Jack Ma ៖​ "ល្អណាស់ដែលមនុស្សចេះស្លាប់"

  • 2019-08-30 08:26:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jack Ma ស្ថាបនិក​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ Alibaba និង​លោក​ Elon Musk ​សហ​ស្ថាបនិក​​ក្រុមហ៊ុន​បច្ចេកវិទ្យា Tesla និង SpaceX បាន​​ជជែក​គ្នា​លើ​ឆាក​សន្និសីទ​ស្ដី​ពី AI កាល​ពី​ថ្ងៃ​ទី ២៩ សីហា​ម្សិលមិញ​​នៅ​ទីក្រុង​សៀងហៃ។

ក្នុង​ជំនួប​ដ៏​កម្រ​នេះ បុគ្គល​​ដែល​មាន​​ចក្ខុ​វិស័យ​​វែង​ឆ្ងាយ​ទាំង​ពីរ​រូប​បាន​​លើក​ឡើង​​អំពី​ប្រធានបទ​សំខាន់ៗ​ជា​ច្រើន​ទាក់​ទង​នឹង AI (Artificial Intelligence) ដែល AI នេះ​បាន​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​មាន​ការ​ព្រួយ​បារម្ភ។ ជា​ពិសេស​លោក Stephen Hawking ដែល​កាល​នៅ​រស់​លោក​ធ្លាប់​ព្រមាន​ថា AI នឹង​អាច​ធ្វើ​ឲ្យ​មនុស្សជាតិ​ផុត​ពូជ​បាន។

លោក​ Jack Ma ​ហាក់​បាន​ជំទាស់​នឹង​ការ​ព្រួយ​បារម្ភ​នេះ​ដោយ​និយាយ​ថា ៖ "កុំព្យូទ័រ​អាច​នឹង​ឆ្លាត ប៉ុន្តែ​មនុស្ស​លោក​ឆ្លាត​ជាង។ យើង​បាន​បង្កើត​កុំព្យូទ័រ ខ្ញុំ​មិន​ធ្លាប់​ឃើញ​កុំព្យូទ័រ​បង្កើត​មនុស្ស​នោះ​ទេ។ ខ្ញុំ​ថា​ AI អាច​ជួយ​ឲ្យ​យើង​យល់​អំពី​មនុស្ស​បាន​​ច្បាស់​ជាង​មុន។ ខ្ញុំ​មិន​គិត​ថា​វា​ជា​ការ​គំរាមកំហែង​នោះ​ទេ"។ ​​​មួយ​ឃ្លា​​របស់ Jack Ma បាន​ធ្វើ​ឲ្យ​លោក Elon Musk តប​វិញ​ថា ៖ "ខ្ញុំ​​មិន​ដឹង​ទេ វា​ដូច​ពាក្យ​ចុង​ក្រោយ​ល្បី​មួយ”។

ក្នុង​​ជំនួប​នេះ​ ​ម្ចាស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ទាំង​ពីរ​ បាន​បង្ហាញ​មតិ​​ប្រឆាំង​គ្នា​​ជា​រឿយៗ​ ប៉ុន្តែ​​គេ​ក៏​ចាប់​អារម្មណ៍​ថា​អ្នក​ទាំង​ពីរ​យល់​ស្រប​ ថា​វា​ជា​រឿង​ល្អ​ដែល​មនុស្ស​ជាតិ​មិន​មាន​ជីវិត​អមត​ ដោយ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ មាន​ការ​នាំ​យក​គំនិត​ថ្មីៗ​​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ពិភពលោក​ជួប​ប្រទះ។

លោក Jack Ma បាន​លើក​ឡើង​ថា ៖ "ល្អ​ណាស់​ដែល​មនុស្ស​ចេះ​ស្លាប់”។ ចំណែក​លោក​ Elon Musk បាន​​បន្ថែម​ថា ៖ "វា​ប្រហែល​ជា​អ៊ីចឹង​មែន​ហើយ”៕​​​

ចុចអាន ៖​ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សរសើរ​ឡានវៀតណាម ក្រោយសាកកម្លាំងរួច

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ សុខហេង