ចេញ​មិន​ទាន់​ស្រួលបួល​ផង រូបិយប័ណ្ណ Libra ​របស់ Facebook ​រង​ពាក្យ​ប្ដឹងផ្ដល់​បាត់

  • 2019-10-14 02:53:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​អំឡុង​ខែ​មិថុនា​កន្លង​ទៅ ក្រុមហ៊ុន​ Facebook ​បាន​ចេញ​ផ្សាយ​នូវ​រូបិយប័ណ្ណ​ឌីជីថល​របស់​ខ្លួន​ឲ្យ​ឈ្មោះ​ថា 'Libra' ​ក៏​ដូច​ជា​ប្រកាសឈ្មោះសម្ព័ន្ធ​នៃ​ដៃ​គូ​សហការ​ទាំង​ឡាយ​ដែល​បោះ​ទុន​ចូលរួម។ ទាំង​ដែល​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​ត្រូវ​ធ្វើ​ឡើង​នា​ដើម​ឆ្នាំ ២០២០ តែ​ថ្មីៗ​នេះ Libra ក៏​ស្រាប់​តែ​រង​ពាក្យ​បណ្តឹង​ពី​ធនាគារ Current មាន​មូលដ្ឋាន​នៅ​ទឹកដី​សហរដ្ឋអាមេរិក​ដូច​គ្នា។

Current ​បាន​ចោទ​ប្រកាន់​ទៅ​លើ​ក្រុមហ៊ុន Facebook ជុំវិញ​ការ​រំលោភ​កម្មសិទ្ធិ​ពាណិជ្ជ​សញ្ញា ពោល​គឺ​ប្រើប្រាស់​នូវ​រូបភាព Logo មាន​ភាព​ស្រដៀង​គ្នា។ Logo ទាំង​ពីរ​បាន​បង្កើត​ឡើង​ដាច់​ឆ្ងាយ​ពី​គ្នា​រយៈ​ពេល​ប្រមាណ ៣ ឆ្នាំ​ដោយ Current ​បាន​ចេញ​ផ្សាយ​មុន​កាល​ពី​ខែ​សីហា ឆ្នាំ ២០១៦ ខណៈ Libra ទើប​លេច​ចេញ​នៅ​ខែ​មិថុនា ឆ្នាំ ២០១៩។

ក្នុង​បណ្តឹង​នោះ​ដែរ Current ​បាន​ប្តឹង​ទៅ​កាន់​ភាគី​ជាប់ចោទ​ទាំង ៤ រួម​មាន Facebook, Calibra, សម្ព័ន្ធ​របស់ Facebook ដែល​កាន់កាប់ IP ទាក់ទិន​នឹង Calibra ក៏​ដូច​ជា​ភ្នាក់ងារ​ដែល​បាន​រចនា​បង្កើត​នូវ Logo នេះ​ឡើង។

ជុំវិញ​រឿងរ៉ាវ​នេះ​មេធាវី​កម្មសិទ្ធិ​បញ្ញា Howard Shire ​បាន​ប្រាប់​ថា៖ "វា​ពិត​ជា​គួរ​ឲ្យ​សង្ស័យ​ដែល​ Logo នៃ​ជន​ជាប់​ចោទ លេច​ចេញ​មក​ស្រដៀង​ទៅ​នឹង Logo របស់​ភាគី​ខាង​ដើម​បណ្តឹង"។ គ្រប់​យ៉ាង​គឺ​មិន​ទាន់​សម្រេច​ថា​នរណា​ត្រូវ​ខុស​នោះ​ទេ ពោល​គឺ​រង់ចាំ​ចំណាត់ការ​ច្បាស់លាស់​នៅ​ថ្ងៃ​ខាង​មុខ​ជា​បន្ត​ទៀត៕

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី