សិរីសួស្ដីណាស់ ប៉ុន្មានខែសោះ តារាខ្មែរជាច្រើនពពោះ និងមានកូនបន្តបន្ទាប់
- 2019-09-26 03:07:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិរីសួស្ដីណាស់ ប៉ុន្មានខែសោះ តារាខ្មែរជាច្រើនពពោះ និងមានកូនបន្តបន្ទាប់
ចន្លោះមិនឃើញ
គិតត្រឹមប្រមាណ ៣ខែចុងក្រោយនេះ រឿងសិរីសួស្ដីរបស់សិល្បករ សិល្បការិនីខ្មែរល្បីៗ បានកើតមានបន្តបន្ទាប់ ក៏ព្រោះតែពួកគេខ្លះចាប់ផ្ដើមតាំងគភ៌កូនដំបូង ហើយអ្នកខ្លះទៀត ក៏បានប្រសូតបានបុត្រដំបូងរបស់ពួកគេដែរ ដែលបានធ្វើឲ្យប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្ររបស់ពួកគេ អបអរសាទរយ៉ាងខ្លាំង។ ពួកគេទាំងនោះមាន៖
១.នាយ ចយ៖ តារាកំប្លែងនាយចយ គឺជាតារាដំបូងដែលទទួលបានចំណងដៃបុត្រទី១របស់ខ្លួនក្នុងខែកញ្ញា។ ភរិយារបស់ ចយ ប្រសូតបានកូនប្រុសមួយរូប នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ សម្រាលនៅវេលាម៉ោង ៩៖៣២ នាទីយប់ មានទំងន់ ៣គីឡូ ៣ខាំ ។ កូនទី១នេះ ពួកគេបានដាក់ឈ្មោះថា "ណាឃីន" ដែលមានមុខមាត់ស្អាតបាតកាត់ទៅរកភរិយា ខុសពីការព្យាករណ៍របស់មហាជនមួយចំនួនថា កូននេះនឹងកាត់មុខមាត់ទៅរកឪពុក។
២.ឆាយ វីរៈយុទ្ធ៖ តារាចម្រៀងសាន់ដេ និងភរិយា បានរៀបការក្លាយជាស្វាមី ភរិយា នឹងគ្នាតាំងពីឆ្នាំ ២០១៥។ ប៉ុន្តែពួកគេទើបនឹងទទួលបានបុត្រដំបូងនៅក្នុងឆ្នាំ ២០១៧នេះប៉ុណ្ណោះ។ ភរិយា ឆាយ វីរៈយុទ្ធ អ្នកនាង សែ ចាន់ឌី បានប្រសូតបុត្រីទី១របស់ខ្លួន កាលពីថ្ងៃទី ១៥ កញ្ញា ត្រូវនឹងថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ។ ពួកគេបានដាក់ឈ្មោះឲ្យកូនស្រីថា "វីរៈយុទ្ធ អភិជាតាទេវី" ហៅ "អាតារ៉ា"។
៣.នៅ សុនិតា៖ តារាម៉ូដែលដែលមានរូបឆោមលោមពណ៌រូបនេះ បានប្រសូតបុត្រទី១របស់ខ្លួនកាលពីថ្ងៃ២០ កក្កដា២០១៩។ កូននេះ គឺជាដំណក់ឈាមរបស់លោក ទិត្យ ថាវរិទ្ធ អគ្គនាយករងទូរទស្សន៍បាយ័ន ហើយជាក់ស្ដែងកូនប្រុសនេះ មានមុខមាត់ដូចឪពុកខ្លាំង។ ពួកគេបានព្រមព្រៀងដាក់ឈ្មោះកូនដំបូងរបស់ខ្លួនថា "សង្ក្រាន្ត"។
៤.សុគន្ធកញ្ញា៖ តារាស្រីជួរមុខរបស់ហង្សមាសរូបនេះ បាន និងកំពុងពពោះកូនដំបូងរបស់ពួកគេ ដោយគ្រោងនឹងសម្រាលប៉ុន្មានខែខាងមុខនេះហើយ។ នេះគឺជាចំណងដៃនាង ជាមួយស្វាមីលោក អ៊ឹង សុខលី ប្អូនប្រុសថៅកែហង្សមាស ក្រោយពីពួកគេបានរៀបការយ៉ាងអធិកអធមកាលពីថ្ងៃទី ១៦ ឧសភា ឆ្នាំ ២០១៩នេះ។
៥.សិទ្ធី នីកា៖ តារាស្រីវ័យក្មេង និងស្រស់ស្អាត ក៏ត្រៀមនឹងធ្វើជាម្ដាយរបស់គេដែរ ក្រោយពីសាមីខ្លួនបើកចំហរឿងនាងមានផ្ទៃពោះកាលពីថ្ងៃទី ០៩ កញ្ញា ២០១៩។ តំណក់ឈាមដំបូងដែលកំពុងតាំងក្នុងផ្ទៃរបស់នាង គឺមានជាប់សែរាជវង្ស ក៏ព្រោះឪពុករបស់គេ ត្រូវបានគេស្គាល់ថាជាបុត្ររបស់ព្រះមហិស្សរា នរោត្ដម ច័ក្រពង្ស ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។ នៅសល់ប្រមាណជាង ១ខែទៀតប៉ុណ្ណោះ នីកា នឹងប្រសូតបុត្រ៕