iPhone 2020 ​ចាំ​បាច់​ត្រូវ​ផ្លាស់ប្តូរ ៥ ចំណុច​នេះ បើ​មិន​ចង់​ឲ្យ​អតិថិជន​សាំ​ចិត្ត

  • 2019-10-25 06:15:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ការ​លក់ iPhone 11, iPhone 11 Pro/11 Pro Max ​ហាក់​កំពុង​ទទួល​បាន​ជោគជ័យ​នៅ​ទីផ្សារ​អឺរ៉ុប ប៉ុន្តែ​សម្រាប់​ឆ្នាំ ២០២០ ​ត្រូវ​បាន​គេ​ជឿជាក់​ថា​ក្រុមហ៊ុន Apple ចាំ​បាច់​ត្រូវ​ធ្វើ​ការ​ផ្លាស់ប្តូរ​ចំណុច​ធំៗ​មួយ​ចំនួន ដើម្បី​បញ្ចៀស​ភាព​សាំ​ចិត្ត​និង​បន្ត​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​ប្រើប្រាស់។

ក្នុង​នោះ​មាន ៥ ​ចំណុច​ដែល Apple គួរ​ផ្លាស់ប្តូរ​លើ iPhone សេរ៊ី​ឆ្នាំ ២០២០៖

១.វិវត្ត​ទៅ​កាន់​ប្រព័ន្ធ 5G

នៅ​បណ្តា​ប្រទេស​ធំៗ​ក្នុង​សកលលោក​បាន​នឹង​កំពុង​ដាក់​ដំណើរការ​ប្រព័ន្ធ 5G ជា​បណ្តើរៗ​ហើយ ដោយ​ឡែក​បើ​យើង​ក្រឡេក​ទៅ​មើល​គូ​ប្រជែង​ធំៗ​ដូច​ជា Huawei, Samsung, Oppo ក៏​សុទ្ធសឹង​មាន​ស្មាតហ្វូន​ដើរ​ដោយ 5G ​មិន​តិច​ម៉ូឌែល​ដែរ។ ចំណុច​រសើប​នេះ Apple គឺ​មិន​អាច​ពន្យារ​ហួស​ចុង​ឆ្នាំ ២០២០ បាន​ឡើយ។

២.លុប​ចោល​ស្នាម​ឆក

ស្នាម​ឆក​បាន​កើត​មាន​លើក​ដំបូង​បង្អស់​លើ​សេរ៊ី iPhone X កាល​ពី ៣ ឆ្នាំ​មុន ប៉ុន្តែ​រចនាបថ​បែប​នេះ​វា​ហាក់បី​ចាស់​កំរិល​សម្រាប់​អ្នក​ប្រើប្រាស់ ព្រោះ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​ចង់​បាន​ស្មាតហ្វូន​មាន​អេក្រង់​លាតពេញ​ច្រើន​ជាង។

៣.ផ្លាស់​មក​ប្រើ USB-C

លើ iPad Pro និង​កុំព្យូទ័រ Mac សេរ៊ី​ខ្ពស់ៗ កំពុង​មាន​ប្រើប្រាស់​ប្រព័ន្ធ​សាក​ USB-C ប្លែក​តែ iPhone តម្លៃ​ខ្ទង់​ពាន់​ដុល្លារ​ដែរ តែ​នៅ​ប្រើ​ត្រឹម​រន្ធ​សាក Lightning ធម្មតា។ យ៉ាងណាមិញ​គេ​ឃើញ​មាន​ក្នុង​ប្រអប់ iPhone 11 Pro កំពុង​កែប្រែ​ចំណុច​នេះ​ជា​បណ្តើរៗ​ហើយ ប៉ុន្តែ​ក៏​រំពឹង​នឹង​ទទួល​បាន​ភាព​ពេញលេញ​នៅ​ឆ្នាំ​បន្ទាប់។

៤.បំពាក់​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​ក្នុង​អេក្រង់

ការ​ដែល​បាត់បង់​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ វា​ពុំ​មែន​ជា​រឿង​ល្អ​នោះ​ទេ ត្បិត​ការ​ស្កេន​ផ្ទៃ​មុខ​ជា​មុខងារ​សាមញ្ញ តែ​ការ​ប្រើ​ខ្ចៅ​ដៃ​ដើម្បី​ដោះ​សោ​ក្នុង​កាលៈទេសៈ​ចាំ​បាច់​ខ្លះ គឺ​មាន​ភាព​រហ័ស​និង​ងាយ​ស្រួល​ជាង។

៥.ផ្លាស់ប្តូរ​រចនាបថ​តួ​ខ្លួន

រចនាបថ​ដូច​មាន​លើ iPhone សេរ៊ី​ឆ្នាំ ២០២០ គឺ​កើត​មាន​ដំបូង​បង្អស់​នៅ​លើ iPhone X ពោល​គ្មាន​ការ​ផ្លាស់ប្តូរ​អ្វី​ច្រើន​នោះ​ទេ នៅ​រយៈ​ពេល ៣ ឆ្នាំ​ចុង​ក្រោយ។ យើង​រំពឹង​ថា​នឹង​បាន​ឃើញ​រូបរាង iPhone ២០២០ ដ៏​ថ្មី​ស្រឡាង ដើម្បី​មក​កក្រើក​ពិភព​ស្មាតហ្វូន​សារ​ជា​ថ្មី៕

អានអត្ថបទ:

ប្រភព៖ TrustedReviews   ប្រែ​សម្រួល៖ កៅ រក្សា