សហព័ន្ធ​វ៉ូវីណាម​ និង​សប្បុរសជន​ ទិញ​កង់​ សម្ភារ​សិក្សា​ឧបត្ថម្ភ​សិស្ស​ក្រីក្រ​បំផុត​នៅ​កំពង់ស្ពឺ​

  • 2019-08-26 03:29:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា​ រួម​និង​សប្បុរសជន​មួយ​ចំនួន​ បាន​ប្រមូល​ជា​ថវិកា​បាន​ជាង​៩លាន​រៀល​ ដើម្បី​ទិញ​កង់​ និង​សម្ភារ​សិក្សា​ សម្ភារ​កីឡា​មួយ​ចំនួន​ជួយ​ដល់​សិស្ស​ឆ្នើម​ៗ​ក៏​ដូច​ជា​សិស្ស​ក្រីក្រ​បំផុង​នៅ​សាលា​បឋម​សិក្សា​ម្រុំជើង​ ក្នុង​ខេត្តកំពង់ស្ពឺ។

ទិដ្ឋភាពកម្មវិធីកាលថ្ងៃសៅរ៍

ឯកឧត្ដម​ អ៊ូ​ រតនា​ អនុប្រធាន​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ថវិកា​ដែល​រួម​គ្នា​រវាង​សហព័ន្ធ​ និង​សប្បុរសជន​ ក៏​ដូច​ជា​អតីត​សិស្ស​នៅ​សាលា​បឋមសិក្សា​ម្រុំជើង​ ប្រមូល​បាន​ទាំង​អស់​ជាង​៩លាន​រៀល​ ដើម្បី​យក​មក​ធ្វើ​ពិធី​ជួបជុំ​ ចែក​សម្ភារ​សិក្សា​នេះ​ឡើង។​ សម្ភារ​ដែល​ចែក​ជូន​ដល់​សិស្សានុសិស្ស​ ៨៥៩​នាក់​ នោះ​មាន​ប៊ិច​ សៀវភៅ​ កង់​ បាល់​ទះ​ បាល់ទាត់​ និង​អាវ​កីឡា​មួយ​ចំនួន​ទៀត​ផង​ដែរ។​

ទិដ្ឋភាពកម្មវិធីកាលថ្ងៃសៅរ៍

សម្រាប់​ការ​ចែក​ជូន​នេះ​ គឺ​ផ្ដល់​សិស្ស​ក្រីក្រ​បំផុត​ចំនួន​ ១០នាក់​ មាន​កង់​ សម្ភារ​សិក្សា​ រួម​និង​ថវិកា​មួយ​ចំនួន​ ក្រៅ​ពី​នេះ​មាន​ការ​ផ្ដល់​ជូន​សិស្សពូកែ​ លេខ​១​ លេខ​២​ លេខ៣ និង​សិស្ស​ដែល​បាន​ចូលរួម​ទាំង​អស់​ផងដែរ ទន្ទឹមនិងនេះថវិកា​១លាន​រៀល​ ក៏​បាន​ផ្ដល់​ជូន​ទៅ​នាយក​សាលា​ដើម្បី​ប្រើប្រាស់​ផ្សេងៗ​។​

ទិដ្ឋភាពកម្មវិធីកាលថ្ងៃសៅរ៍

ឯកឧត្ដម​ បាន​បន្ថែម​ទៀត​ថា​ ការ​រៀបចំ​ពិធី​ខាង​លើ​នេះឡើង​គឺ​បង្ហាញ​ពី​ការ​សន្ដានចិត្ត​ និង​ការ​ចេះ​ជួយ​គ្នា​ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា​ ហើយ​សម្ភារ​ទាំង​នេះនឹង​ជួយ​សម្រួល​បាន​មួយ​ភាគ​ធំ​ដល់​សិស្សានុសិស្ស​​ក្នុង​ការ​សិក្សា​ផង​ដែរ។​ ក្នុង​ពិធី​នោះ​ដែរ​សហព័ន្ធ​បាន​បញ្ចូល​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​​វ៉ូវីណាម​ សម្ដែង​ក្បាច់​គុន​ដល់​សិស្ស​បឋម​សិក្សា​ម្រុំ​ជើង​បាន​ទស្សនា​ថែម​ទៀត​ផង។​

រំលឹក​ដែរ​ថា​ ពិធី​ជួបជុំ​ និង​ចែក​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​ ៨៥៩​នាក់​ នៅ​សាលា​បឋមសិក្សា​ម្រុំ​ជើង​ នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៤​ ខែ​សីហា​ ២០១៩​ នៅ​ឯ​ទី​រួម​ខេត្ត​កំពង់ស្ពឺ៕​

ទិដ្ឋភាពកម្មវិធីកាលថ្ងៃសៅរ៍

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​