តំបន់ទេស​ចរណ៍​បែបធម្មជាតិ​មួយ​ចំនួន​មិន​គួរមើល​រំលង​សម្រាប់​​ឱកាស​បុណ្យភ្ជុំ​

  • 2019-09-23 03:29:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់ទេស​ចរណ៍ធម្មជាតិ​ទាំងនេះ​មាន​ខ្លះ​មិន​ដល់​១០០​គីឡូម៉ែត្រពី​​រាជធានី​ភ្នំពេញ និង​ខ្លះមាន​ចម្ងាយ​លើសពី​១០០​គីឡូម៉ែត្រ។ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បើ​បាន​ទៅ​លេង​ស្រុក​អាច​ពិចារណា​តំបន់​ទាំង​នេះ​បានក្រែង​នៅ​ជិត​ស្រុក​កំណើត​របស់​លោក​អ្នក។

(សហគមន៍​ត្រពាំង​សង្កែ/រូបភាព៖ ហ្វេសប៊ុក​សហគមន៍​ត្រពាំង​សង្កែ)

**សហគមន៍​ត្រពាំង​សង្កែ៖** សហគមន៍​នេះ​មាន​ចម្ងាយ​ប្រហែល​ជា​ប្រាំពីរ​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​កំពត​តាម​បណ្តោ​យផ្លូវ​ជាតិ​លេខ​៣៣។ ភូមិទេសចណ៍ត្រពាំង​សង្កែ​មានកន្លែង​ស្នាក់​នៅ​ក្នុង​តម្លៃ​អាចពី​១០​ដុល្លារ​ឡើង។ ទៅ​លេង​ទី​នោះ​ភ្ញៀវ​អាច​ជិះទូក​មើលទេសភាពព្រៃកោងកាង ដាំដើម​កោងកាង​ក្នុង​សហគមន៍ ស្ទូចត្រី និង​ពេល​យប់​អាច​មើល​អំពិល​អំពែក​បាន​ផង​ដែរ។

(Farmhouse Smiling Gecko/រូបភាព៖ ហ្វេសប៊ុក Farmhouse Smiling Gecko)

Farmhouse Smiling Gecko៖ ជា​កន្លែង​លំហែមួយ​កន្លែង ដែលមាន​បឹងហ្គាឡូសម្រាប់​សម្រាកកម្សាន្ត​ មាន​កសិដ្ឋាន​បន្លែធម្មជាតិ មាន​ភ្នំ មាន​កន្លែងជិះ​ឡូរី និងអាហារ​ភេសជ្ជៈជា​ច្រើន​ប្រភេទ ដែល​សក្ដិសម​សម្រាប់​អ្នក​ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់​។ Farmhouse Smiling Gecko មាន​​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់​ឆ្នាំង មាន​ចម្ងាយ​ប្រហែល​៨០គីឡូម៉ែត្រ​ពី​ភ្នំពេញ ដោយ​ធ្វើដំណើរតាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ហួស​បន្ទាយ​លង្វែក និង​ត្រូវ​បត់ឆ្វេង​ចូល​តាម​ផ្លូវ​សាលាស្រុក​សាម​គ្គីមាន​ជ័យ​បន្ត​ទៀត​។

កន្លែង​សម្រាក​លំ​ហែនេះ​មាន​ទាំងម្ហូប​ខ្មែរ និង​បរទេស គ្រាន់​តែ​​ថា​បើ​អ្នក​ទៅ​លេង​​ចង់​ទទួលទាន​ម្ហូប​ខ្មែរដូច​ជាមាន់ដុត ត្រីបំពង​ជា​ដើម ត្រូវ​កក់​ឬប្រាប់​ម្ចាស់​កន្លែង​ជាមុន​។​

(អន្លង់ភ្ញៀវ)

អន្លង់ភ្ញៀវ៖ អន្លង់ភ្ញៀវ​ជា​តំបន់ទេស​ចរ​បែបធម្មជាតិកែច្នៃ មួយ​កន្លែង​នៅ​ក្នុងភូមិ​ស្រែ​ជើង​រាស្ត្រ​ ឃុំ​ត្រពាំង​ក្រញូង​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ ចម្ងាយប្រហែល​ជាជាង​១០០គីឡូម៉ែត្រ​ពី​ភ្នំពេញ។ អ្នកធ្វើដំណើរ​ត្រូវ​បត់​ស្ដាំ​ពេល​ទៅ​ដល់​ផ្សារ​អង្គរ​តាសោម និង​ត្រូវ​បន្ត​ដំណើរ​ប្រហែលជា​៤០គីឡូម៉ែត្រទៀត​ទើប​ដល់។

ក្នុង​រមណីយដ្ឋាន​នេះ​មាន​សួន​កម្សាន្ត​ និង​ចម្ការ​ដំណាំ​ជា​ច្រើន​ប្រភេទ​​នៅ​តាម​ជើង​ភ្នំ​និង​ចង្កេះ​ភ្នំ​ និង​​មាន​​កន្លែង​កម្សាន្ត​ កន្លែង​ងូត​ទឹក​ជា​ច្រើន​ផ្សេង​ទៀត​៕​​​​​

អត្ថបទ៖ ទូច សុខា