១ នាទីសោះ iPhone 11 នៅ​ចិនលក់បាន ១៤ លានដុល្លារ

  • 2019-09-17 07:59:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​iPhone ជំនាន់​ចុង​ក្រោយ​របស់ Apple ទទួល​បាន​ការ​កុម្ម៉ង់​ទិញ​ច្រើន​លើស​ពី​ការ​រំពឹង​ទុក​ក្នុង​ទីផ្សារ​ប្រទេស​ចិន ដោយ​អ្នក​វិភាគ​បាន​និយាយ​ថា​ការ​ដាក់​តម្លៃ​ទាប និង​ជម្រើស​ពណ៌​ច្រើន​ជាង​មុន ជា​ចំណែក​ជួយ​បង្កើន​ចំនួន​លក់ ដ្បិត​ថា​​រង​ការ​ប្រកួតប្រជែង​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក​ក្ដី។

ទិន្នន័យ​ពី Tmall សេវាកម្ម​លក់​ទំនិញ​អនឡាញ​របស់​ក្រុមហ៊ុន Alibaba Group បាន​បង្ហាញ​ថា​​ចំនួន​លក់​នៃ​ត្រកូល iPhone 11 បាន​​​កើន​លើស ១០០ លាន​យ័ន (ប្រមាណ ១៤ លាន​ដុល្លារ) ក្នុង​ពេល ១ នាទី​ដំបូង បន្ទាប់​ពី​ iPhone ទាំង​បី បើក​ទទួល​ការ​កុម្ម៉ង់​ទិញ ពោល​នៅ​វេលា​ម៉ោង ៨ យប់​ថ្ងៃ​សុក្រ​កន្លង​ទៅ នៅ​លើ​វិបសាយនេះ។

ពេញ​និយម​ជាង​គេ​គឺ iPhone 11 ដែល​ចំនួន​លក់​របស់​វា​បាន​កើន​ឡើង ៣៣៥% បើ​ធៀប​នឹង iPhone XR ដែល​​បង្ហាញ​ចេញ​កាល​ពី​ឆ្នាំ ២០១៨។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ Tmall ដដែល។

ដោយ​ឡែក​ Fenqile ដែល​ជា​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ និង​អ្នក​ទទួល​បាន​សិទ្ធ​លក់​ផលិតផល Apple បាន​ប្រាប់​ដល់ CNBC ថា​ iPhone 11 គឺ​ជា​ម៉ូដែល​ពេញ​និយម​ជាង​គេ ដោយ​ក្នុង​ចំនួន​កុម្ម៉ង់​ទិញ​សរុប​មាន ៤០% គឺ​ជា iPhone 11 ទំហំ ១២៨GB ហើយ ២២% ជា​ iPhone 11 ទំហំ ៦៤GB។ គួរ​ដឹង​ថា iPhone 11 មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៧៧៧ ដុល្លារ​នៅ​ប្រទេស​ចិន។

ម៉ូដែល​ពេញ​និយម​បន្ទាប់​នៅ​លើ Fenqile គឺ​ iPhone 11 Pro Max ទំហំ ២៥៦GB ដែល​មាន​ចំនួន ១៣% នៃ​ចំនួន​​ត្រកូល​ iPhone 11 សរុប​ដែល​គេ​កុម្ម៉ង់​ទិញ​។ iPhone 11 Pro Max ២៥៦ GB គឺ​មាន​តម្លៃ​ ១០ ៨៩៩ យ័ន (ប្រមាណ ១ ៥៣៧ ដុល្លារ) នៅ​ចិន នេះ​មាន​ន័យ​ថា​នៅ​មាន​អតិថិជន​មួយ​ចំនួន​តូច​របស់ Apple នៅ​ហ៊ាន​ចំណាយ​លុយ​ទិញ​ម៉ូដែល​ថ្លៃៗ​នៅ​ឡើយ៕

ចុចអាន ៖ Apple មិនទាន់ចេញលក់ផង តែ iPhone 11 Pro Max ត្រូវគេបើកប្រអប់រួចបាត់ហើយ!

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង