ការដោះស្រាយ​បញ្ហា​ទឹក​កខ្វក់ និង​ជំនន់​នៅក្រុងព្រះសីហនុ​ត្រូវការថវិកា​១៧០​លាន​ដុល្លារ

  • 2019-08-24 05:51:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បីដោះស្រាយបញ្ហាទឹកកខ្វក់ទាំងនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងនឹងរៀបចំធ្វើបន្ថែមនូវអាងចម្រោះទឹកកខ្វក់ឱ្យបាន៤ម៉ឺនម៉ែត្រគូប/១ថ្ងៃ ដោយរៀបចំប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងប្រព័ន្ធបង្ហូរទឹកភ្លៀង ដែលគ្រោងនឹងប្រើប្រាស់ថវិកាប្រមាណជាង១៧០លានដុល្លារសហរដ្ឋអាមេរិក។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលាស្តីពីលទ្ធផល នៃការរៀបចំផែនការមេ និងការសិក្សាសមិទ្ធិលទ្ធភាព គម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ នៅក្រុងព្រះសីហនុ ដែលបានរៀបចំធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ។

លោក ស៊ុន ចាន់ថុល បានថ្លែងថា ការចំណាយសរុបទៅលើការអភិវឌ្ឍន៍ ដើម្បីដោះស្រាយបញ្ហាទឹកកខ្វក់ ក្នុងខេត្តព្រះសីហនុទាំងមូល ត្រូវប្រើប្រាស់ថវិកាប្រមាណ១៧០លានដុល្លារអាមេរិក ដែលក្នុងនោះត្រូវអភិវឌ្ឍន៍ ទៅលើប្រព័ន្ធចម្រោះទឹកកង្វក់ចំណុះ៤ម៉ឺនម៉ែត្រគូប ចំណាយប្រាក់ប្រមាណ ៥០លានដុល្លារអាមេរិក កសាងប្រព័ន្ធលូមេ៤៥គីឡូម៉ែត្រ ត្រូវចំណាយប្រាក់៤០លានដុល្លារអាមេរិក អភិវឌ្ឍន៍លូតូចៗតភ្ជាប់ពីលំនៅឋានពលរដ្ឋ ពីសណ្ឋាគារ និងអគារពាណិជ្ជកម្មនានាទៀត ត្រូវចំណាយប្រាក់ប្រមាណ៨លានដុល្លារអាមេរិក, សាងសង់កន្លែងបូមទឹកកខ្វក់ពីលូ ចូលមកកន្លែងចម្រោះចំណាយប្រាក់ ១៥លានដុល្លារអាមេរិកបន្ថែមទៀត ។

សរុបតែប្រព័ន្ធចម្រោះទឹកកង្វក់ និងប្រព័ន្ធលូទឹកកខ្វក់ ត្រូវចំណាយប្រាក់ប្រមាណជាង ១៤០លានដុល្លារអាមេរិក ហើយនៅប្រព័ន្ធលូទឹកភ្លៀង សម្រាប់រំដោះទឹកភ្លៀងកុំឱ្យជន់លិចជាង២០គីឡូម៉ែត្រ ត្រូវចំណាយថវិកាប្រមាណ២៥លានដុល្លារអាមេរិកបន្ថែមទៀត សរុបទាំងអស់ជាង ១៧០លានដុល្លារអាមេរិក ដើម្បីដោះស្រាយប្រព័ន្ធទឹកស្អុយតំណាក់កាលទី១ និងប្រព័ន្ធរំដោះទឹកភ្លៀងតំណាក់កាលទី១ ក្នុងក្រុងព្រះសីហនុ។

លោកបន្ថែមថា «នៅពេលដែលការសាងសង់ប្រព័ន្ធលូទាំងនេះ រួចជាស្រេចនៅថ្ងៃខាងមុខ យើងនឹងលែងមានទឹកកខ្វក់ហូរចូលសមុទ្រទៀតឡើយ ដោយមុននឹងបង្ហូរទៅសមុទ្រ យើងនឹងចម្រោះវាឱ្យស្អាតជាមុនសិន ហើយបច្ចុប្បន្ននេះ យើងអាចគ្រប់គ្រងទឹកកខ្វក់បានតែជាង៣ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ តែបើសិនជាការប្រើប្រាស់ទឹកកាន់តែច្រើន ទឹកកខ្វក់ហូរចេញពីផ្ទះពលរដ្ឋ អគារសណ្ឋាគារផ្សេងក៏កាន់តែច្រើន ដូច្នេះហើយត្រូវការសាងសង់ប្រព័ន្ធលូ និងអាងចម្រោះជាបន្តបន្ទាប់ទៀតផងដែរ»។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុងតែសិក្សាផែនការមេ និងការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់នៅតាមបណ្តាខេត្តដូចជា កំពត កែប កោះកុង បាត់ដំបង កំពង់ចាម និងខេត្តផ្សេងៗទៀតផងដែរ ដែលជាក់ស្តែងខេត្តកំពង់ស្ពឺ បានធ្វើការសិក្សាផែនការមេនេះរួចហើយ ហើយនឹងបន្តធ្វើផែនការមេនេះឱ្យគ្រប់២៥ខេត្តក្រុងតែម្តង។

គួរបញ្ជាក់ថា យោងតាមសេចក្តីព្រាងផែនការមេ បរិមាណទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុ ត្រូវបានប៉ាន់ប្រមាណថា នឹងមានចំនួនប្រមាណ២៥,៧០០ម៉ែត្រគូប/១ថ្ងៃ ក្នុងឆ្នាំ ២០១៨ និងបរិមាណ៤៧,០០០ម៉ែត្រគូប/១ថ្ងៃ នៅឆ្នាំ២០២៣ និងប្រមាណ៦៤,០០០ម៉ែត្រគូប/១ថ្ងៃ នៅឆ្នាំ២០៣០៕

ប្រភព៖ Khmer Daily   អត្ដៃថបទ គូសារព័ត៌មាន