តួអង្គរឿង "នំប៉័ង​បញ្ចាំស្នេហ៍" ៩ ឆ្នាំមកនេះប្រែប្រួលអស់ ហើយមានម្នាក់បានធ្វើអត្តឃាត

  • 2019-11-14 08:38:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​"នំប៉័ង​បញ្ចាំ​ស្នេហ៍" ​គឺ​ជា​រឿង​ភាគ​ល្បី​កូរ៉េ​ដ៏​ល្បី​មួយ​ប្រចាំ​ឆ្នាំ ២០១០។ ខ្សែ​ភាពយន្ត​ភាគ​នេះ ​អាច​ឈ្នះ​បាន​ពាន​រង្វាន់​សំខាន់​ចំនួន ៦ នៅ​កម្មវិធី​ KBS Drama Awards ឆ្នាំ ២០១០ ដែល​ជួយ​ឲ្យ​តួ​អង្គ​ឯក និង​តួ​រាយរង​ល្បី​ទូទាំង​អាស៊ី​តែ​ម្ដង។ ត​ទៅ​នេះ​មក​តាម​ដាន​ដំណើរ​ជីវិត​តួអង្គ​សំខាន់ៗ​ មើល​ថា​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ណា​ខ្លះ ៖

១. Yoon Shi Yoon

​​​តួអង្គ​ឯក Kim Tak Goo គឺ​សម្ដែង​ដោយ​ Yoon Shi Yoon ដែល​ជា​កូន​ចុង​របស់​ប្រធាន​ក្រុមហ៊ុន​​ចំណី​អាហារ​ល្បី​ឈ្មោះ​មួយ។ Yoon Shi Yoon មាន​ឈ្មោះពិត Yoon Dong Goo កើត​នៅ​ឆ្នាំ ១៩៨៦ ដែល​ចូល​ប្រឡូក​វិស័យ​សិល្បៈ​នៅ​ឆ្នាំ ២០០៩។​ ​បន្ទាប់​​ពី​រឿង "នំប៉័ង​បញ្ចាំស្នេហ៍" រូប​គេ​បាន​សម្ដែង​ក្នុង​ភាពយន្ត​ជា​ច្រើន ប៉ុន្តែ​មិន​ល្បី​ដូច​កាល​សម្ដែង​ជា Kim Tak Goo ឡើយ។

​​Yoon Shi Yoon បាន​ព្យាយាម​ចូល​រួម​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ទូរទស្សន៍​ដើម្បី​​​បង្កើន​ប្រជាប្រិយភាព​របស់​ខ្លួន ប៉ុន្តែ​បែរ​ជា​មិន​ដូច​ចិត្ត។ ជាក់​ស្ដែង​កម្មវិធី "Two Days, One Night” ដែល​ ​Yoon Shi Yoon ចូល​បង្ហាញ​មុខ ត្រូវ​បញ្ឈប់​ការ​ចាក់​ផ្សាយ​ទាំង​ស្រុង ​ដោយ​សារ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​ពិធី​ករ​ម្នាក់​ក្នុង​កម្មវិធី​នេះ​បាន​ផ្ទុះ​ឡើង។

នៅ​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា ភាពយន្ត "Psychopath Dairy” ដែល​សម្ដែង​ដោយ ​Yoon Shi Yoon នឹង​ត្រូវ​ចាក់​ផ្សាយ ហើយ​អ្នក​គាំទ្រ​ភាគ​ច្រើន​រំពឹង​ថា​តារា​រូប​នេះ​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ដូច​ពេល​សម្ដែង​រឿង "នំប៉័ង​បញ្ចាំស្នេហ៍" ដែរ។ អំពី​ជីវិត​ផ្ទាល់​ខ្លួន​វិញ រូប​គេ​មិន​ដែល​ទាក់ទង​នារី​ណា​ម្នាក់​ដោយ​បើក​ចំហ​នោះ​ឡើយ។

២. Joo Won

Joo Won សម្ដែង​ជា​តួ​ Ma Joon កូន​ប្រុស​ទី​ពីរ​នៃ​ប្រធាន​ក្រុមហ៊ុន​​ចំណី​អាហារ ដែល​ត្រូវ​ជា​បង​ប្អូន​ម្ដាយ​ដោយ​ឡែក​ជា​មួយ Kim Tak Goo។ Joo Won កើត​នៅ​ឆ្នាំ ១៩៨៧ និង​ចូល​សម្ដែង​តាំង​ពី​ឆ្នាំ ២០០៧។ បន្ទាប់​ពី​រឿង "នំប៉័ង​បញ្ចាំស្នេហ៍" តារា​រូប​នេះ​ទទួល​បាន​​ការងារ​ល្បីៗ​ជា​ច្រើន អាច​ទទួល​បាន​ការ​សរសើរ​ពី​អ្នក​ជំនាញ​ជា​តារា​សម្ដែង​ប្រុស​ដ៏​មាន​ទេព​កោសល្យ​ម្នាក់។

ស្នាដៃ​លេច​ធ្លោ​របស់ Joo Won មាន​ "The Farmer's Farm" "The Bride's Mask" "The White Angel" និង "The Wandering Genius" ដែល​សម្ដែង​ជា​មួយ Kim Tae Hee។ តារា​ប្រុស​រូប​នេះ​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​តារា​ចម្រៀង​ទោល BoA ប៉ុន្តែ​បាន​ចែក​ផ្លូវ​គ្នា ដោយ​សារ​គ្មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​គ្នា។

៣. Eugene

តួ​ឯក​ស្រី Shin Yoo Kyung សម្ដែង​ដោយ​​តារា​ជើង​ចាស់ Eugene ដែល​នាង​ជា​ស្នេហា​ដំបូង​របស់ Kim Tak Goo និង​ជា​មនុស្ស​ស្រី​ដែល Ma Joo លួច​បេតី​ផង​ដែរ។ Eugene គឺ​ជា​រាជិនី​សម្រស់​ម្នាក់​របស់​កូរ៉េ ប្រចាំ ២ ទសវត្ស​កន្លង​មក។ នាង​កើត​នៅ​ឆ្នាំ ១៩៨១ មាន​ឈ្មោះ​ពិត Kim Yoo Jin ដែល​ជា​ប្រឡូក​ជា​តារា​ចម្រៀង​ប្រចាំ​ក្រុម SES រួច​ទើប​ចូល​ប្រឡូក​ការ​សម្ដែង​ជា​ក្រោយ។

រឿង​ល្បីៗ​របស់ Eugene រួម​មាន​ "Loving you" "The last dance" " One mother, three dads " និង​ "Hundred-year heritage" ជា​ដើម។ នៅ​ខែ​ធ្នូ នាង​នឹង​ត្រឡប់​បង្ហាញ​មុខ​ចំពោះ​ទស្សនិកជន​ជា​ថ្មី ក្រោយ​ស្ងប់ស្ងាត់​អស់ ១០ ឆ្នាំ ជា​មួយ​ខ្សែ​ភាពយន្ត "Paper Flower”។

​​Eugene និង​តារា​សម្ដែង Ki Tae Young គឺ​ជា​គូ​ស្នេហ៍​ដ៏​មាន​សុភមង្គល​មួយ​ក្នុង​វិស័យ​កម្សាន្ត​កូរ៉េ។ ពួក​គេ​ចាប់​ផ្ដើម​​ចាប់​អារម្មណ៍​លើ​គ្នា ក្រោយ​បាន​សម្ដែង​​ក្នុង​រឿង "Creating Destiny” នៅ​ឆ្នាំ ២០០៩ ជា​មួយ​គ្នា និង​បាន​រៀប​ការ​នៅ​ឆ្នាំ ២០១១ ហើយ​មាន​កូន​ស្រី​ចំនួន ២ នាក់។

៤. Lee Young Ah

Lee Young Ah សម្ដែង​ជា​តួ​ Yang Mi Sun ដែល​ចូល​ចិត្ត​នឹង​ការ​ធ្វើ​នំប៉័ង​ដូច​ជា​ Kim Tak Goo និង​លួច​ស្នេហ៍ Tak Goo តែ​ម្នាក់​ឯង។ នាង​កើត​នៅ​ឆ្នាំ ១៩៨៤ និង​បាន​សម្ដែង​តាំង​ពី​ឆ្នាំ ២០០៣ តាម​រយៈ​ភាពយន្ត​កំប្លែង "Nonstop 4” ដ៏​ល្បី​មួយ​របស់​កូរ៉េ។

ក្រោយ​ពី​រឿង "នំប៉័ង​បញ្ចាំស្នេហ៍" តារា​ស្រី​រូប​នេះ មិន​បាន​ស្នាដៃ​ធំ​ដុំ​អ្វី​នោះ​ឡើយ។ ងាក​មើល​ជីវិត​គូ​ស្នេហ៍​វិញ Young Ah បាន​សាង​ទំនាក់ទំនង​ជា​មួយ​មិត្ត​រួម​អាជីព Kang Eun Tak នៅ​ពេល​សម្ដែង​​រឿង​ភាគ "Love to the End” នៅ​ឆ្នាំ ២០១៨ ប៉ុន្តែ​បាន​បែក​គ្នា​វិញ​​កាល​ពី​ខែ​ខែ​មេសា។

៥. Oh Jae Moo

តួ​ Kim Tak Goo ពេល​នៅ​ក្មេង​គឺ​សម្ដែង​ដោយ​តារា​សម្ដែង​ក្មេង Oh Jae Moo។ រូប​គេ​កើត​នៅ​ឆ្នាំ ១៩៩៨ ហើយ​ "នំប៉័ង​បញ្ចាំស្នេហ៍" ជា​​ការ​ឈានជើងចូល​​សិល្បៈ​លើក​ដំបូង​របស់​ខ្លួន​។ រឿង​ដែល​ Jae Moo សម្ដែង​បន្ត​បន្ទាប់​មាន​ "Faith” “Mr. Kim's Foster Father” “Golden Rainbow” និង "Strange Father” ជា​ដើម។ Jae Moo បាន​បញ្ឈប់​ការ​សម្ដែង ២ ឆ្នាំ ដើម្បី​ផ្ដោត​ការ​សិក្សា​នៅ​សកលវិទ្យាល័យ។

​​​៦. Jeon Mi Seon

​តួអង្គ Kim Mi Sun ដែល​ជា​ម្ដាយ Kim Tak Goo ​សម្ដែង​ដោយ​តារា​ជើង​ចាស់​ Jeon Mi Seon។ តារា​ស្រី​រូប​នេះ​កើត​នៅ​ឆ្នាំ ១៩៧០ ហើយ​បាន​សម្ដែង​រឿង​តាំង​ពី​ឆ្នាំ ១៩៨៦។ ប្រឡូក​បាន ៣៣ ឆ្នាំ តារា​រូប​នេះ​បាន​ចូល​រួម​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ភាគ និង​ភាពយន្ត​ខ្នាត​ធំ​ប្រមាណ ១០០ រឿង។ ស្នាដៃ​លេច​ធ្លោ​មាន​ដូច​គ្នា "Christmas in August" "Moon embraces the sun" "Reply 1988" និង "School 2015"។

Mi Sun បាន​រៀប​ការ​ជា​មួយ​អ្នក​ដឹក​នាំ​រឿង Park Sang-hoon នៅ​ឆ្នាំ ២០០៦ និង​មាន​កូន​ប្រុស​ម្នាក់​ជា​ចំណង​ដៃ។ នៅ​ថ្ងៃ​ទី ២៩ ខែ​មិថុនា Mi Sun ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​បន្ទប់​ទឹក​នៅ​សណ្ឋាគារ​តូច​មួយ​នៅ​ខេត្ត Jeonju ប្រទេស​កូរ៉េ។ សមត្ថកិច្ច​និយាយ​ថា​ជា​ការ​ធ្វើ​អត្តឃាត ហើយ​​ឲ្យ​ដឹង​ទៀត​ថា​តារា​ស្រី​រូប​នេះ​បាន​ព្យាយាម​ព្យាបាល​ជំងឺ​​បាក់​ទឹក​ចិត្ត​រាប់​ឆ្នាំ​មក​ហើយ។

៧. Joon Kwang Ryul

តារា​សម្ដែង Joon Kwang Ryul ដើរ​តួ​ជា​ Goo Il Jong ដែល​ជា​ប្រធាន​ក្រុមហ៊ុន​ចំណី​អាហារ ជា​ឪពុក​របស់ Kim Tak Goo និង Ma Joon។ លោក​គឺ​ជា​តារា​សម្ដែង​ជើងចាស់​មួយ​រូប​ កើត​នៅ​ឆ្នាំ ១៩៦០។ ស្នាដៃ​គួរ​ឲ្យ​កត់​សម្គាល់​មាន​ "Model" "Jang Hee Bin" " Legend of Joo Mong " និង​ "Warrior Baek Dong Soo"។

៨. Jeon In Haw

​តួអង្គ Seo In Sook ម្ដាយ​របស់ Ma Joon គឺ​សម្ដែង​ដោយ​តារា​សម្ដែង Jeon In Hwa។ តារា​ស្រី​រូប​នេះ​កើត​នៅ​ឆ្នាំ ១៩៦៥ និង​ចាប់​ផ្ដើម​សម្ដែង​នៅ​ឆ្នាំ ១៩៨៤។ ភាពយន្ត​ល្បីៗ​មាន​ដូច​ជា​ "The King and I" "Banquet of the Gods" "Hundred Years of Heritage" និង "My Daughter, Geum Sa Wol "។ ទាក់ទង​ជីវិត​ផ្ទាល់​ខ្លួន រយៈពេល ៣០ ឆ្នាំ​មក​នេះ In Hwa រស់​នៅ​យ៉ាង​មាន​ក្ដី​សុខ​ជា​មួយ​តារា​សម្ដែង Yoo Dong Geun ដែល​មាន​កូន​ចំនួន​ពីរ​នាក់៕

ចុចអាន ៖ ក្រុមនារី K-Pop ទាំង​នេះ​ហើយ​ ធ្វើ​ឲ្យ​កូរ៉េ​រីកមុខមាត់​សម្បើមពេញ​ពិភពលោក

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង