វគ្គ​ទី៣​ ការ​បង្រៀន​របស់​គ្រូ​ Spurs​ អំពី​«មុំ​ទាំងបួន»​ ពិត​ជា​មាន​សារសំខាន់​ដល់​សិក្ខាកាម​កម្ពុជា​

  • 2019-09-14 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វគ្គ​សិក្សា​លើកទី៣​ ដែល​មាន​គ្រូ​អន្តរជាតិ​របស់​ក្រុម​មក​ពី​អង់គ្លេស​ Spurs​ បាន​ចែក​រំលែក​ចំណេះដឹង​ដល់​គ្រូ​បង្គោល​ប្រចាំ​ក្លឹប​នានា​ក្នុង​លីគ​កំពូល​កម្ពុជា​ លើក​នេះ​គឺ​ផ្ដោត​សំខាន់​លើ​យុទ្ធសាស្ត្រ​មុំ​ទាំង​បួន​ រួម​មាន​ យុទ្ធសាស្ត្រ​ បច្ចេកទេស​ ចិត្ត​សាស្ត្រ​ និង​សង្គម​សាស្ត្រ។​

ទិដ្ឋភាពម្សិលមិញ

វគ្គ​ខាងលើ​នេះ​គឺ​រឹតតែ​មាន​សារសំខាន់​ដល់​សិក្ខាកាម​ចូលរួម​ ជា​ពិសេស​សម្រាប់​គ្រូ​ៗ​ដែល​ត្រូវ​បង្ហាត់​បង្ហាញ​ ឬ​មាន​គម្រោង​បង្កើត​កម្មវិធី​បាល់ទាត់​តាម​សហគមន៍។​ គ្រូ​ជំនាញ​របស់​ក្រុម​ Spurs ទាំង​ពីរ​នាក់​ Anton Blackwood​ និង​ Shaun Harris​ បាន​លំអិត​អំពី​បច្ចេកទេស​មុំ​ទាំង​បួន​ដែល​ជា​យុទ្ធសាស្ត្រ​របស់ក្រុមអង់គ្លេសមួយ​នេះ ឲ្យ​សិក្ខាកាម​ងាយ​ស្រួល​យល់​ ហើយ​បាន​អនុវត្ត​ជាក់ស្ដែង​ថែមទៀត​ផង។​

ទិដ្ឋភាពម្សិលមិញ

គ្រូ​ឧបទេស​មក​ពី​មក​ពី​អង់គ្លេស​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ មុំ​ទាំង​បួន​ ដែល​ជាទស្សនៈ​វិស័យ​របស់​ Spurs​ គឺ​ទី១​ យុទ្ធសាស្ត្រ​ ចង់​សំដៅ​លើ​ការ​រៀបចំ​ក្រុម​ត្រូវ​លេង​យ៉ាង​ណា​ ទី២​ បច្ចេកទេស​ សំដៅ​លើ​តិចនិក​ពួកគេ​ត្រូវ​លេង​ដូចម្ដេច​ ទី៣​ ចិត្ត​សាស្ត្រា​ សំដៅ​លើ​ទឹកចិត្ត​របស់​ក្មេងៗ​នៅ​ពេល​មាន​សម្ពាធ​តើ​ពួកគេ​យ៉ាង​ម៉េច​ អាច​ថា​លេង​លែង​កើត​ ចង់​បោះបង់​ ភ័យ​ស្លន់​ ឬ​អាច​រង​សម្ពាធ​បាន​ច្រើន​ ចំណែក​ទី៤​ សង្គម​សាស្ត្រា​ សំដៅ​លើ​ពេល​លេង​ ថា​តើ​ក្មេងៗ​ទាំង​នោះ​ប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ណា​ ចេះ​ស្រែក​ប្រាប់​គ្នា​ ស្រែក​រក​គ្នា​ឬ​ធ្វើ​យ៉ាង​ដូច​ម្ដេច។​

ទិដ្ឋភាពម្សិលមិញ

អ្នក​ជំនាញ​បាល់ទាត់​ខាង​លើ​នេះ​ បញ្ជាក់​ដែរ​ថា​ អ្វី​ដែល​អ្នក​ទាំង​ពីរ​លើក​ឡើង​នេះ​ ក៏​មិន​ប្រាកដ​ថា​ត្រូវ​ ឬ​សមស្រប​ទៅ​និង​ភាព​ជាក់ស្ដែង​ក្នុង​វិស័យ​បាល់ទាត់​របស់​កម្ពុជា​នោះ​ទេ។​ ប៉ុន្តែ​វា​ជា​ចំណេះ​ដឹង​ និង​បទ​ពិសោធ​មួយ​ផ្នែក​សម្រាប់​សិក្ខាកាម​យក​ទៅ​កែច្នៃ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ឲ្យ​វា​ទទួល​បាន​ផល​វិជ្ជមាន​ក្នុង​ការ​អភិវឌ្ឍន៍​បាល់ទាត់​តាម​សហគមន៍​រៀង​ៗ​ខ្លួន។​

ទិដ្ឋភាពម្សិលមិញ

លោក​ស្រី​ Pauline​ ថ្នាក់ដឹកនាំ​ AIA​ បាន​ឲ្យ​ដឹង​ដែរ​ថា​ កម្មវិធី​វគ្គ​បណ្ដុះបណ្ដាល​នេះ​ គឺ​ធ្វើ​ឡើង​រយៈពេល​ពេញមួយ​ឆ្នាំ​តែ​ម្ដង។​ នេះ​ជា​ការ​រួម​ចំណែក​របស់​ AIA ក្នុង​ការ​ជំរុញ​ទឹក​ចិត្ត​ និង​បណ្ដុះ​ជំនាញ​បាល់ទាត់​ដល់​យុវជន​កម្ពុជា​ ក្រៅ​ពី​នេះ​ទៀត​នោះ​ក៏​បាន​ជួយ​ឲ្យ​ប្រជាជន​កម្ពុជាមាន​សុខភាពល្អ​ ជីវិតកាន់តែ​ប្រសើរឡើង។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ វគ្គ​សិក្សា​លើក​ទី៣​របស់​ AIA​ សហការជា​មួយក្រុម​បាល់ទាត់​ Spurs​ នេះ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ម្សិលមិញ​នៅ​ឯ​សកលវិទ្យាល័យ​ AUPP។​ ចំពោះ​សិក្ខាកាម​ចូលរួម​គឺ​គ្រូ​ៗ​ និង​បុគ្គលិក​មក​ពី​បណ្ដា​ក្លឹប​បាល់ទាត់​នានា​ក្នុង​លីគ​កំពូល​កម្ពុជា។​ កម្មវិធី​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​សម្រាប់​សហគមន​នេះ​នឹង​ធ្វើ​ជា​លើក​ទី៤​ ចុង​ក្រោយ​​នៅ ​ខែ​ធ្នូ​ ២០១៩​ ខាង​មុខ​នេះ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​