រឿង​លែងកូនក្រ​ពើ​នៅ​កសិន្ទុប្រាសាទ​អង្គរ​អាជ្ញាធរខេត្ត​អន្តរាគមន៍​ហើយ​

  • 2019-11-08 06:50:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាលខេត្ត​សៀមរាប​ឲ្យដឹងថាក្រុមការងារចម្រុះ​រដ្ឋបាលខេត្ត​ និងអាជ្ញាធរអប្សរា បានចុះពិនិត្យ​ និងរកមធ្យោបាយស្វែងរកចាប់កូនក្រពេីដែលបានលែងនៅកសិន្ធុប្រាសាទអង្គរវត្ត​កាលពី​បី​ថ្ងៃមុន។

(រូបភាព៖ រដ្ឋបាលខេត្ត​សៀមរាប​)

នៅ​រសៀល​នេះ រដ្ឋបាលខេត្ត​សៀមរាប​បាន​សរសេរលើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួនថា​៖ «ដោយបានការណែនាំពីឯកឧត្តម​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ក្រុមការងារចម្រុះ​រដ្ឋបាលខេត្ត​ អាជ្ញាធរអប្សរា មន្ទីរ​ អង្គភាព​ជំនាញពាក់ព័ន្ធ​ បានចុះពិនិត្យ​កន្លែង​ដែលបានលែងកូនក្រពេី​ និងរកមធ្យោបាយដេីម្បីតាមចាប់កូនក្រពេីតូច​ បណ្ដោយ​ប្រហែល​ ៤០​សង់ទីម៉ែត្រ​ ដែលបានព្រលែងចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត​ ប៉ែក​ខាងកេីត​កាលពីបីថ្ងៃមុន»។

ប្រ​ភព​ដដែល​បន្តថា៖ «ក្រោយពីបានចុះដល់ទីតាំង​ និងបានពិនិត្យជាក់ស្ដែងរួចមក​ លោកនាយករដ្ឋបាល​សាលាខេត្ត​ បានសុំឲ្យអាជ្ញាធរអប្សរា​ សហការជាមួយក្រុមការងារជលផល​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បន្តកិច្ចការតាមចាប់កូនក្រពេីនេះ​ ដោយប្រេីប្រាស់កម្លាំងមន្ត្រីជំនាញ​តាមប្រមាញ់​ ២៤ម៉ោង​ លេី​ ២៤ម៉ោង​ ពិសេសពេលកូនក្រពេីតូចនេះចេញរកចំណីនៅពេលយប់តាមមាត់ច្រាំងនៃកសិន្ធុប្រាសាទអង្គរវត្ត»។

(រូបភាព៖ រដ្ឋបាលខេត្ត​សៀមរាប​)

តាមការបញ្ជាក់របស់មន្ត្រីជំនាញថា កូនក្រពើនេះនៅតូចមិនទាន់ចល័តចេញពីកសិន្ធុនេះនៅឡើយទេ។ មន្ត្រីជំនាញនឹងប្រើប្រាស់មធ្យោបាយចាប់មកវិញ ដោយការដាក់សន្ទូច ឬការអូសមង ឬការឆ្លុះនឹងកែវឆ្លុះចាប់នៅពេលយប់។ ប្រ​ភព​ខាង​លើ​បញ្ជាក់។​

ប្រ​ភព​ដដែល​បន្តថា៖ «អាស្រ័យហេតុនេះ សូមសាធារណជនកុំមានភ្ញាក់ផ្អើល និងព្រួយបារម្ភឡើយ ព្រោះថាកូនក្រពើនេះនៅតូចមិនទាន់អាចបង្កគ្រោះអ្វីឡើយ ហើយសមត្ថកិច្ចនឹងរកឃើញក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ»៕​

អត្ថបទ៖ ទូច សុខា