មនុស្សរាប់ពាន់នាក់ត្រៀមរើសសំរាម នៅស្ទឹងសៀមរាប ផ្ញើសារអប់រំបរិស្ថាន មុនថ្ងៃបុណ្យឯករាជ្យ និងបុណ្យអំទូក
- 2019-11-01 04:14:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សរាប់ពាន់នាក់ត្រៀមរើសសំរាម នៅស្ទឹងសៀមរាប ផ្ញើសារអប់រំបរិស្ថាន មុនថ្ងៃបុណ្យឯករាជ្យ និងបុណ្យអំទូក
ចន្លោះមិនឃើញ
នៅមុនថ្ងៃទិវាឯករាជ្យជាតិ និងពិធីបុណ្យអំទូកមកដល់ ខេត្តសៀមរាបត្រៀមយុទ្ធនាការសម្អាតបរិស្ថាន នៅសង្កាត់ពីរដាច់ដោយឡែកគ្នា គឺសង្កាត់សាលាកំរើក និងសង្កាត់សៀមរាប ខេត្តសៀមរាប។
សូមចុចអាន៖ បរទេសម្នាក់ថា មកដល់ស្រុកខ្មែរ ភ្នំពេញមានភ្នំសំរាម
ចៅសង្កាត់សាលាកំរើក លោក សាម ឡន បានប្រាប់ Sabay ថា មនុស្សយ៉ាងតិច ១ ០០០នាក់ នឹងចូលរួមសម្អាតបរិស្ថាន ជាពិសេសរើសសំរាមតាមបណ្តោយស្ទឹងសៀមរាប នៅថ្ងៃទី ៥ ខែវិច្ឆិកា ២០១៩។ អ្នកចូលរួមព្រឹត្តិការណ៍ មានគ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ក្រុមហ៊ុនឯកជន ផ្នែកសណ្ឋាគារ អង្គការ និងសាលារៀន ជាដើម។
«យើងធ្វើនេះជាវិធានការអប់រំនៅឡើយ ផ្សព្វផ្សាយតាមសាលារៀន និង ភូមិ ឲ្យយល់ដឹងអំពីការទុកដាក់សំរាម កាត់បន្ថយថង់ប្លាស្ទិក»។ នេះជាការលើកឡើងរបស់លោក សាម ឡន។
សូមចុចអាន៖ តើត្រូវធ្វើយ៉ាងណាគ្រប់គ្រងកាកសំណល់ និងការចោលសំរាមក្រុងភ្នំពេញឲ្យបានស្អាតល្អ?
ទន្ទឹមនឹងគ្នានេះដែរ ចៅសង្កាត់សៀមរាប លោក ម៉ៃ សុមេត ក៏បានលើកឡើងដែរថា នៅអំឡុងដើមខែវិច្ឆិកា នេះនឹងមានព្រឹត្តិការណ៍២ ជុំវិញការផ្សព្វផ្សាយអំពីបញ្ហាសំរាម។ ទី១ នៅថ្ងៃទី ៣ វិច្ឆិកា រំពឹងថាមានអ្នកចូលរួមចំនួនជាង ១ ០០០នាក់ និងថ្ងៃទី ៧វិច្ឆិកា ខាងមុខនេះ ជិត១០០នាក់ ជិះទូកប្រមូលសំរាម នៅក្នុងស្ទឹងសៀមរាបផ្នែកខាងក្រោម។
«យើងដល់ពេលសង្គ្រោះសំរាម ចេញពីស្ទឹងសៀមរាបហើយ ព្រោះសំរាមកាន់តែច្រើនឡើងៗនៅទីនេះ»។ នេះជាការលើកឡើងរបស់លោក ម៉ៃ សុមេត។
នៅអំឡុងពេលនេះ អាជ្ញាធរពាក់ព័ន្ធទាំងអស់កំពុងដុតដៃដុតជើង លើការងារនេះ ដើម្បីចុះអប់រំផ្សព្វផ្សាយអំពីបញ្ហាទុកដាក់សំរាម និងក្រុមហ៊ុនសំរាមឲ្យប្រមូលឲ្យបានទៀងទាត់។ វិធានការអប់រំនឹងធ្វើរហូតដល់ដំណាច់ឆ្នាំនេះ នឹងចាប់ផ្ដើមវិធានការផាកពិន័យ។
លោក ចៅសង្កាត់សៀមរាប បានបញ្ជាក់ថា ផលប៉ះពាល់មកពីសំរាមមានពីរ គឺ៖
ទី១ សោភណភាព សណ្ដាប់ធ្នាប់ (មានភ្ញៀវទេសចរ ឆ្លងកាត់ផ្លូវនេះ ទៅទន្លេសាប)
ទី២ ប៉ះពាល់សុខភាព របស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញស្ទឹង និងបរិវេណកន្លែងចោលសំរាម
សូមបញ្ជាក់ថា សង្កាត់សៀមរាប មានជាជនសរុប ២ម៉ឺន ៣០២៨នាក់ ស្មើននឹង ៤ ៧៤៨គ្រួសារ និងមាន ៨ភូមិ។ តួលេខនេះ លោកចៅសង្កាត់សៀមរាប ប្រាប់ឲ្យដឹង។
សូមចុចអាន៖ កាកសំណល់ប្លាស្ទិកនៅផែក្រុងព្រះសីហនុបានដឹកចេញទៅវិញអស់ហើយ
ការចោលសំរាមពាសវាលពាសកាល លោកចៅសង្កាត់សៀមរាប បានទទួលស្គាល់ថា កន្លងមកដោយសារតែក្រុមហ៊ុនសំរាមមកយកមិនទៀងទាត់ និង កន្លែងខ្លះក្រុមហ៊ុនបានយកដល់កន្លែង ហើយការវេចខ្ចប់សំរាមរបស់ប្រជាពលរដ្ឋក៏មិនបានល្អ និងការចោលសំរាមពាសវាលពាសកាលជាដើម។ ប៉ុន្ដែមួយរយៈចុងក្រោយនេះ ក្រោយពីមានការចុះអប់រំផ្សព្វផ្សាយឃើញថា ប្រជាពលរដ្ឋបានយល់ដឹងច្រើន និងក្រុមហ៊ុនក៏បានបង្កើនកិច្ចសហប្រតិបត្តិការបានល្អលើការងារផ្ដល់សេវាប្រមូលសំរាម។
យុទ្ធនាការ នៃការរើសសំរាមនៅសង្កាត់សៀមរាប និងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាបនេះ ត្រូវបាន លោក ស៊ា សុផល ជាប្រធានអង្គការមូលនិធិទំពាំងស្នងប្ញស្សី ជាសហគ្រិនសង្គម ជាសកម្មជនអប់រំ និងបរិស្ថានប្លាស្ទិកទន្លេសាប បានគាំទ្រពេញទំហឹង។
«សារសំខាន់នៃព្រឹត្តិការណ៍នេះ គឺស្ទឹងមិនមែនជាកន្លែងចោលសំរាម»។ លោកសុផលនិយាយ។
លោក ស៊ា សុផល បានបញ្ជាក់ថា ការសម្អាតសំរាមចេញពីស្ទឹងមានសារៈសំខាន់ណាស់ ក្រៅពីថែរក្សាស្ទឹង សោភណភាព និងកត្តាសំខាន់មិនឲ្យសំណល់ថង់ប្លាស្ទិកហូរចូលទន្លេសាប ជាដើម។
យុទ្ធនាការទាំងពីរខាងលើ គឺជាសារអប់រំផ្សព្វផ្សាយអំពីការផ្លាស់ប្ដូរផ្នត់គំនិតប្រជាពលរដ្ឋ ឲ្យទម្លាក់ចោលគំនិតចោលសំរាមពាសវាលពាសកាល ងាកមកបោះចោលសំរាមនៅក្នុងធុងសំរាម និងការយល់ដឹងអំពីបរិស្ថានស្អាត៕
រូបភាព៖ ផ្ដល់ឲ្យ