មកដឹងខ្លះៗអំពី iPhone កាមេរ៉ាម៉ូដជ្រុង មុន​ប្រកាស​យប់​នេះ

  • 2019-09-10 07:31:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​របស់ Apple នឹង​ប្រព្រឹត្តិ​ទៅ​នៅ​យប់​នេះ​ហើយ បច្ចេកវិទ្យា​ដូចជា iOS 13, និង​ Apple Watch ​​ក៏​អាច​បង្ហាញ​ខ្លួន​ផង​ដែរ ប៉ុន្តែ​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​រង់​ចាំ​មើល​នោះ​គឺ iPhone ជំនាន់​ថ្មី។ ខាង​ក្រោម​ជា​ការ​ប្រមូល​ផ្ដុំ​នូវ​អ្វី​ ដែល​យើង​អាច​នឹង​ឃើញ​នៅ​ក្នុង​ការ​ប្រកាស​របស់​ iPhone យប់​នេះ៖

ឆ្នាំ​នេះ Apple កែ​ឈ្មោះ​ iPhone ទាំង​បី​ទៅ​ជា ៖

  • iPhone 11 ស្នងតំណែង iPhone XR (៦,១ អ៊ីញ LCD)

  • iPhone 11 Pro ស្នងតំណែង​ iPhone XS (៥,៨ អ៊ីញ OLED)

  • iPhone 11 Pro Max ស្នងតំណែង iPhone XS Max (៦,៥ អ៊ីញ OLED)

iPhone ទាំង​បី​មាន​កាមេរ៉ា​ជ្រុង​។ iPhone 11 នឹង​មាន​កាមេរ៉ា​ ២ គ្រាប់​មាន​មួយ​ជា​ Telephoto (optical zoom 3x) ចំណែក iPhone 11 Pro និង​ 11 Pro Max នឹង​មាន​កាមេរ៉ា​ ៣ គ្រាប់​មាន​ Lens ទី ៣ ជា​ Ultra-wide angle សម្រាប់​ថត​ទូលាយ។ iPhone ទាំង​បី​អាច​នឹង​មាន​មុខងារ Low-light Photo សម្រាប់​ថត​រូប​ឲ្យ​ភ្លឺ​ច្បាស់​នៅ​ពេល​យប់។

Apple នឹង​មាន​ការ​កែ​លម្អ​ខ្លាំង​ទៅ​លើ​ការ​ថត​​និង​កាត់​ថត​វីដេអូ បើ​យោង​តាម​ iOS 13 ។ អ្នក​អាច​កែ​សម្រួល​ពណ៌​ កាត់​បន្ថែម រង្វិល​ វីដេអូ​តាម​ចិត្ត​របស់​អ្នក​។

នៅ​ក្នុង​ក្បាល​ឆក​ខាង​មុខ​ មាន​រូបរាង​ដដែល ហើយ​កាមេរ៉ា​មុខ​ឡើង​ដល់ ១២ មេហ្កាភិកសែល ធំ​ជាង ៧ មេហ្កាភិកសែល​មាន​នៅ​លើ iPhone XS ។ ហើយ​អាច​ស្កេន​មុខ​ពី​គ្រប់​ជ្រុង​មិន​បាច់​យក​មក​ដាក់​នឹង​មុខ​នៅ​ឡើយ​។

iPhone 11 Pro និង 11 Pro Max នឹង​មាន​ឆ្នាំង​សាក​កម្លាំង ១៨ វ៉ាត់ ដែល​ឆ្នាំង​សាក​គឺ​​មាន​រន្ធ​ត​ភ្ជាប់​ប្រភេទ USB-C មិន​មែន​ USB-A ដូច​មុន​ឡើយ។ ចំណែក iPhone 11 ដែល​ជំនួស​តំណែង iPhone XR នៅ​តែ​បន្ត​ប្រើ​ឆ្នាំង​សាក​ ៥ វ៉ាត់ ប្រើ USB-A ដដែល។

ឡូហ្គោ Apple នឹង​ស្ថិត​នៅ​កណ្ដាល ដើម្បី​ជួយ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ដឹង​ថា​គួរ​ដាក់​ Apple Watch ឬ AirPods នៅ​ចំ​កន្លែង​ណា ដើម្បី​សាក​បញ្ចូល​ថ្ម​ពី iPhone ស៊េរី​ថ្មី ដែល​ iPhone ស៊េរី​ថ្មី​រំពឹង​ថា​នឹង​មាន​មុខងារ​សាក​ថ្ម​ឲ្យ​អ្នក​ដទៃ ស្រដៀង​នឹង​ Wireless PowerShare របស់ Samsung និង Reverse Charge លើ​ស្មាតហ្វូន Huawei។ យ៉ាងណាក្ដីដំណឹងចុងក្រោយពីលោក Ming-Chi Kuo បានឲ្យដឹងថា Apple បាន​សម្រេច​ដក​មុខងារសាកថ្ម​នេះ​ចេញពី iPhone 11 ដោយ​ហេតុផល​ថា​វា​មិន​មាន​កម្លាំង​សាក​ដូច​ការ​ចង់​បាន​របស់ Apple ហើយលោកមិនបានបញ្ជាក់នូវទីតាំងឡូហ្គោ ថាមានការប្រែប្រួលដោយសារការដកមុខងារនេះឬយ៉ាងណានោះទេ។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ Apple នឹង​ដក 3D Touch ដែល​ប្រកាស​តាំង​ពី iPhone 6S ចេញ ហើយ​ជំនួស​ដោយ​ម៉ូទ័រ​រំញ័រ​ថ្មី។ ចំពោះ​តម្លៃ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ ប៉ុន្តែ​វា​នឹង​មិន​ចុះ​ថោក​ជាង​ iPhone ជំនាន់​មុន​ឡើយ។ បើក​ឲ្យ​កុម្ម៉ង់​ទិញ​អំឡុង​ថ្ងៃ​សុក្រ ត្រូវ​នឹង​ថ្ងៃ​ទី ១៣ ​កញ្ញា ហើយ​ការ​បើក​លក់​ផ្លូវការ​នឹង​ធ្វើ​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​បន្ទាប់ ឬ​ចំ​ថ្ងៃ​ទី ២០ ​កញ្ញា ៕​

អាន​បន្ត៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ