ប្រទះ​ឃើញ​អតីត​ថៅកែ KH Promotion អង្គុយ​​លក់​ទឹក​សុទ្ធ​តាម​ចិញ្ចើម​ផ្លូវ​យ៉ាង​សាមញ្ញ

  • 2019-09-20 02:48:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គឹម ហេង ដែល​ស្គាល់​ថា​ថៅកែ​ផលិតកម្ម KH Promotion ដ៏​ល្បី​កាល​ជំនាន់​ជិត​២០​ឆ្នាំ​មុន បាន​បាត់​មុខ​ឈឹង​ពី​ក្នុង​សិល្បៈ ឥឡូវ​នេះ​ស្រាប់​តែ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ទៅ​អង្គុយ​លក់​ទឹក​សុទ្ធ និង​ភេសជ្ជៈ​ផ្សេង​ៗ​ទៀត​យ៉ាង​សាមញ្ញ​នៅ​តំបន់​ច្បារ​អំពៅ។

រូប​ថត​ចំនួន​២​សន្លឹក បង្ហាញ​ថា​លោក គឹម ហេង ស្លៀក​ខោ​ខ្លី​ត្រឹម​ជង្គង់ ពាក់​អាវ​យឺត​មាន​ក និង​ពាក់​មួក​អង្គុយ​លក់​គ្រឿង​ភេសជ្ជៈ និង​របស់​ប្រើ​ប្រាស់​ផ្សេង​ទៀត​ដូច​ជា​ម៉ាស់​ជា​ដើម ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​១ ហួស​បុរី​ប៉េងហួត​បន្តិច ។ ជាមួយ​គ្នា​លោក​បាន​សរសេរ​ប្រាប់​មិត្តភ័ក្ដិ​លើ​បណ្ដាញ​សង្គម​របស់​លោក​ថា នេះ​គឺ​ជា​អាជីវកម្ម​ថ្មី​របស់​លោក ដោយ​ទើប​នឹង​ចាប់​ផ្ដើម​លក់​ប៉ុណ្ណោះ ក្នុង​នោះ​លោក​បាន​ចំណាយ​ដើម​ទុន​អស់ ៥០០​ដុល្លារ​លើ​អាជីវកម្ម​នេះ និង​បាន​ជួល​ដី​ចំណែក​មុខ​ផ្ទះ​គេ​ដើម្បី​ដំណើរ​ការ​អាជីវកម្ម ១ខែ ១០០​ដុល្លារ។

“មិន​ដឹង​ម៉េច​ម៉ា​ទេ​លោក​អើយ សូម​បង​ប្អូន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​១ ហួស​បុរី​ប៉េង​ហួត​បន្តិច សូម​ជួយ​ទិញ​ខ្ញុំ​ផង មាន​លក់​ភេសជ្ជៈ​គ្រប់​មុខ លក់​តែ​រាយ​ទេ អាវ​ភ្លៀង ម៉ាស​មុខ ជា​ពិសេស​បង​ៗ​ប្អូន​ៗ​សិល្បករ ក្រុម​បច្ចេក​ទេស​ភាពយន្ត​ដែល​ស្គាល់​ខ្ញុំ ជិះ​កាត់​កុំ​ភ្លេច​ឈប់ ជួយ​ទិញ​ខ្ញុំ​ផង"។ លោក គឹម ហេង ថ្លែង។

លោក គឹម ហេង គឺ​ជា​អតីត​ថៅកែ​ផលិតកម្ម KH Promotion ជា​ផលិតកម្ម​វ័យ​ចំណាស់​មួយ និង​បាន​បណ្ដុះបណ្ដាល​ធនធាន​សិល្បៈ​ចម្រៀង​ជា​ច្រើន ក្នុង​នោះ​ដូច​ជា សុខ ស្រី​នាង សុខ ពិសី ហ្សូណូ ជា​ដើម សុទ្ធ​តែ​មាន​ការ​ចាប់​ផ្ដើម​ជាមួយ​ផលិតកម្ម​ចម្រៀង​មួយ​នេះ។ យ៉ាង​ណាក្រោយ​មក ផលិតកម្ម​នេះ​ក៏​បាន​បិទ​ទ្វារ ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់កាល​ពី​ជាង​១០​ឆ្នាំ​មុន ហើយ​លោក គឹម ហេង ក៏​បាន​បន្សាត់​ខ្លួន​ចេញ​ពី​ការងារ​សិល្បៈ​តាំង​ពី​ពេល​នោះ​រហូត​មក។

ក្រោយ​មក​ប៉ុន្មាន​ឆ្នាំ ទើប​គេ​ដឹង​ថា លោក​បាន​វិល​ត្រឡប់​ទៅ​រស់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ស្រុក​កំណើត​វិញ ដោយ​ប្រកប​របរ​ធ្វើ​ចម្ការ​លើ​ដី​ជា​ច្រើន​ហិកតារ​របស់​លោក ក្នុង​ជីវភាព​ជា​កសិករ​យ៉ាង​សាមញ្ញ ឈប់​រវីរវល់​នឹង​រឿង​នៅ​ទី​ក្រុង​បន្ត​ទៀត។ ចម្ការ​របស់​លោក​មាន​ដំណាំ​ជា​ច្រើន​ដូច​ជា ទ្រាប់​ពុត​ញង ម្ទេស ល្ពៅ និង​ល្ហុង ជា​ដើម ដែល​ទាំង​នេះ បាន​ចាប់​ផ្ដើម​ឲ្យ​ផល​ហូរហែ​មក​ហើយ ក្រោយ​លោក​បាន​តស៊ូ​មិន​ខ្លាច​នឿយហត់​ជា​ច្រើន​ឆ្នាំ។

ក្នុង​រយៈ​ពេល​ធ្វើ​ចម្ការ​នៅ​បន្ទាយ​មាន​ជ័យ លោក គឹម ហេង និង​ភរិយា ត្រូវ​បាន​គេ​ដឹង​ថា រស់​នៅ​បែក​គ្នា ដោយ​ម្នាក់​នៅ​ខេត្ត និង​ម្នាក់​នៅ​រាជធានី។ យូរ​ៗ​ម្ដង ទើប​គេ​ឃើញ​លោក គឹម ហេង ឡើង​មក​លេង​ភរិយា​នៅ​ភ្នំពេញ។ យ៉ាង​ណា ប្រមាណ​កន្លះ​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​ឃើញ​លោក​ឡើង​ចុះ​ភ្នំពេញ​ញឹកញាប់ ដែល​តាម​ការ​សាកសួរ គឺ​លោក​មាន​រឿង​ត្រូវ​ដោះស្រាយ ក្រោយ​ពេល​លោក និង​ភរិយា​បាន​បែក​គ្នា​ហើយ។

អតីត​ថៅកែ​ផលិតកម្ម​រូប​នេះ ប្រាប់​ថា លោក​ត្រូវ​ភរិយា​សុំ​លែងលះ ទាំង​លោក​មិន​ដឹង​មូលហេតុ​ច្បាស់ មិន​ដឹង​ថា​ភរិយា​ខឹង ឬ​អន់​ចិត្ត​នឹង​លោក​រឿង​អី ហើយ​អ្វី​ៗ​បាន​កើត​ឡើង​លឿន​ហួស​ពី​ការ​គិត។ "បង​រក​មូលហេតុ​មិន​ឃើញ​ទេ បង​សោក​ស្ដាយ​ណាស់ មិន​ដឹង​កំហុស...ឈឺ​ចាប់​ណាស់!"។ លោក​ថា ពិបាក​ទទួល​យក ប៉ុន្តែ​លោក​ក៏​គ្មាន​ជម្រើស​ដែរ ហើយ​អ្វី​ៗ​ក៏​បាន​ទៅ​ហួស​អស់​ហើយ។ លោក​សុំ​មិន​និយាយ​វែង​ឆ្ងាយ​ទៀត​ពី​បញ្ហា​ក្នុង​គ្រួសារ តែ​លោក​ថា ឥឡូវ​ជា​ពេល​ដែល​លោក​ត្រូវ​ចាប់​ផ្ដើម​សារ​ជា​ថ្មី​ទៀត តាម​រយៈ​មុខ​របរ​ខាង​លើ ដោយ​ឡែក​ចម្ការ​នៅ​បន្ទាយ​មាន​ជ័យ គឺ​ផ្ញើ​ឲ្យ​អ្នក​ជិត​ខាង​ឲ្យ​ជួយ​មើល​ថែ​ជំនួស។

បើ​ទោះ​ខ្សែ​ជីវិត​ក្រឡាប់​ចាក់ ១៨០ដឺក្រេ ធ្លាប់​តែ​មាន​លុយ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​ដៃ មាន​មុខ​មាត់ មាន​កិត្តិយស​ខ្ពង់ខ្ពស់ឥឡូវ​សល់​តែ​សម្បក​ខ្លួន លុយ​កាក់ មាស​ប្រាក់​ដុំ​កំភួន​ក៏​គ្មាន ភរិយា​ក៏​សុំ​បែក លោក គឹម ហេង នៅ​តែ​បង្ហាញ​ជំហរ​រឹង​មាំ ក្នុង​នោះ​លោក​ប្រាប់​ថា លោក​នៅ​មាន​បង​ប្អូន​ និង​មិត្តភ័ក្ដិជា​ច្រើន​ទៀត​ដែល​នៅ​យល់​ចិត្ត ជា​កម្លាំង​ឲ្យ​លោក​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ដូច្នេះ​ហើយ ជា​រឿយ​ៗ គេ​ឃើញ​លោក​បង្ហោះ​រូប​ភាព​ញញឹម​ជា​និច្ច ជាមួយ​សារ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ដូច​ជា "មាន​ជីវិត​ត្រូវ​មាន​សង្ឃឹម" "ជីវិត​មាន​ន័យ" ជា​ដើម។

លោក គឹម ហេង លើក​ឡើង​ថា ពេល​នេះ ​លោក​ពេញ​ចិត្ត​នឹង​អ្វី​ដែល​លោក​កំពុង​តែ​មាន និង​បន្ត​ប្រឹង​ប្រែង​បន្ត​ទៀត​សម្រាប់​ជីវិត​មួយ​នេះ មិន​ចុះ​ចាញ់​ឡើយ៕

ដំណាំ​នៅ​ចម្ការ​របស់​លោក​នៅ​បន្ទាយមានជ័យ

អត្ថបទ៖ ទារិកា