អ្នកប្រើ iPhone ខំសប្បាយចិត្តឥតអំពើ តាមពិតជា​ Bug សោះ!

  • 2019-10-22 08:41:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ មាន​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​មួយ​ថា​ អ្នក​ប្រើ​ប្រាស់​ iPhone (ចាប់​ពី​ស៊េរី iPhone 7 ឡើង) នា​ពេល​កន្លង​មក​គឺ​​អាច​បង្ហោះ​រូប​ចូល​ក្នុង​សេវាកម្ម Google Photos ដោយ​មិន​គិត​ថ្លៃ​ក្នុង​គុណភាព​រូបភាព​ដើម។ នេះ​ក៏​ដោយ​សារ​រូបភាព​​ថត​ចេញ​ពី iPhone មាន​​ប្រើ Format HEIC។

គួរ​បញ្ជាក់​ថា​ Google Photos គឺ​មាន​ដំណើរ​ការ​ពីរ​ចំណុច​ ដោយ​ទី​មួយ​ រូបភាព​ត្រូវ​​បង្រួម​ទំហំ និង​ទី​ពីរ​ រូបភាព​​ត្រូវ​មាន​ Resolution ក្រោម ១៦​ មេហ្គាភីកសែល។ ប៉ុន្តែ​ដោយ​សារ​​ការ​​បង្រួម​ទំហំ​ File HEIC ​ត្រូវ​ការ​ទំហំ​ច្រើន និង​ចំណាយ​ថាមពល​ម៉ាស៊ីន​កុំព្យូទ័រ ហេតុ​នេះ​ទើប​ Google រក្សា​ទុក​ File ប្រភេទ​នេះ ក្នុង​គុណភាព​ដើម។ ហើយ​ដោយ​សារ​ iPhone មាន​កម្រិត​មេហ្គាភីកសែល​ត្រឹម ១២ MP ហេតុ​នេះ​ក៏​មិន​មាន​ការ​បង្រួម​ទំហំ​ដែរ។

រឿង​រ៉ាវ​​នេះ​បាន​លេច​ចេញ​លើ​សារព័ត៌មាន​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ហើយ​អ្នក​​ប្រើ​ប្រាស់​ iPhone សប្បាយ​ចិត្ត​ជា​ខ្លាំង ដែល​អាច​រក្សា​ទុក​រូបភាព​ក្នុង​គុណភាព​ដើម​ដោយ​គ្មាន​ការ​កំណត់ ខណៈ​ពេល​ដែល​ Google Pixel 4 មិន​មាន​ផ្ដល់​ជូន​នូវ​​​កាដូ​ពិសេស​នេះ។

យ៉ាងណាក្ដី នឹង​មាន​ការ​កែប្រែ​លើ​ចំណុច​នេះ។ តាម​ការ​ចុះ​ផ្សាយ​របស់​ Android Police អ្នក​នាំ​ពាក្យ Google បាន​និយាយ​ថា ៖ "យើង​បាន​ដឹង​អំពី Bug នេះ ហើយ​កំពុង​តែ​ធ្វើ​ការ​ជួសជុល​វា។” នេះ​មាន​ន័យ​ថា​ការ​រក្សា​ទុក​រូបភាព​​ក្នុង​គុណភាព​ដើម និង​ឥត​មាន​ដែន​កំណត់​របស់​អ្នក​ប្រើ iPhone លើ​សេវា Google Photos នឹង​ត្រូវ​បញ្ចប់​ឆាប់ៗ​នេះ​៕​

ចុចអាន ៖ iPhone 11 និង Pixel 4 ប្រកួតកម្លាំងថតពេលយប់ លទ្ធផលខុសការរំពឹងទុក ​​​​

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង