លេច​មុខ​នារី​ចិន​វ័យ​ក្មេង​ ស្អាត​ៗ​ជា​ច្រើន​នាក់ សម្ពោធ​រឿង "វាល​ប្រមាញ់" យប់​មិញ

  • 2019-09-18 03:45:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភាពយន្ត​ខ្នាត​ធំ​របស់​ផលិតកម្ម "កងចក្រ​ភីកឈ័រ" បាន​បើក​សម្ពោធ​ជា​ត្រៀម​ដាក់​បញ្ចាំង​ផ្លូវ​ការ​នៅ​គ្រប់​រោង​ភាពយន្ត​នៅ​រាជធានី នា​យប់​មិញ​ដោយ​មាន​នារី​វ័យ​ក្មេង​ស្អាត​ជនជាតិ​ចិន​ជា​ច្រើន​រូប ទាក់​ក្រសែ​ភ្នែក​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​គូ។

វត្តមាន​របស់​នារី​វ័យ​ក្មេង​ស្អាត​ៗ​ជនជាតិ​ចិន​ទាំង​ឡាយ​​យប់​មិញ ក្នុង​កម្មវិធី​សម្ពោធ​រឿង​ខ្មែរ​នោះ នាំ​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់​ខ្លះ​ៗ ត្បិត​ថា ពួក​គេ ពិត​ជា​កម្រ​ឃើញ​វត្តមាន​ពួក​គេ​នៅ​ក្នុង​កម្មវិធី​រៀប​ចំ​ឡើង​ដោយ​ក្រុម​ការងារ​ខ្មែរ​ណាស់។ យ៉ាង​ណា​ក៏​ដោយ តាម​ក្រុម​ការងារ​ផលិត​រឿង "វាល​ប្រមាញ់" ឬ "The Prey” បាន​ឲ្យ​ដឹង​ថា ពួក​គេ​មក​តាម​រយៈ​ក្រុម​អ្នក​ឧបត្ថម្ភ​ធំ​មួយ គឺ​ធនាគារ​ព្រីន។

ម្យ៉ាង​នៅ​ក្នុង​សាច់​រឿង តួអង្គ​ឯក ក៏​ជា​ជនជាតិ​ចិន​ដែរ គឺ​លោក Gu Shangwei តារា​សម្ដែង​ជំនាញ​ក្បាច់​គុន​ចិន ហើយ​នេះ​ក៏​ជា​មូលហេតុ​មួយ​នាំ​វត្តមាន​របស់​នារី​ជនជាតិ​ទាំង​នោះ​មក​កម្មវិធី​ដែរ។ និយាយ​ពី​វត្តមាន​តារា​ចិន លោក Gu Shangwei ក្នុង​ខ្សែ​ភាពយន្ត​ខ្មែរ​រឿង "វាល​ប្រមាញ់" អ្នក​ដឹកនាំ​រឿង​ជនជាតិ​អ៊ីតាលី ពន្យល់​ថា លោក​សម្រេច​រើស​លោក​បញ្ចូល ដោយ​សារ​មើល​ឃើញ​ពី​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​ចិន​នា​ពេល​បច្ចុប្បន្ន។

ដូច្នេះ​លោក​ចង់​ប្រើ​ប្រាស់​ខ្សែ​ភាពយន្ត​ខាង​លើ រឹត​ចំណង​ទាក់​ទង​រវាង​ប្រទេស​ទាំង​ពីរ​តាម​រយៈ​ភាពយន្ត​ផង​ដែរ។ បន្ថែម​ពី​លើ​នេះ លោក​ក៏​ចង់​បង្កើន​ឱកាស​ឲ្យ​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ប្រភេទ Action បាន​ទៅ​ចាក់​បញ្ចាំង​នៅ​ក្នុង​ប្រទេស​ចិន​ថែម​ទៀត ព្រោះ​ថា ចិន គឺ​ជា​ទីផ្សារ​ធំ​បំផុត​របស់​ពិភព​លោក។

“វាល​ប្រមាញ់" ឬ "The Prey” ផលិត​ដោយ​ផលិតកម្ម "កងចក្រ​ភីកឈ័រ" ដែល​និពន្ធ និង​ដឹក​នាំ​ដោយ​លោក Jimmy Henderson អ្នក​ដឹកនាំ​រឿង​ជនជាតិ​អ៊ីតាលី ។ រឿង​នេះ ត្រូវ​ទម្លាយ​ឲ្យ​​ដឹង​ថា បាន​​ចំណាយ​ទុន​យ៉ាង​មហាសាល​ដល់​ទៅ ១លាន​ដុល្លារ​អាមេរិក​ក្នុង​ការ​ផលិត ដែល​ជា​តួលេខ​ដ៏​ខ្ពស់​បំផុត​មួយ​ក្នុង​​សិល្បៈ​ភាពយន្ត​ក្នុង​ស្រុក។ មុន​នឹង​ត្រូវ​យក​មក​បើក​សម្ពោធ​ត្រៀម​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​ចាប់​ពី​ស្អែក​នេះ ភាពយន្ត​ខាង​លើ ក៏​បាន​យក​ទៅ​ចាក់​បញ្ចាំង​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​នៅ​កូរ៉េ​ខាង​ត្បូង "Chungbuk International Martial Arts and Action Film Festival " ដែរ។

លោក អ៊ូ តារា និង​លោក Jimmy បាន​អះអាង​ដូច​គ្នា​ថា ក្រុម​អ្នក​រៀប​ចំ​មហោស្រព​ខាង​លើ បាន​លើក​សរសើរ​ភាពយន្ត​ខ្មែរ​មួយ​រឿង​នេះ​ថា មាន​កម្រិត​ល្អ ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​រីក​ចម្រើន​នៃ​ភាពយន្ត​ខ្មែរ។ "គេ​ថា​រឿង​របស់​យើង​នេះ​ល្អ ស្មើ​មុខ​ស្មើ​មាត់​ជាមួយ​រឿង​គេ​ផ្សេង​ទៀត​ដែរ ប៉ុន្តែ​បើ​ធៀប​នឹង​រឿង​របស់​ប្រទេស​ផ្សេង​ទៀត​ដូច​ហូលីវូដ​អី យើង​មិន​ទាន់​អាច​ប្រៀប​ធៀប​បាន​ទេ...យ៉ាង​ណា គេ​ថា​យើង​បាន​រីក​ចម្រើន​មួយ​កម្រិត​ហើយ"។ លោក អ៊ូ តារា ថ្លែង។

រឿង "វាល​ប្រមាញ់" ចូល​រួម​តារា​សម្ដែង​៣ជាតិ​សាសន៍ គឺ​ខ្មែរ ថៃ និង​ចិន ក្នុង​នោះ​តារា​ក្នុង​ស្រុក​មាន លោក អ៊ូ តារា កញ្ញា ឌី សូនីតា លោក មុន្នី និង​តារា​ច្រើន​ជា​ច្រើន​ទៀត។ ក្រោយ​ពី​នេះ​បើក​សម្ពោធ​ផ្លូវ​ការ​យប់​មិញ ភាពយន្ត​ថ្មី​របស់ កងចក្រ​ភីកឈ័រ នឹង​ចាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា​ចាប់​ពី​ថ្ងៃ​ទី ១៩ កញ្ញា ស្អែក​នេះ​ត​ទៅ​ហើយ៕

អាន៖ គ្រូ​បង្ហាត់​សុនខដ៏​ល្បី​របស់​កម្ពុជា ហ៊ិន រតនា លេច​មុខ​ក្នុង​រឿង​ខ្នាត​ធំ "The Prey”?

អត្ថបទ៖ ទារិកា