អ្នកទើបចប់បាក់ឌុប អាចស្ដាយក្រោយមិនតិចទេ បើមិនស្គាល់កម្មវិធីទូរសព្ទនេះ (វីដេអូ)

  • 2019-09-18 02:00:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Trey Visay (ត្រី​វិស័យ) គឺ​ជា​កម្មវិធី​មួយ​ផលិត​ឡើង​ដោយ​ក្រុម​ការងារ iCamp ​ក្រោម​កិច្ច​សហការ​ជា​មួយ Kampuchean Action for Promote Education (ហៅ​កាត់ KAPE) ដែល​ដាក់​ឲ្យ​ប្រើ​ប្រាស់​លើក​ដំបូង​នៅ​លើ Android ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១៨។​

កម្មវិធី​នេះ​​ផលិត​ឡើង​​មក​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កំពុង​ជួប​ប្រទះ​នៅ​ក្នុង​សង្គម ជា​ពិសេស​គឺ​បញ្ហា​របស់​យុវវ័យ​ទើប​រៀន​ចប់​ថ្នាក់​ទី ១២ ដែល​ពិបាក​ក្នុង​ការ​ស្វែង​រក និង​ជម្រើស​រើស​ជំនាញ​សិក្សា​ដែល​ត្រូវ​នឹង​ទេពកោសល្យ​របស់​ខ្លួន ដោយ​បច្ចុប្បន្ន​កម្មវិធី​នេះ​គឺ​បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ផ្ទាល់​តែ​ម្ដង។

កម្មវិធី Trey Visay ដែល​បច្ចុប្បន្ន​អាច​ដំឡើង​បាន​ទាំង​លើ​ឧបករណ៍ Android និង iOS គឺ​មាន​ចែក​ចេញ​ជា​ ៥ ចំណុច​សំខាន់ៗ​រួម​មាន ៖

  • ការ​វាយ​តម្លៃ​មុខ​របរ​ ៖ ធ្វើ​តេស្ត​វាយ​តម្លៃ​មុខ​របរ​ និង​អាជីព​ ដើម្បី​ដឹង​អំពី​ចំណង់​ចំណូល​ចិត្ត​ ទេព​កោសល្យ និង​អាជីព​ដែល​ស័ក្ដិសម​​សម្រាប់​អ្នក​នៅ​ពេល​អនាគត។

  • ស្វែង​យល់​អំពី​បុគ្គលិក​លក្ខណៈ ៖ តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​ឯកទេស​ខាង​ចិត្ត​សាស្ត្រ​បង្ហាញ​ថា​ បុគ្គលិក​លក្ខណៈ​របស់​មនុស្ស​ចែក​ចេញ​ជា​ ៦ ប្រភេទ។

  • គ្រឹះ​ស្ថាន​សិក្សា ៖ ជា​​កន្លែង​សម្រាប់​ស្វែង​រក​ព័ត៌មាន​អំពី​គ្រឹះស្ថាន​សិក្សា​ អាសយដ្ឋាន ទំនាក់ទំនង និង​មុខ​វិជ្ជា​សិក្សា​ក្រោយ​បញ្ចប់​ថ្នាក់​ទី ១២។

  • ប្រភេទ​ការងារ ៖ បង្ហាញ​អំពី​ប្រភេទ​ការងារ​ និង​​វិទ្យាស្ថាន​ដែល​មាន​​បង្រៀន​មុខ​វិជ្ជា​ទាក់ទង​នឹង​ប្រភេទ​ការងារ​នោះ បូក​រួម​វីដេអូ​និយាយ​អំពី​ការងារ​មួយ​ចំនួន​ផង​ដែរ។​

  • ​វីដេអូ​មុខ​របរ ៖ គឺ​ជា​កន្លែង​ទស្សនា​វីដេអូ​​ដែល​មាន​រៀប​រាប់​អំពី​​មុខ​របរ ពី​សំណាក់​វាគ្មិន​ដែល​​ប្រកប​មុខ​របរ​នោះ​ផ្ទាល់។

ដើម្បី​ទាញ​យក​កម្មវិធី Trey Visay អាច​ចូល​ទៅ​កាន់​ Play Store នៅ​លើ Android ឬ App Store នៅ​លើ​ iOS ដោយ​វាយ​ពាក្យ​ថា​ "Trey Visay”៕

ចុចអាន ៖ ថ្មីចែស! យកសំឡេងស្រីស្អាតប្រចាំប្រទេស ដាក់លើកម្មវិធីល្បីមួយទុកនាំផ្លូវ

អត្ថបទ៖ សុខហេង