មើល​មង្គលការ YouTuber ល្បីជាងគេក្នុងលោក ពិសេសកម្រិតណា! (វីដេអូ)

  • 2019-08-27 03:16:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​PewDiePie ដែល​មាន​ឈ្មោះ​ពិត​ថា​ Felix Kjellberg គឺ​ជា​ YouTuber ដ៏​ល្បី​ម្នាក់​ក្នុង​លោក បច្ចុប្បន្ន​មាន​ Subscriber រហូត​ដល់ ១០០ លាន​នាក់​ឯណោះ។ កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ​រូប​គេ និង​មិត្ត​ស្រី​បាន​បង្ហោះ​រូបភាព​អាពាហ៍ពិពាហ៍​លើ Instagram ដែល​ធ្វើ​ឲ្យ​គេ​ឯង​ភ្ញាក់ផ្អើល​ជា​ខ្លាំង។

​តាម​ពិត​ទៅ​ Felix Kjellberg និង​ភរិយា​ Marzia Bisognin បាន​​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍​ជា​ផ្លូវ​ការ​តាំង​ពី​ថ្ងៃ​ទី ១៩ សីហា ហើយ​ដល់​ថ្ងៃ​ទី ២៣ សីហា ទើប​បង្ហាញ​ជា​សាធារណៈ។ ១៩ សីហា​នេះ គឺ​ជា​ខួប​ទី ៨ ឆ្នាំ​នៃ​ចំណង​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ ជា​ថ្ងៃ​ដែល​ផ្ដើម​ស្រឡាញ់​គ្នា​ដំបូង។

​PewDiePie បាន​សុំ​ Marzia រៀប​ការ​កាល​ពី​ខែ​មេសា ឆ្នាំ ២០១៨ នៅ​ពេល​អ្នក​ទាំង​ពីរ​ធ្វើ​ដំណើរ​ទៅ​លេង​ប្រទេស​ជប៉ុន។ បច្ចុប្បន្ន​គូ​ស្នេហ៍​នេះ​កំពុង​ស្នាក់​នៅ​ទីក្រុង​ Brighton ចក្រភព​អង់គ្លេស​ ដោយ​មាន​ឆ្កែ​ចំនួន​ពីរ​ក្បាល​​ឈ្មោះ Edgar និង Maya។

ពិធី​អាពាហ៍ពិពាហ៍​គឺ​ត្រូវ​បាន​រៀប​ចំ​ឡើង​យ៉ាង​សាមញ្ញ​បំផុត ដោយ​​ភ្ញៀវ​ដែល​ចូល​រួម​គឺ​ជា​មិត្ត​ជិត​ស្និទ្ធ និង​សាច់​ញាតិ​របស់​​ភាគី​ទាំង​ពីរ។ ភ្ញៀវ​ដែល​ចូល​រួម​​ក៏​មាន​ YouTuber ដូច​ជា​ JackSepticEye, GirlGamerGab, KickthePJ និង Boyinaband ជា​ដើម។

គូ​ស្វាមី​នេះ​មិន​បាន​ប្រាប់​អំពី​ទីតាំង​រៀប​ចំ​មង្គលការ​នោះ​ទេ។ ផ្អែក​តាម​រូបភាព​ទំនង​ជា​ធ្វើ​ឡើង​នៅ​ Temperate House ដែល​មាន​ទីតាំង​នៅ​ Kew Royal Botanic Gardens ក្នុង​ទីក្រុង​ឡុងដុង។ ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា​ការ​ចំណាយ​លើ​អាពាហ៍ពិពាហ៍​នេះ​គឺ​អស់​ប្រមាណ​ជិត ៩២ ០០០ ដុល្លារ។

PewDiePie កើត​នៅ​ប្រទេស​ស៊ុយអែត។ ​គណនី​ YouTube ដែល​មាន​ Subscriber ១០០ លាន​នាក់​របស់​​លោក ត្រូវ​បាន​ប៉ាន់ស្មាន​ថា​មាន​តម្លៃ ២០ លាន​ដុល្លារ។ Marzia ក៏​ជា​ YouTuber ម្នាក់​ដែរ ប៉ុន្តែ​បាន​ឈប់​ពី​មុខរបរ​នេះ ទៅ​ផ្ដោត​លើ​ការ​ព្យាបាល​ផ្លូវ​ចិត្ត​វិញ៕

ចុចអាន ៖ រក​ឃើញ​គណនី YouTube ទី ២ ដែល​មាន​ចំនួន Subscriber ១០០ លាន​នាក់

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង