​ប្រឹង​ប្រែង​ពី​ថ្នាក់​គ្រប់​គ្រង​ក្រុមហ៊ុន​អ័រគីដេ ការងារ​ទាក់ទង​នឹង​រចនា​សម្ព័ន្ធ​អគារ​ A, B និង​ Cត្រូវ​បាន​បញ្ចប់​ដោយ​ការ​ចាក់​បំពេញ​ជាន់​ដំបូល»។

បើ​​ចាប់​អារម្មណ៍ លោក​អ្នក​អាច​ទៅ​ទីតាំង​សាងសង់​ផ្ទាល់ នៅ​ផ្លូវ ២០០៤ សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឬ​ទាក់​ទង​តាម​ទូរសព្ទ​ លេខ 098 733 333៕­

អត្ថបទ៖ សុខ វេងឈាង