លេងមែនទែនហើយ! Apple ចង់​កាត់បន្ថយទិញអេក្រង់​ពី Samsung

  • 2019-10-07 06:44:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ​របស់​ iPhone បាន​កើន​យ៉ាង​ខ្លាំង​នៅ​ពេល​ចេញ​ iPhone X កាល​ពី​ពីរ​ឆ្នាំ​មុន។ ហេតុ​ផល​មួយ​ដែល​ Apple ត្រូវ​បង្កើន​តម្លៃ​ គឺ​ព្រោះ​ទូរសព្ទ​នេះ​ប្រើ​អេក្រង់​ OLED ផលិត​ដោយ​ក្រុមហ៊ុន​ Samsung​។

iPhone X

សព្វ​ថ្ងៃ​មាន​តែ​ Samsung ទេ​ដែល​ផលិត​អេក្រង់​ OLED ដែល​មាន​គុណភាព​ខ្ពស់​សម្រាប់​ការ​ប្រើ​ក្នុង​ទូរសព្ទ​ Smartphone​។​ ជា​លទ្ធផល​ធ្វើ​ឲ្យ​ Samsung អាច​លក់​អេក្រង់​របស់​ពួក​គេ​ក្នុង​តម្លៃ​ថ្លៃ​បាន​។​ បើ​តាម​ការ​រាយការណ៍​មួយ​ចំនួន​ Apple ចំណាយ​ ១០០ ដុល្លារ​សម្រាប់​ទិញ​អេក្រង់​មួយ​ដែល​ធ្វើ​ឲ្យ​វា​ជា​គ្រឿង​បន្លាស់​ថ្លៃ​ជាង​គេ​ក្នុង​ iPhone X​។

Apple បាន​ខំ​ស្វែង​រក​ក្រុមហ៊ុន​ផ្គត់​ផ្គង់​អេក្រង់​ផ្សេង​ទៀត​ដោយ​កាល​ពី​ឆ្នាំ​មុន​បាន​ទាក់​ទង​ជា​មួយ​ក្រុម​ហ៊ុន​ LG តែ​ LG ធ្លាប់​តែ​ផលិត​អេក្រង់​ OLED សម្រាប់​ប្រើ​ក្នុង​ទូរទស្សន៍​ ហើយ​ខ្វះ​ការ​សិក្សា​ក្នុង​អេក្រង់​ OLED ទំហំ​ទូរសព្ទ​។ ជាហេតុ​ធ្វើ​ឲ្យ​ Apple នៅ​តែ​រំពឹង​លើ​ Samsung ឲ្យ​ផ្គត់​ផ្គង់​អេក្រង់​។

អេក្រង់ Samsung

ស្ថានភាព​នេះ​អាច​ នឹង​មាន​ការ​ប្រែ​ប្រួល​ហើយ​ ដោយ​មាន​ព័ត៌មាន​ថា​ Apple កំពុង​ចរ​ចារ​និង​រៀប​ចំ​ទិញ​អេក្រង់​ OLED ពី​ក្រុម​ហ៊ុន​ចិន​ BOE Technology Group។

បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ Nikkei Asian Review ក្រុមហ៊ុន​ Apple ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​តេស្ដ​អេក្រង់​កម្រិត​ខ្ពស់​ពី​ក្រុមហ៊ុន​ផលិត​អេក្រង់​ធំ​របស់​ចិន BOE Technology Group សម្រាប់​ទូរសព្ទ iPhone នៅ​ឆ្នាំ​ក្រោយ។

ការ​រក​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ផ្សេង​ទៀត​អាច​ជួយ​ឲ្យ​ Apple ងាយ​ត​ថ្លៃ​ជា​មួយ​ Samsung ហើយ​ជួយ​កាត់​បន្ថយ​តម្លៃ​របស់​ iPhone ជំនាន់​ក្រោយ​ៗ។ Apple គឺ​ត្រូវ​គេ​រំពឹង​ថា​នឹង​ចេញ​ iPhone ថ្មី​ចំនួន​ បី​ នៅ​ចុង​ឆ្នាំ​នេះ៕

ប្រភព៖ Asia.Nikkei   ប្រែសម្រួល៖ សុខ វេងឈាង