Jack Ma​ ចុះចេញ​ពី​តំណែង​ បានអ្នកណាឡើងជំនួស?

  • 2019-09-11 06:57:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បើក​ឆាក​ទីផ្សារ​ E-commerce​ អស់​រយៈ​ពេល​ ២០ឆ្នាំ​មក​ ទី​បំផុត​មហាសេដ្ឋី​និង​ជា​ម្ចាស់​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​ដ៏​ល្បី​របស់​ចិន​ប្រកាស​ខ្លួន​ចូល​និវត្តន៍​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​ហើយ​ (១០ កញ្ញា ២០១៩)។​

(Jack Ma រូបភាពពី Commons Wiki Media អំឡុងថ្លែងក្នុងសន្និសីទ World Economic Forum)

គម្រោង​ចូល​និវត្តន៍​នេះ​លោក​ធ្លាប់​បាន​ប្រកាស​ម្ដង​រួច​មក​ហើយ​ក្នុង​ថ្ងៃ​គម្រប់​ខួប​ ១៩ឆ្នាំ​របស់​ Alibaba​ និង​ជា​ថ្ងៃ​កំណើត​អាយុ​ ៥៤ឆ្នាំ​របស់​លោក​កាល​ពី​ឆ្នាំ​ទៅ​ (១០ កញ្ញា ២០១៨)។​

Daniel​ Zhang​ ដែល​បច្ចុប្បន្ន​កាន់​តំណែង​ជា​ Chief​ Executive​ នឹង​ចូល​មក​កាន់​តំណែង​ Executive​ Chairman​ ជំនួស​ Jack Ma។​ យ៉ាងណា​ក៏​ដោយ​ Jack Ma​ នឹង​នៅ​តែ​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ Daniel​ រហូត​ដល់​ការ​ប្រជុំ​ម្ចាស់​ភាគ​ហ៊ុន​ប្រចាំឆ្នាំ​ ២០២០​ ដើម្បី​ឲ្យ​ប្រាកដ​ថា​ការ​ផ្ទេរ​តំណែង​គ្រប់គ្រង​នេះ​នឹង​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​រលូន។​

(លោក Daniel Zhang រូបភាពពី Alizila)

ទាក់ទង​នឹង​ការ​ចូល​និវត្តន៍​លើក​នេះ​ លោក​ Jack Ma​ បង្ហើប​ថា​ ខ្លួន​ល្មម​គ្រប់គ្រាន់​នឹង​ការ​ដឹកនាំ​ក្រុមហ៊ុន​នេះ​ហើយ។​ ឯការ​ចូល​និវត្តន៍​នេះ​ក៏​ជា​ពេលវេលា​ស័ក្តិសម​មួយ​ដែល​នឹង​បើក​ឱកាស​ឲ្យ​ Alibaba​ ប្រែ​ខ្លួន​ទៅ​ជា​ក្រុមហ៊ុន​ដែល​មាន​ប្រព័ន្ធ​គ្រប់គ្រង​រឹងមាំ​ មិន​ពឹង​ផ្អែក​តែ​លើ​បុគ្គល​ណា​មួយ​តែ​ម្នាក់។​ ការ​ផ្លាស់​ប្ដូរ​លើក​នេះ​មិន​មែន​ជា​ចុង​បញ្ចប់​ទេ​ តែ​ជា​ការ​ចាប់​ផ្ដើម​យុគ​សម័យ​ថ្មី​របស់ Alibaba។​

“បើ​យើង​មិន​ប្ដូរ​របៀប​បង្រៀន​ទេ​ ៣០ឆ្នាំ​ទៀត​ យើង​នឹង​មាន​បញ្ហា​ធំ​ហើយ”​ លោក​ Jack Ma​ ថ្លែង​ក្នុង​វេទិកា​ World​ Economic​ Forum​ កាល​ពី​ឆ្នាំ​ទៅ​ ដែល​នេះ​ជា​ទស្សនៈ​របស់​លោក​ចំពោះ​ការ​ប្រកួត​ប្រជែង​នា​ពេល​អនាគត។​

(លោក Ma Huateng រូបភាពពី​​​ Celebrity Networth )

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ Jack Ma​ ជាប់​ជា​សេដ្ឋី​ដែល​មាន​ទ្រព្យ​សម្បត្តិ​គង់វង្ស​លំដាប់​ទី​ ២១ ​លើ​ពិភពលោក​ និង​លំដាប់​លេខ ២​ របស់​ចិន​បន្ទាប់​ពី​ Ma​ Huateng​ មេ​ Tencent។​ Jack Ma​ មាន​ទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​ ៣៧ ៣០០​ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕​

ប្រភព៖ BBC | CNN | The Standard   ប្រែ​សម្រួល៖ Sokchea Heng

អត្ថបទពេញនិយម