សំណង់​ប្រាសាទ​កំពូល​​បី​នៅ​រង្វង់​មូល​ប៉ោយ​ប៉ែត​តម្លៃជាង៥០ ម៉ឺន​ដុល្លារ​ត្រូវ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​

  • 2019-08-21 07:06:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោង​សាងសង់​ប្រាសាទ​កំពូល​បី​នៅ​ចំណុច​រង្វង់​មូល​ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​ខេត្ត​បន្ទាយ​មាន​ជ័យ​ ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន ​រង់ចាំ​ការ​អនុញ្ញាត​ជាថ្មី​ទើប​អាច​សាងសង់​បាន។ ការ​សាងសង់​នេះ​រង​នូវ​ផល​ប៉ះពាល់​ចំនួន​បី​ចំណុច​​​។

បើ​តាម​លិខិត​ មួយ​ច្បាប់​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី ​១៥ ​ខែ​សីហា ​ឆ្នាំ​២០១៩ ​ដោយ​​ លោក តូច​ ចាន់​កុសល ​តំណាង​ឱ្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូន​ ផ្ញើ​​​ទៅ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​​ ទាក់​ទង​នឹង​ការ​ស្ថាប​នា​ប្រាសាទ​កំពូល​បី​ នៅ​ត្រង់​ចំណុច​រង្វង់​មូល​​ក្រុង​ប៉ោយប៉ែត ​ខេត្ត​បន្ទាយ មានជ័យ​​ថា ​ការ​ស្ថាបនា​ប៉ះពាល់​ខូចខាត​ដល់​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ស្វ័យ​ប្រវត្តិ​នៃ​របាំង​ផ្លូវ​ឆ្លងកាត់​ ពេល​ដែល​រថភ្លើង​ឆ្លងកាត់​ផ្លូវជាតិ​ ប៉ះពាល់​ដល់​កិច្ច​ព្រម​ព្រាង​បច្ចេកទេស និង​នីតិ​វិធី ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន​តាម​ផ្លូវដែក​រវាង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​​និង​​ព្រះ​រាជា​ណា​ចក្រ​ថៃ ​បាន​បញ្ចប់​ទាំង​ស្រុង ​កំពុង​រង់ចាំ​ថ្នាក់​ដឹក​នាំ​រាជរដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ចុះហត្ថលេខា​ឆាប់ៗ​។

ក្រោយពេល​កិច្ច​ព្រម​ព្រាង ​ចុះ​ហត្ថលេខា​រួច និង​មាន​ពិធី​សម្ពោធ​ជិះ​រថ​ភ្លើង​ឆ្លង​កាត់​ព្រំដែន​ប្រទេស​ទាំង​ពីរ​​ធ្វើ​ឡើង ​ដោយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​។ ចំណុច​ចុងក្រោយ​ការ​ស្ថាបនា​ប្រាសាទ​កំពូល​បី​​នៅ​ចំណុច​រង្វង់​មូល​ក្រុង​ប៉ោយ​ប៉ែត​​ ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូន​​ មិន​បាន​ទទួល​លិខិត​ផ្លូវការ​របស់​ក្រុង​ ឬ​ខេត្ត​ ដើម្បី​សហការ​ឡើយ​។

ទោះ​យ៉ាង​ណា​​គម្រោង​នេះ​បច្ចុប្បន្ន​​សម្រេច​​បាន​ប្រមាណ ​៧០% ទៅ​ហើយ​។ ​នេះ​បើ​តាម​ប្រសាសន៍​ លោក សាន ស៊ានហូ អតីត​អភិបាល​ក្រុង​ប៉ោយ​ប៉ែត​បាន​ប្រាប់​ sabay។ គម្រោង​នេះ​បាន​​​បើក​ការដ្ឋាន​សាងសង់​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ កន្លងមក​ ក្រោម​វត្ត​មាន​លោក សួន បវរ​ អតីត​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​។ លោក​ថា ការសាងសង់​នឹង​អាច​បន្ត​បាន​ លុះត្រាតែ​​ថ្នាក់​ដឹក​​នាំ​ខេត្ត​អនុញ្ញាត​ ព្រោះ​នេះ​ជា​ផល​ប្រយោជន៍សាធារណៈ និង​សង្គម​ជាតិ​។

លោក​បាន​បន្ថែម​​ថា ការសាងសង់​ប្រាសាទ​កំពូល​បី​នេះ​ជា​ប្រាសាទ​ចាស់ និង​សាងសង់​លើ​ទីតាំង​រង្វង់​មូល​ចាស់ ក្នុង​ទំហំ​ដដែល​ និង​មាន​ការ​អនុញ្ញាត​ពី​លោក សួន​ បវរ អតីត​អភិបាល​ខេត្ត​បន្ទាយមានជ័យ​។ដូច្នេះ​ពេល​នោះ​លោក​មិន​គិត​ថា​ មាន​​ផល​ប៉ះពាល់​​ឡើយ។

ការ​សាង​សង់​រង្វង់​មូល​នេះ ត្រូវ​បាន​ធ្វើ​ឡើង​​ក្នុង​គោល​បំណង​លើក​កម្ពស់​សោភ័ណភាព​ ​និង បង្អួត​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ជូន​ភ្ញៀវ​អន្តរជាតិ ខណៈ​រង្វង់​មូល​ថ្មី​នេះ​រំលេច​ដោយ​ប្រាង្គ​ប្រាសាទ​អង្គរវត្ត ​ប្រាសាទ​ព្រះវិហារ ​បន្ទាយស្រី ​ដើម​ត្នោត ​ព្រមទាំង​ឈ្មោះ​រាជធានី នៃ​ខេត្តទាំង២៥ ​របស់​កម្ពុជា។ ក្នុង​នោះ​​ថ្នាក់​នីមួយៗ​នឹង​មាន​តម្កល់​រូប​បដិមា​ផ្សេងៗ​ ​ទុក​ជាទី​សក្ការ​តាម​ទំនៀម​ទម្លាប់ ​សាសនា ​និង​រចនាបថ​ស្ថាបត្យកម្ម​តាម​ប្រពៃណី​ខ្មែរយើង។​ដោយ​ចំណាយ​​ថវិកា​សាងសង់​ជាង៥០​ម៉ឺន​ដុល្លារ ​រង្វង់​មូល​សាងសង់​ ដោយ​រំកិល​ប្រាសាទ​កំពូល​បី​ពី​ក្លោង​ទ្វារ​មុខ​ទី​ស្នាក់​ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាស់​ ​យក​មក​តម្កល់​ ដោយ​​រៀប​ចំ​គម្រោង​ប្លង់​ទម្រ​ប្រាសាទ​ខាង​លើ​បន្ថែម​រចនា​បទ​ជា​ប្រាង្គ​ប្រាសាទ​ចំនួន ​៥​ថ្នាក់ ហើយ​​គ្រោង​សាងសង់​តែ​ ៦ ខែ​ប៉ុណ្ណោះ​នឹង​ចប់​ជា​ស្ថាពរ​​។  

លោក សាន ស៊ានហូ អតីត​អភិបាល​ក្រុង​ប៉ោយប៉ែត​​ ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​​ក្រុមប្រឹក្សា​ក្រុង​ប៉ោយ​ប៉ែត​ បាន​ប្រាប់​ថា ករណី​​គម្រោង​នេះ​អនុញ្ញាត​ឱ្យ​សាងសង់​ឡើង​វិញ​ហើយ​គ្មាន​ថវិកា​សាងសង់​​លោក​សុខចិត្ត​ចេញ​​ថវិកា​​ផ្ទាល់​ខ្លួន​ ឬ​គៀង​គរ​សប្បុរសជន​​សាងសង់​ត្បិត​ថា ​លោក​បាន​ចំណាយ​ថវិកា​ច្រើន​មក​ហើយ ដើម្បី​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្រុង​ប៉ោយ​ប៉ែត៕  

អត្ថបទ៖ សុផល