សេដ្ឋកិច្ចចិនមានកំណើនយឺត ក្រោយតម្រូវការក្នុងស្រុកចុះស្របពេលមានសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក

  • 2019-10-20 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទិន្នន័យ​បានបង្ហាញ​នៅ​ពី​ថ្ងៃ​សុក្រ​ទី​១៨​ខែ​តុលា​នេះ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​នេះ​បាន​កើន​ក្នុង​អត្រា​ទាប​បំផុត​ក្នុង​រយៈពេល​ជិត​៣ ទសវត្សរ៍​ចុងក្រោយ​ ដោយសារ​តែ​វា​រង​ប៉ះពាល់​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​រ៉ាំរ៉ៃ​របស់​សហរដ្ឋ​អាម៉េរិក​និង​ការធ្លាក់​ចុះ​តម្រូវការ​ក្នុងស្រុក​ចិន​។​

​ដោយ​ប្រទេស​ចិន ដែល​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​នោះ​ទិន្នន័យ​នេះ​បាន​បន្ថែម​ការព្រួយបារម្ភ​អំពី​សេដ្ឋកិច្ច​ពិភពលោក​និង​នាំឱ្យ​មាន​ការរំពឹង​​ទុក​ថា​ក្រុម​អាជ្ញាធរ​នឹង​បញ្ចេញ​សកម្មភាព​ជំរុញ​សេដ្ឋកិច្ច​ថ្មី បន្ទាប់ពី​មាន​វិធានការណ៍​ផ្សេងៗ​ទៀត​ជា​បន្តបន្ទាប់​កាលពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។​ ​ការិយាល័យ​ស្ថិតិ​ជាតិ (NBS) បាន​និយាយថា​ផលិតផល​ក្នុងស្រុក​សរុប​(GDP )​បាន​កើនឡើង ៦,០ ភាគរយ​ពី​ខែកក្កដា ដល់​ខែ​កញ្ញា បើ​ប្រៀបធៀប​ក្នុង​រយៈពេល​ដូចគ្នា​​ដោយ​ចុះ​ពី ៦,២ ភាគរយ​កាល​ពី​ត្រីមាស​ទី​២​។​ ​ទិន្នន័យ​នេះ​គឺជា​តួលេខ​ប្រចាំត្រីមាស​ដ៏​អាក្រក់​បំផុត​ចាប់តាំងពី​ឆ្នាំ​១៩៩២ ប៉ុន្តែ​គោលដៅ​របស់​រដ្ឋាភិបាល​ចិន​គឺកំណត់​កំណើន​សេដ្ឋកិច្ច​ពី ៦,០ ទៅ ៦,៥​ភាគរយ​សម្រាប់​រយៈ​​ពេល​ពេញ​មួយឆ្នាំ​។ សេដ្ឋកិច្ច​ចិន បាន​កើនឡើង​៦,៦ ភាគរយ​កាលពី​ឆ្នាំ ២០១៨ ។​ ​សូមបញ្ជាក់ថា​នៅ​សប្តាហ៍​នេះ​អង្គការ​រូបិយវត្ថុ​អន្តជាតិ​(IMF)​ក៏​បាន​កាត់បន្ថយ​អត្រា​កំណើន​សេដ្ឋកិច្ច​ចិន​ពី​៦,២​មក​នៅត្រឹម​៦,១​ភាគរយ​សំរាប់​ឆ្នាំ​២០១៩ ដោយសារ​សង្គ្រាម​​ពាណិជ្ជ​ជាមួយ​អាម៉េរិក​និង​តំរូវការ​ក្នុងស្រុក​ធ្លាក់ចុះ​។​

​ដើម្បី​ទប់​ការធ្លាក់ចុះ​នេះ​និង​រក្សា​គោលដៅ​កំណើន​តាម​ផែនការ ធនាគារ​កណ្តាល​ចិន​នៅ​សប្តាហ៍​ក៏​បាន​បញ្ចេញ​ប្រាក់​បន្ថែម​២០០​ពាន់​លាន​យ័ន​(២៨,២៤​ពាន់​លាន​ដុល្លារ​)​តាម​​រយៈ​ប្រាក់កំចី​រយៈពេល​មធ្យម​៕​

ប្រភព ៖ rasmeinews