ឆ្ងល់​​រថយន្ត​ប្រភេទ​​​​ Full Option មាន​ន័យ​បច្ចេកទេស​យ៉ាង​ម៉េច?

  • 2019-08-21 04:40:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើប្រាស់​រថយន្ត​ប្រាកដ​ជា​ធ្លាប់​ឮ​ រថយន្ត​ប្រភេទ Full Option ជា​រថយន្ត​ដែល​មាន​ការ​ផលិត​ឡើង​យ៉ាង​ពិសេស ហើយ​ក៏​មាន​តម្លៃ​ថ្លៃ​ជាង​រថយន្ត​ប្រណិត​​ធម្មតា។

 

Mercedez

រូបតំណាង  

លោក ឃុន ចាន់​ថា នាយកចាត់ការ​ទូទៅ​ផ្នែក​លក់​និង​ទីផ្សារ​របស់​ក្រុមហ៊ុន Star Auto ដែល​នាំ​ចូល​​រថយន្ត​ប្រណិត​ប្រភេទ​ Mercedes-Benz របស់​អាល្លឺម៉ង់​ប្រាប់​ថា រថយន្ត Full Option សំដៅ​លើ​រថយន្ត​ប្រភេទ​ប្រណិត ដែល​មាន​ការ​រចនា​ឡើង​យ៉ាង​ពិសេស​ជាមួយ​ការ​បំពាក់​គ្រឿង​បរិក្ខារ​​ និង​បច្ចេកវិទ្យា​ទំនើបច្រើន​​លើស​ពី​រោងចក្រ​កំណត់​។

លោក​ថា រថយន្ត​ប្រភេទ Full Option ​មាន​ការបំពាក់​​បន្ថែម​គ្រឿង​បរិក្ខារ​​​តាម​ការ​កុម្ម៉ង់​ពិសេស​​​របស់​អតិថិជន​លើស​អ្វី​ដែល​រោងចក្រ​ផលិត​​​ជា​​ស្តង់ដារ​លក់​លើ​ទីផ្សារ។

“​ដូច​អតិថិជន​ចង់​បន្ថែម​គ្រឿង​​ប្រព័ន្ធ​​បច្ចេកទេស​ខាង​ក្នុង ប្រព័ន្ធ​កម្សាន្ត​ ប្រព័ន្ធ​គ្រឿង​បញ្ជា ប្ដូរ​យ៉ាន់​កង់​ថ្មី ចង្កូត ​ប្រព័ន្ធ​កាមេរ៉ា​ក៏​ដូចជា​ចំណុច​បច្ចេកទេស​ដទៃ​ទៀត​លើស​ពី​​លក្ខណៈ​ដើម​ដែល​​​ផលិត​ចេញ​ពី​រោងចក្រ​​"។

រថយន្ត​ប្រភេទ Full Option មាន​ការ​ពិបាក​កំណត់​ជាក់លាក់​ណាស់។ ប៉ុន្តែ​អ្នក​ប្រើប្រាស់​រថយន្ត​ប្រណិត​ភាគច្រើន​យល់​ថា រថយន្ត​ដែល​មាន​ការ​កុម្ម៉ង់​បន្ថែម​លើស​ស្តង់ដារត្រូវ​បាន​គេ​ចាត់​ជា​រថយន្ត​ប្រភេទ Full Option។

លោក​​ឃុន ចាន់​ថា​បញ្ជាក់​ថា រថយន្ត​ប្រភេទ Full Option មាន​តម្លៃ​ថ្លៃ​ជាង​រថយន្ត​ធម្មតា និង​តម្លៃ​អាច​កើន​ឡើង​អាស្រ័យ​តាម​ការ​កុម្ម៉ង់ជាក់ស្ដែង​របស់​​អ្នក​ប្រើប្រាស់​។

អ្នក​គ្រប់គ្រង​រូប​នេះ​បន្ត​ថា អតិថិជន​អាច​សម្រេច​ចិត្ត​ជ្រើសរើស​ប្រភេទ​រថយន្ត Full Option តាម​លទ្ធភាព​និង​ការ​ពេញចិត្ត ប៉ុន្តែ​ក៏​ត្រូវ​គិត​មើល​ពី​ភាព​ចាំបាច់​សម្រាប់​ការ​ប្រើប្រាស់​ដើម្បី​កុំ​ឲ្យ​ចំណាយ​លុយ​ឥត​ប្រយោជន៍។

 

ចុច​អាន៖ អំពូល​ភ្លើងភ្លឺ​ពេល​ថ្ងៃ រួម​ចំណែកកាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍

 

អត្ថបទ៖ ប៊ុណ្ណារ៉ា