យុវជនកម្ពុជា ឡាវ វៀតណាម បង្ហាញអំពីក្ដីបារម្ភ ៣ ខុសៗគ្នា

  • 2019-09-03 07:49:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​​​​​​​​និស្សិត​អាហារូបករណ៍​របស់​ក្រុមហ៊ុន SCG មក​ពី​ប្រទេស​អាស៊ាន​ចំនួន ៧ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ បាន​ចូលរួម​នៅ​ក្នុង​សន្និសីទ​ស្ដី​ពី​ការ​អភិវឌ្ឍ​ដោយ​ចីរភាព (Sustainable Development Symposium) នៅ​ឯ​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​រៀប​ចំ​កាល​ពី​ថ្ងៃទី២៦ ខែ​សីហា ឆ្នាំ ២០១៩ ដោយ​ក្រុមហ៊ុន SCG និង​បាន​ចែក​រំលែក​ក្ដី​កង្វល់​របស់​ពួក​គេ អំពី​អនាគត​និង​និរន្តរភាព​បរិស្ថាន នៅ​ក្នុង​ប្រទេស​របស់​ពួកគេ។

និស្សិតអាស៊ានដែលមានចំនួន ៧៣នាក់ គឺជានិស្សិតអាហារូបករណ៍ «ចែករំលែកក្ដីសុបិន» របស់ SCG មកពីប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វ៊ីលីពីន ថៃ និងវៀតណាម។ ពួកគេគឺជាបណ្ដាញយុវជនអាស៊ានមួយក្រុម ដែលខ្វល់ខ្វាយអំពីបញ្ហាបរិស្ថាន និងចង់ចូលរួមចំណែកកសាងអនាគតមួយដែលប្រកបដោយចីរភាព។

និស្សិតទាំងនេះ បានលើកឡើងអំពីបញ្ហាបរិស្ថាននៅក្នុងអាស៊ាន ជម្រាបដល់អ្នកចូលរួមនៅក្នុងសន្និសីទ ដែលរួមមាន មេដឹកនាំធុរកិច្ច មន្ត្រីរដ្ឋាភិបាល តំណាងអង្គការអន្តររដ្ឋាភិបាល និងតំណាងអង្គការសហ​ប្រជាជាតិ​ផងដែរ។

និស្សិត​មក​ពី​កម្ពុជា បាន​សម្ដែង​នូវ​កង្វល់​អំពី​បញ្ហា​សំណល់​ប្លាស្ទិក​នៅ​កម្ពុជា និង​បាន​សំណូមពរ​ឲ្យ​មាន​ការ​គិតគូរ​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។ និស្សិតមកពីប្រទេសឡាវ បានលើកឡើងអំពី​បញ្ហាជម្រៅទឹកកាន់តែរាក់ទៅៗ នៅក្នុងទន្លេមេគង្គ ដែលពួកគេបានអះអាងថា បញ្ហា​នេះ​គឺ​បណ្ដាល​មក​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។ ចំណែក​ឯ​និស្សិត​មក​ពី​វៀតណាម បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​បញ្ហា​អាកាស​ធាតុ​ក្ដៅ​ខ្លាំង​ឡើង​ៗ នៅ​ទី​ក្រុងហូជីមិញ។

កង្វល់អំពីបញ្ហាបរិស្ថានទាំងនេះ ត្រូវបាននិស្សិតអាស៊ានចែករំលែកដល់អ្នកចូលរួមជិត ២ ០០០ នាក់ នៅ​ក្នុង​សន្និសីទ​ស្ដី​ពីការអភិវឌ្ឍដោយចីរភាព ដែល​ឆ្នាំ​ ២០១៩ នេះ ក៏​ជា​ខួប​ទី​ ១០ ឆ្នាំ​នៃ​ព្រឹត្តិការណ៍​នេះ​ផង​ដែរ។

នៅឯសន្និសីទដដែលនេះ ស្ថាប័ននិងក្រុមហ៊ុនធំៗគ្រាក់ៗ ចំនួន ៤៤ ក៏បានប្រកាសពីកិច្ចសហប្រតិបត្តិការជាដៃគូ ដើម្បីជំរុញ «សេដ្ឋកិច្ចវិលជុំ» (Circular Economy) នៅក្នុងដំណើរការទាំងមូលនៃការផលិត ការប្រើប្រាស់ និងការច្នៃប្រើប្រាស់ឡើងវិញ ដោយលើកទឹកចិត្តដល់ «ការប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាពបំផុត ការញែក​សំរាម​ និង​ការ​ចោល​សំរាម​ឲ្យ​បានត្រឹមត្រូវ» ដើម្បីដោះស្រាយបញ្ហាកង្វះធនធាន និងសំណល់ដែលច្រើនហួសហេតុ ។

កិច្ចសហប្រតិបត្តិនេះ មានបំណងបង្កើតនូវឧស្សាហកម្មមួយដែលមានចីរភាព ដែលប្រយុទ្ធប្រឆាំងនឹងការបំពុលសំរាមផ្លាស្ទិកនៅក្នុងសមុទ្រ កែលម្អ​ជីវភាពរបស់សហគមន៍មូលដ្ឋាន និងគ្រប់គ្រងសំណល់ឧស្សាហកម្ម ៕

អត្ថបទ៖ សុខហេង