អ្នក​លេង​ជង្គង់​ប៉ះ​អ្នក​លេង​ជង្គង់​ ឡុង​ សុភី​ ប៉ះ ឈោក​ ឆៃ​ លើ​សង្វៀន​អាស៊ីអាគ្នេយ៍​

  • 2019-11-07 07:16:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្អ​ជង្គង់​របស់​កម្ពុជា​ ឡុង​ សុភី​ នឹង​ត្រូវ​តតាំង​ជា​មួយ​អ្នក​លេង​ជង្គង់​ថៃ​ ឈោក ឆៃ​ លើ​សង្វៀន​អាស៊ីអាគ្នេយ៍​ ដើម្បី​ដណ្ដើម​យក​៣ពិន្ទុ​នៃ​កម្មវិធី​ខ្សែក្រវាត់​ទម្ងន់​៦៧​គីឡូក្រាម។​

ឡុង សុភី ប្រកួតកន្លងទៅ

ដូច​ទៅ​និង​អ្នក​គាំទ្រ​បាន​ដឹង​ហើយ​ពី​សមត្ថភាព​ជង្គង់​របស់​ ឡុង​ សុភី​ បើ​ទោះ​ជា​មាន​វ័យ​ច្រើន​ ហើយ​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​នេះ​យូរ​ក៏​ដោយ​ប៉ុន្តែ​ស្នៀត​មួយ​នេះ​នៅ​តែ​ល្អ​ នៅ​តែ​គ្រោះថ្នាក់​ដដែល។​ ខណៈ​អ្នក​ប្រដាល់​ជំនាន់​ក្រោយ​មាន​តែ​ ឡៅ​ ចន្រ្ទា​ ឡុង​ សំណាង​ និង​ ឡៅ​ ចិត្រា​ ប៉ុណ្ណោះ​ដែល​អាច​ចាត់​ទុក​ថា​ល្អ​ជង្គង់​ដូច​ ឡុង​ សុភី។​

ឈោក ឆៃ ប្រកួតកន្លងទៅ

ចំណែក​អ្នក​លេង​គុន​ថៃ​ ឈោក ឆៃ​ វិញ​ក៏​មិន​ធម្មតា​ដែរ​ អ្នក​គាំទ្រ​ក៏​បាន​ស្គាល់​ហើយ​ពី​ក្បាច់​ជង្គង់​របស់​គេ​ ព្រោះ​ធ្លាប់​ប្រកួត​ច្រើន​ដង​ណាស់​នៅ​កម្ពុជា​ ហើយ​មាន​កីឡាករ​ជំនាន់​ក្រោយ​របស់កម្ពុជាជា​ច្រើន​ ដែល​ចាញ់​ដោយ​សារ​ជង្គង់​របស់​កីឡាករ​ថៃ​ម្នាក់​នេះ។​ ឈោក ឆៃ​ មាន​កម្លាំង​ខ្លាំង​ និង​ពូកែ​ចាប់​កាច​យក​វ៉ៃ​ជង្គង់​ បើ​ដៃគូ​កម្លាំង​ខ្សោយ​ជាង​នោះ​ ដឹង​តែ​ជង្គង់​ចូល​មុខ​ហើយ។​ ការ​ប៉ះ​គ្នា​រវាង​អ្នក​ទាំង​ពីរ​នេះ​ដឹង​តែ​ល្អ​មើល​ហើយ​ និងប្រហែល​ជា​ចាប់​លេង​ជង្គង់​គ្នា​ខ្លាំង​ ប៉ុន្តែ​យ៉ាង​ណា​ ឡុង​ សុភី​ អាច​មាន​ប្រៀប​ជាង​ ដោយ​សារ​អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​វ៉ៃ​ឆ្លាត​ និង​ចេះ​ដូរ​ក្បាច់​ស្នៀត​ភ្លាមៗ​នៅ​ពេល​ប្រកួត​ មិន​វ៉ៃ​តែ​មួយ​ជ្រក​នោះ​ទេ។​

ឈោក ឆៃ ប្រកួតកន្លងទៅ

ការ​ប្រកួត​រវាង​ ឡុង​ សុភី​ និង​ ឈោក​ ឆៃ​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី១០​ ខែ​វិច្ឆិកា​ ២០១៩​ ឯ​សង្វៀន​អាស៊ីអាគ្នេយ៍​ចាប់​ពី​ម៉ោង​៦ល្ងាច​តទៅ។​ គូ​ខ្សែក្រវាត់​ម្នាក់​ទៀត​នោះ​គឺ​ វង្ស​ វិឆ័យ​ ប៉ះ​ Chhieng Chhai៕​  

អត្ថបទ៖ នួន ស៊ីណា​