ករុណា ពេជ្រ ប្រាប់​ទី​តាំង ដែល​ជន​សង្គម​ងងឹត​ប៉ង​ធ្វើ​ស៊ី​លោក​ ធ្វើ​ឲ្យ​លស់​ព្រលឹង

  • 2019-11-14 08:13:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ករុណា ពេជ្រ បាន​ជួប​រឿង​នឹក​ស្មាន​មិន​ដល់​ដោយ​ត្រូវ​ជន​សង្គម​ងងឹត​មួយ​ក្រុម​មាន​គ្នា ៥នាក់ បាន​ធ្វើ​សកម្មភាព​ចេញ​មក​ពាំង​ផ្លូវ​រថយន្ត​លោក​ឲ្យ​ឈប់​ដើម្បី​ធ្វើ​សកម្មភាព​ផ្សេង​ៗ ប៉ុន្តែ​ដោយ​លោក​មិន​ឈប់ ទើប​ត្រូវ​ជន​មួយ​ក្រុម​នោះ គប់​នឹង​ដុំ​ថ្ម​ធ្វើ​ឲ្យ​បែក​កញ្ចក់​រថយន្ត​ស៊េរី​ទំនើប​របស់​លោក។

ហេតុការណ៍ ដំបូង​ឡើយ​គេ​ប៉ាន់​ស្មាន​ថា បាន​កើត​ឡើង​នៅ​យប់​មិញ​នេះ។ ប៉ុន្តែ​តាម​សាមី​ខ្លួន តាម​ពិត​លោក​បាន​ជួប​ករណី​គួរ​ឲ្យ​លស់​ព្រលឹង​នេះ ប្រមាណ​៣​ខែ​មក​ហើយ។ "រឿង​ហ្នឹង​មិន​មែន​កើត​យប់​មិញ​ទេ​បង គឺ​កើត​តាំង​ពី​ប្រមាណ​៣​ខែ​មុន​ម្ល៉េះ ប៉ុន្តែ​ខ្ញុំ​ទើប​តែ​ផុស...ដំបូង​អត់​ចង់​បង្ហោះ​ទេ គិត​ថា​ខ្លាច​ខ្មាស​គេ ប៉ុន្តែ​ថ្មី​ៗ​នេះ​ឃើញ​បង​ប្អូន​យើង​ផ្សេង​ទៀត​ជួប​រឿង​ហ្នឹង​ដែរ ទើប​ខ្ញុំ​បង្ហោះ​តែ​ម្ដង​ទៅ ទុក​ជា​ការ​ជូន​ដំណឹង​ឲ្យ​បង​ប្អូន​យើង​ប្រុង​ប្រយ័ត្ន!”។

រំលឹក​ពី​ហេតុការណ៍​នេះ លោក ករុណា ពេជ្រ បាន​រៀបរាប់​ថា នា​យប់​នោះ(កាល​ពី​ប្រមាណ​៣​ខែ​មុន) វេលា​ម៉ោង​ប្រមាណ​២​រំលង​អាធ្រាត្រ​លោក​បាន​បើក​រថយន្ត​តែ​ម្នាក់​ឯង​ចេញ​ពី​ការងារ​ច្រៀង​នៅ​ក្លឹប​យូខេ​ក្នុង​បំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ។ លោក​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​តូច​ៗ ក្នុង​ភូមិ​សាស្ត្រ​ក្រោយ​ផ្សារ​ដី​ហុយ លុះ​មក​ដល់​ចំណុច​កើត​ហេតុ ក៏​មាន​ជន​ខិលខូច​មួយ​ក្រុម​មាន​គ្នា ៥នាក់ បាន​ចេញ​មក​រាំង​ផ្លូវ​លោក​ឲ្យ​ឈប់។

ប៉ុន្តែ​លោក​អត់​បាន​ឈប់​ទេ និង​បាន​បន្ថែម​ល្បឿន​បំណង​គេច​ពី​ក្រុម​នេះ។ ពេល​ឃើញ មិន​ព្រម​ឈប់​ឡាន​ហើយ​ព្យាយាម​បើក​គេច​បែប​នេះ ក្រុម​ជន​ខិលខូច ក៏​បាន​យក​ដុំ​ថ្ម​គប់​រថយន្ត​របស់​លោក​ធ្វើ​ឲ្យ​បែក​កញ្ចក់​តែ​ម្ដង។ " សំ​ណា​ង​ដែល​មិន​ចំ​កន្លែង​ខ្ញុំ​បេ​ី​ក​​ ហេ​ី​យ​ត្រូវ​តែ​កញ្ចក់​ជ​ចំ​ហៀ​ង​ខាងក្រោយ​តៃកុង​​ ប្រសិន​ចំ​តួ​ឡាន​វិ​ញ​​ គឺ​រឹតតែ​ចប់​ហ្មង​.... សរុបមក​ចុងក្រោយ​ដូរ​កញ្ចក់​អស់​​ 100$ ប៉ុន្តែ​ព្រលឹង​ហោះ​ទៅ​ស៊ី​ព្រលិត​បាត់​ហើយ"។ ករុណា ពេជ្រ ថ្លែង។

តារា​ចម្រៀង​រូប​នេះ ប្រាប់​ថា នៅ​ពេល​នោះ លោក​អារម្មណ៍​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ក៏​ខំ​ពង្រឹង​ស្មារតី ដើម្បី​បញ្ចៀស​ខ្លួន​ពី​ហេតុការណ៍​អាក្រក់​ជាង​នេះ រហូត​ដល់​គេច​បាន​សម្រេច និង​អាច​រក្សា​សុវត្ថិភាព​ឲ្យ​ខ្លួន​ឯង​ដោយ​គ្រាន់​តែ​ខូច​ខាត​កញ្ចក់​រថយន្ត​តែ​ប៉ុណ្ណោះ។

លោក ករុណា ពេជ្រ ប្រាប់​ថា លោក​សម្រេច​ចែក​រំលែក​ព័ត៌មាន​នេះ ដើម្បី​ជូន​ជា​ដំណឹង​សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋ​បាន​ដឹង និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ពេល​ធ្វើ​ដំណើរ​ពេល​យប់​អាធ្រាត្រ​បែប​នេះ ចៀសវាង​ជួប​ហេតុការណ៍​នឹក​ស្មាន​មិន​ដល់​ដូច​លោក​ពេល​នោះ។ លោក​លើក​ឡើង​ថា លោក​សំណាង​ហើយ​ដែរ​អាច​គិត​ផុត ពិសេស​សំណាង​ត្រង់​ថា ជន​ខិលខូច​នោះ គប់​មិន​ចំ​កន្លែង​លោក​អង្គុយ បើ​សិន​ជា​ចំ​លោក​វិញ មិន​ដឹង​ជា​មាន​រឿង​ហេតុ​ប៉ុណ្ណា​នឹង​កើត​ឡើង​នោះ​ឡើយ៕

អត្ថបទ៖ ទារិកា