នៅ​អូស្ត្រាលី​ចាប់​ផ្តើម​បិទ​ឲ្យ​លែង​ឃើញ​ចំនួន Like ខណៈ ៦ ប្រទេស​នេះ​អាច​ជា​គោលដៅ​បន្ទាប់

  • 2019-10-01 01:27:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook ​បាន​ចាប់​ផ្តើម​ដើរ​តាម​គន្លង​នៃ​បណ្តាញ​សង្គម Instagram ​ទាក់ទិន​នឹង​ការ​លាក់​មិន​ឲ្យ​ឃើញ​ចំនួន​នៃ​តួ​លេខ Likes នៅ​លើ​ការ​បង្ហោះ (Post) របស់​អ្នក​ប្រើប្រាស់ ហើយ​ដំណាក់កាល​ដំបូង​គឺ​ចាប់​ធ្វើ​ឡើង​ក្នុង​ប្រទេស​អូស្រា្តលី។

រាប់​តាំង​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ធំ​ក្នុង​ប្រទេស​អូស្ត្រាលី ​ត្រូវ​បាន​បិទ​លែង​ឲ្យ​ឃើញ​ពី​តួ​លេខ​នៃ​ការ Likes ឬ​ Reaction ​លើ​ការ​បង្ហោះ​ផ្សាយ​របស់​នរណា​ម្នាក់​ទៀត​ហើយ។ ការ​ផ្លាស់ប្តូរ​នេះ​ដំបូង​ឡើយ​បាន​សាកល្បង​នៅ​លើ Instagram ​ដែល​អនុវត្ត​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​តាំង​ពី​ខែ​កក្កដា។

រូបតំណាងការអនុវត្តគោលការណ៍ថ្មី

អ្នក​នាំ​ពាក្យ​របស់ Facebook អ្នក​ស្រី Mia Garlick ​បាន​ប្រាប់​ថា៖ "ការ​លុប​ចោល​ចំនួន Like នេះ គឺ​នឹង​ប្រាកដ​ថា​មនុស្ស​ចាប់​ផ្ដោត​សំខាន់​ទៅ​លើ​គុណភាព​នៃ​មាតិកា ជា​ជាង​ចំនួន Like នៅ​លើ​ការ​បង្ហោះ​នោះ"។

តាម​រយៈ​ការ​ពិគ្រោះ​របស់​អ្នក​ស្រី Garlickជាមួយ​អ្នក​ជំនាញ ក៏​បាន​ទទួល​ស្គាល់​ពី​ផល​ប៉ះពាល់​ទៅ​លើ​សម្ពាធ​ផ្លូវ​ចិត្ត​ជុំវិញ​ការ​បង្ហាញ​តួ​លេខ Like បែប​នេះ ប៉ុន្តែ​ជ្រុង​មួយ​ផ្សេង​ទៀត​ក៏​អ្នក​ប្រើប្រាស់​ទទូច​ថា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​ពួក​គេ ព្រោះ​ការ​ដែល​បង្ហាញ​តួ​លេខ Like ​វា​ជា​ការ​វាស់​ស្ទង់​ពី​កម្រិត​ដំណើរការ​អាជីវកម្ម។

បញ្ជាក់​ថា​សម្រាប់​ប្រទេស​បន្ទាប់​ដែល​អាច​រង​ការ​អនុវត្ត​គោលការណ៍​កែប្រែ​ថ្មី​នេះ អាច​ជា​ប្រទេស​នូវែលហ្សេឡង់ ប្រេស៊ីល កាណាដា ជប៉ុន អ៊ីតាលី និង​អៀរឡង់ ប្រសិន​ក្នុង​ករណី​ដែល Facebook ​សម្រេច​អនុវត្ត​តាម​គន្លង​ដែល Instagram ធ្លាប់​ធ្វើ​កាល​ពី​ពេល​កន្លង​មក៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា