មនោសញ្ចេតនាឪពុក! លៀក លីដា ឱបថើបកូនស្រីមិនឈប់ នៅមុខកាមេរ៉ាថ្ងៃសម្ពោធរឿងខ្នាតធំរបស់ខ្លួន
- 2019-11-18 03:22:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនោសញ្ចេតនាឪពុក! លៀក លីដា ឱបថើបកូនស្រីមិនឈប់ នៅមុខកាមេរ៉ាថ្ងៃសម្ពោធរឿងខ្នាតធំរបស់ខ្លួន
ចន្លោះមិនឃើញ
លោក លៀក លីដា បាននាំយកកូនស្រីតែម្នាក់របស់លោកយ៉ាងកម្រទៅបើកសម្ពោធខ្សែភាពយន្តខ្នាតធំរបស់លោករឿង "នាឡិកាដាស់វិញ្ញាណ" ដោយលោកបានឱបថើបកូនមិនឈប់ ធ្វើឲ្យមានការចាប់អារម្មណ៍។
នេះរាប់ថាជាលើកដំបូង ចាប់តាំងពីលោក និងអតីតភរិយាបានចែកផ្លូវគ្នា ហើយកូនស្រីតែម្នាក់ក្នុងចំណងអាពាហ៍ពិពាហ៍ ត្រូវបានលោកទទួលសិទ្ធិយកមកបីបាច់។ បញ្ហានេះ ធ្វើឲ្យមានការចាប់អារម្មណ៍ ស្របពេលដែលខ្សែភាពយន្តខ្នាតធំរបស់លោក ដែលទទួលបានភ្លើងខៀវទៅបញ្ចាំងនៅ៦ប្រទេសនោះ ត្រូវបានគេកត់សម្គាល់ថា មានសាច់រឿង ប្រហាក់ប្រហែលនឹងរឿងផ្ទាល់ខ្លួនរបស់លោក។
យ៉ាងណា ក៏ដោយ ចាងហ្វាងផលិតកម្ម LD Picture រូបនេះ បានច្រានចោលដែលថា សាច់រឿងក្នុងខ្សែភាពយន្ត "នាឡិកាដាស់វិញ្ញាណ" ឬ "The Clock Spirit Awakening” នេះ មានសាច់រឿងជាប់ពាក់ព័ន្ធរឿងពិតរបស់លោក។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន លោកថា រឿងលោក និងភាពយន្តគឺមិនជាប់ពាក់ព័ន្ធគ្នានោះទេ។
ប៉ុន្តែសាច់រឿងពិតជាបង្កប់នូវការអប់រំមួយ ដែលថា មនុស្សពីរនាក់ គឺឪពុក និងម្ដាយ មាននាទីចាំបាច់ត្រូវផ្ដល់ឲ្យកូននូវការស្រឡាញ់ថ្នាក់ថ្នម និងភាពកក់ក្ដៅ។ការដែលខ្វះខាតនូវចំណុច២នេះ លោកថា ក្មេងតូចៗ ដែលស្ថិតក្នុងវ័យកំពុងលូតលាស់ ទាំងកាយសម្បទា និងបញ្ហាស្មារតីនោះ មានរឿងប្រឈមជាច្រើន សុទ្ធជារឿងនឹកស្មានមិនដល់ ដូចក្នុងសាច់រឿង ហើយនោះ គួរតែជាវិប្បដិសារីរបស់ឪពុក និងម្ដាយ។
និយាយពីខ្សែរឿង "នាឡិកាដាស់វិញ្ញាណ" ត្រូវបានវិនិយោគក្នុងតួលេខយ៉ាងសម្បើម។ តាមលោក លៀក លីដា លោកបានវិនិយោគច្រើនណាស់ដល់ទៅប្រមាណជាង ៤០ម៉ឺនដុល្លារអាមេរិកឯណោះលើភាពយន្តនេះ ដោយថែមទាំងបាននាំយកតួអង្គជនជាតិបារាំងមួយចំនួនមករួមសម្ដែងជាមួយសិល្បករក្នុងស្រុកផង។ ដូច្នេះហើយ ឈុតខ្លះនៃរឿង គឺតួអង្គទាំងខ្មែរ និងបរទេស ត្រូវតម្រូវឲ្យនិយាយជាភាសាបារាំង។
ខ្ទង់ចំណាយដ៏សម្បើមនេះ ត្រូវបានប្រើប្រាស់ដើម្បីសម្រិតសម្រាំងគុណភាព រហូតដល់នេះអាចបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់លោកផង។ "តាំងពីខ្ញុំធ្វើកុនដែលសរុបទៅជាង ៣០រឿងហើយ ខ្ញុំមិនដែលបាននាំយកកុនខ្ញុំទៅទីផ្សារបរទេសទេ តែរឿងនេះជាលើកទី១ ដែលនឹងទៅបញ្ចាំងនៅទីផ្សារបរទេស!”។ លោក លីដា បញ្ជាក់ថា ក្រោយពីបានឃើញពីគុណភាព ក្រុមអ្នកចែកចាយភាពយន្តអន្តរជាតិ (Film Distributor) បានទទួលយករឿងនេះសម្រាប់ទៅចាក់បញ្ចាំងនៅទីផ្សារអន្តរជាតិក្នុងនោះមាន៦ប្រទេស គឺមានដូចជា ប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបូរី និងប្រុយណេ។
ប៉ុន្តែមុនទៅដល់ប្រទេសទាំងនោះ រឿង "នាឡិកាដាស់វិញ្ញាណ" នឹងត្រូវបញ្ចាំងឲ្យចប់រួចរាល់សិននៅក្នុងស្រុក។ តាមកាលវិភាគដែលបានគ្រោង រឿងនេះនឹងចាក់បញ្ចាំងផ្លូវការនៅគ្រប់រោងភាពយន្តក្នុងស្រុកចាប់ពីថ្ងៃទី ២១ វិច្ឆិកាតទៅហើយ។ យ៉ាងភាពយន្តមួយនេះ ត្រូវបានដាក់បញ្ចាំងលើកដំបូងបំផុតសម្រាប់ផលិតករល្បីៗក្នុងស្រុកបានទស្សនា។ ក្រោយពីបានទស្សនាលោក ហ៊ុយ យ៉ាឡេង និង យឹម សុសត្យា បានមានចំណាប់អារម្មណ៍ថា ភាពយន្តខ្នាតធំរបស់ LD នេះ ប្រកបដោយស្តង់ដាទាំង ខ្លឹមសារ ប្លង់ថត រូបភាព សំឡេង រួមទាំងបច្ចេកទេសនានា សាកសមនឹងទទួលបានសិទ្ធិទៅបញ្ចាំងនៅទីផ្សារអន្តរជាតិ៕