​បេក្ខជន​ប្រឡង​បាក់ឌុប​ជ្រើស​យក​ផ្នែកវិទ្យាសាស្រ្តសង្គម​កើន​ឡើង​ជា​លំដាប់​

  • 2019-09-10 03:36:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួន​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​បាន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ក្នុង​នោះ​បើ​គិតពី​ឆ្នាំ​២០១៤​មក​ដល់​ឆ្នាំ២០១៩ បេក្ខជន​ប្រ​ឡង​បាន​ជ្រើស​រើស​ផ្នែក​សង្គម​ក៏មាន​ការ​កើន​ឡើងជា​លំដាប់​ផង​ដែរ។

រហូត​ដល់​ឆ្នាំចុងក្រោយ​​នេះបេក្ខជន​ផ្នែកវិទ្យា​សាស្រ្ត​​សង្គម​មាន​ច្រើនជាង​ផ្នែក​វិទ្យា​សាស្រ្ត។​ បើ​តាម​ទិន្នន័យ​ដែល​Sabayប្រមូល​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៩ បង្ហាញ​ថា​ចំនួន​មណ្ឌល​ប្រឡង​បាន​កើន​ពី​ជាង​១០០​មណ្ឌលនៅ​ឆ្នាំ២០១៤ មក​ដល់​ជាង​២០០​មណ្ឌល​នៅ​ឆ្នាំ​២០១៩​នេះ។​

តាម​តួលេខ​ដដែល​ចំនួន​បេក្ខជន​ប្រ​ឡង​ផ្នែក​វិទ្យាសាស្រ្ត​សង្គម​បាន​ស្ទុះឡើង​ខ្លាំង​នៅ​ឆ្នាំ​២០១៨ និង​បាន​វ៉ា​ដាច់​ចំនួន​បេក្ខជន​ប្រ​ឡង​ផ្នែក​វិទ្យាសាស្រ្ត​នៅ​ឆ្នាំ២០១៩នេះ។

ក្នុង​ឆ្នាំ២០១៤ មណ្ឌល​ប្រ​ឡង​មាន​ចំនួន​១១៧ទូទាំងប្រ​ទេស ហើយ​មណ្ឌល​ប្រ​ឡង​ផ្នែក​វិទ្យាសាស្រ្ត​សង្គម​មាន​តែ​១៣​ប៉ុណ្ណោះ។ ចំនួន​នេះ​បាន​ឡើង​បន្តិច​ស្របពេល​ចំនួន​មណ្ឌលប្រ​ឡង​កើន​ដូច​គ្នា គឺ​នៅ​ឆ្នាំ២០១៥ មណ្ឌលប្រ​ឡងទូទាំងប្រ​ទេសមាន​១៤៩​មណ្ឌល មាន​មណ្ឌលប្រ​ឡងផ្នែក​វិទ្យា​សាស្រ្ត​សង្គម​មាន​ចំនួន​២២​មណ្ឌល។

លុះ​មក​ដល់​ឆ្នាំ​២០១៦ ចំនួន​មណ្ឌ​ល​ទូទាំង​ប្រទេស​បាន​ឡើង​ដល់​​១៥៧​ ក្នុង​នោះ​មណ្ឌល​ប្រឡង​ផ្នែក​សង្គម​បានឡើង​តាម​ដែរ​គឺ​៤២​មណ្ឌល។ សម្រាប់​ឆ្នាំ២០១៧ វិញមណ្ឌល​ប្រ​ឡង​បន្តឡើង​ដល់​១៧៧​មណ្ឌលនៅទូទាំង​ប្រទេស​ ខណៈ​មណ្ឌល​សម្រាប់​ផ្នែក​វិទ្យា​សាស្រ្ត​សង្គម​មាន​ចំនួន​៦៩​។

ការ​កើន​ឡើង​នៅ​តែ​បន្ត​មាន​ មណ្ឌល​ទូទាំង​ប្រ​ទេស​ឡើង​ដល់១៩៦​នៅ​ឆ្នាំ​២០១៨ និង​មណ្ឌល​ប្រ​ឡង​ផ្នែកវិទ្យាសាស្រ្ត​សង្គម​ក៏​បន្ត​ឡើង​ដល់​៩៥​ដែរ។ សម្រាប់​ឆ្នាំ​២០១៩​ឯនេះ​វិញ មណ្ឌល​ប្រ​ឡង​ទូទាំង​ប្រទេស​សរុប​​មាន​២០២​ ខណៈ​មណ្ឌល​ប្រ​ឡង​ផ្នែក​សង្គម​មាន​ដល់ទៅ​១២៧​មណ្ឌលនិង​ផ្នែក​វិទ្យា​សាស្រ្ត​មាន​ត្រឹម​៧៥​មណ្ឌល។

ទាក់ទង​នឹង​ការ​កើន​ឡើង​នៃ​ចំនួន​​បេក្ខជន​ប្រឡង​​ជ្រើស​រើស​ផ្នែក​សង្គម​នេះ​ អ្នកនាំពាក្យ​ក្រ​សួង​អប់​រំ យុវជន និង​កីឡា ឯកឧត្តម រស់​ សុវាចា ឆ្លើយ​តប​មក​កាន់​Sabay តាម​រយៈ​ទូរ​សព្ទ​ថា​នេះ​ជា​ការ​សម្រេច​ចិត្ត​របស់​បេក្ខ​ជន​ម្នាក់ៗ។ ឯក​ឧត្តម​បន្តថា ក្រ​សួង​បាន​ធ្វើ​ការ​តម្រង់ទិស​ដល់​បេក្ខជន​មុន​នឹង​ជ្រើស​រើសផ្នែក​ណា​មួយ ដោយ​ផ្អែក​លើ​ចំណង់ចំណូល​ចិត្ត និង​សមត្ថភាព​របស់​ខ្លួន។

ឯកឧត្តម​បន្តថា៖ «ការ​ជ្រើស​នេះជា​ជម្រើស​បុគ្គរបស់​សិស្ស ដែលគាត់បាន​ទទួល​នូវ​ការ​ពន្យល់​ពី​ក្រុម​ការ​ងារ​បច្ចេកទេស​ នាយក​ដ្ឋាន​តម្រង់ទិសតាំងពី​គាត់​រៀន​ថ្នាក់ទី​១០​...​ឲ្យ​គាត់ដឹង​ពី​ចំណង់​ចំណូល​​ចិត្ត​ និង​អាទិភាព​ទី​ផ្សារ​ការងារ​...​ឲ្យ​គាត់​ស្គាល់​ខ្លួន​ឯង ថា​អាច​ជ្រើស​រើស​វីទ្យាសាស្រ្ត ឬ​សង្គម​...​ជា​រួមជា​ជម្រើស​បុគ្គល»។

តាម​ការ​សាក​សួរ​ទៅ​កាន់​លោក​គ្រូ អ្នក​គ្រូ​មួយចំនួន​ដែល​កំពុង​បង្រៀន​នៅ​តាម​បណ្ដា​ខេត្ត ពួកគាត់​លើក​ឡើងថា​សិស្ស​ខ្លះ​យល់ថា​មុខវិជ្ជាវិទ្យាសាស្រ្ត​សង្គម​ងាយ​​ប្រឡង​​​ជាប់ជាង​ផ្នែក​វិទ្យា​សាស្រ្ត​​ទើប​សម្រេច​ចិត្ត​យក​ផ្នែក​សង្គមបែប​នេះ។ លោក​គ្រូ​ខ្លះ​ឲ្យ​ដឹង​ទៀតថា​បេក្ខជន​ខ្លះជា​បេក្ខជន​ស្វៃ​រិន ដែល​ធ្លាប់​ធ្លាក់​កាលពី​ឆ្នាំ​កន្លង​មក ហើយ​នៅ​ឆ្នាំ​ថ្មី​ក៏ដាក់ប្រ​ឡង​ផ្នែក​សង្គម​ដែរ ដោយ​គិតថា​អាច​ងាយ​ជាប់​ជាង​ផ្នែក​វិទ្យាសាស្ត្រ។

កញ្ញា ស៊ីថា ស្រីលីន បាន​ប្រាប់​ Sabay ក្រោយ​ប្រកាស​លទ្ធផល​នៅ​សាលាបឋម​សិក្សា​ចតុមុខ​​ម្សិល​មិញ​ថា​កញ្ញា​បាន​ជ្រើស​រើស​រៀន​ និង​ប្រឡង​ផ្នែក​វិទ្យាសាស្រ្ត​សង្គម​ ព្រោះ​ខ្លួន​ចង់​រៀន​ច្បាប់ និង​ចង់​ក្លាយជា​មន្ត្រី​នគរ​បាល​នៅ​ពេល​រៀន​ចប់។

កញ្ញា​បន្តថា៖ «ខ្ញុំ​ចង់​ចូល​ច្បាប់​អ៊ីចឹង​ខ្ញុំ​គិតថា​យក​សង្គម​ហ្មង​...នៅ​ខាង​វិទ្យាសាស្រ្ត​ខ្ញុំ​អត់សូវ​ចេះ​គីមីវិទ្យា រូបវិទ្យា​អីអ៊ីចឹង​ ខ្ញុំអត់អាចទៅ​បាន...​ណាមួយ​គ្រួសារ​អត់សូវមាន​ថវិកាឲ្យ​រៀនពេទ្យ​អីចឹង ដូចនេះ​ប៉ាថាឲ្យ​ចូលខា​ង​សង្គម​ទៅ»។​

ចំណែក​កញ្ញា​ រឿន សុខនីន ទើប​ដឹង​លទ្ធផល​ថា​ប្រឡង​ជាប់​បាក់ឌុប​កាលពី​ម្សិល​មិញ​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា​កញ្ញា​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​​យក​មុខ​វិជ្ជាវិទ្យា​សាស្រ្ត​សង្គមព្រោះ​ចង់​រៀន​ច្បាប់ និង​ទេសចរណ៍។

កញ្ញា​បន្តថា៖ «យក​សង្គម លក្ខណៈថា​គណិតវិទ្យា​​ខ្ញុំ​អត់សូវ​ពូកែ តែមិនមែនថា​មកពី​រៀន​មុខវិជ្ជា​ហ្នឹង​អត់ចូលទេ មកពីគ្រួសារចង់​ឲ្យ​​ខ្ញុំរៀន​ច្បាប់ អ៊ីចឹង​វា​ពាក់ព័ន្ធនឹង​សង្គម​ច្រើន អ៊ីចឹង​នាំឲ្យ​ខ្ញុំ​រើស​យក​សង្គម»។

គួរ​បញ្ជាក់ថា​លទ្ធ​ផល​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សាទុតិយភូមិ​​ឆ្នាំនេះ​បេក្ខជន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​សរុប​មាន​ចំនួន​១១៧ ០៤៣​នាក់ ក្នុង​នោះ​៩០ ៩៦៦​នាក់ជា​បេក្ខជន​ចំណេះទូទៅ ១៨ ៤៥៧​នាក់​ជា​បេក្ខជន​ស្វៃរិន ៤ ៥៦៤នាក់ជា​បេក្ខជន​បំពេញ​វិជ្ជា និង​៣ ០៥៦​នាក់ជា​បេក្ខជន​ស្វៃរិនបំពេញ​វិជ្ជា។

បេក្ខជនប្រឡង​ជាប់មានចំនួន​៦៨,៦២ភាគរយ ក្នុង​នោះ​សិស្ស​បាននិទ្ទេស​A មានចំនួន​៤៤៣នាក់ ខណៈកាលឆ្នាំ២០១៨ សិស្សនិទ្ទេស​Aមាន​ចំនួន​៤០៨​នាក់៕

អត្ថបទ៖ ទូច សុខា