សំ ថារ័ត្ន​ បង្ហាញ​ពី​ចំណុចសង្ឃឹម​​​ឈ្នះ​កីឡា​ការិនី​ហ្វីលីពីន

  • 2014-11-19 16:30:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ល្បុក្កតោ និង​ជា​អ្នក​លេង​ក្នុង​ទ្រុង​កម្ពុជា​កញ្ញា សំ ថារ័ត្ន ​បង្ហាញ​ពី​ចំណុច​ខ្សោយ​របស់​កីឡា​ការិនី​ហ្វីលីពីន​Jujeath​ Nagaowa​ ដែល​នាង​ត្រូវ​ជួប​​​នៅ​ព្រឹត្តិការណ៍​ One FC:​ Warrior's Way នា​ថ្ងៃ​ទី​៥​ ខែ​ធ្នូ ឆ្នាំ​២០១៤​​នៅ​ទី​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

 

សំ ថារ័ត្ន​បាន​ប្រាប់​ថា ៖«​ខ្ញុំ​អត់​ទាន់​ហ៊ាន​ថា​ប៉ុន្មាន​ភាគ​រយ​ទេ​បង​សម្រាប់​ការ​ឈ្នះ​គេ​នោះ​ ព្រោះ​មើល​ទៅ​ពិបាក​ស្មាន​ណាស់​ គ្រាន់​តែ​ខ្ញុំ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ខ្លះ​ដែរ​ ហើយ​ខ្ញុំ​ខ្លួន​ឯង​នឹង​ប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព»។

សំថារ័ត្ន ត្រូវ បាន​ វី ស្រីឆាយ យក​ជើង​រុញ​ចង្កា កាល​ប្រកួត ONE FC នៅ​កម្ពុជា

ទន្ទឹម​ជា​មួយ​គ្នា​នេះ​កីឡា​ការិនី​កម្ពុជា​រូប​នេះ​បាន​ទទួល​ស្គាល់​ចំពោះ​ចំណុច​ខ្លាំង​របស់​ដៃ​គូ។ កញ្ញា​បាន​ឲ្យ​ដឹង​ថា ៖«​ខ្ញុំ​បាន​ស្គាល់​ពី​ចំណុច​ខ្លាំង​របស់​គាត់​គឺ​​ដៃ​របស់​គាត់​លឿន​ ល្អ​ វ៉ៃ​ធ្ងន់​ រហ័ស​ ហើយ​កម្លាំង​ស៊ុហ្វ​ល្អ​ទៀត»។

 

ទោះ​ជា​យ៉ាង​ណា សំ ថារ័ត្ន ​សង្ឃឹម​ថា​អាច​ប្រៀប​ផ្នែក​ក្រោម​​បាន​ដោយ​សារ​កីឡា​ការិនី​ហ្វីលីពីន​រូប​នេះ​ខ្សោយ​ផ្នែក​ក្រោម​ដែរ។ កញ្ញា​ ៖«​​ចំណុច​ខ្សោយ​របស់​គាត់​វិញ គាត់​ដូច​មិន​សូវ​ល្អ​ក្រោម​ដូច​ជា​ជើង​ និង​ការ​បោក​ចំបាប់​ជា​ដើម អីចឹង​ចំណុច​នេះ​ជា​ឱកាស​របស់​ខ្ញុំ​ដែរ»។

 

សម្រាប់​ការ​ហ្វឹកហាត់​វិញ កីឡា​ការិនី​ល្បុក្កតោ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា មួយ​ថ្ងៃ​កញ្ញា​ហាត់​ពេល​ព្រឹក​មួយ​ម៉ោង​ ពេល​ថ្ងៃ​ហាត់​មួយ​ម៉ោង ហើយ​ជួន​កាល​មួយ​ម៉ោង​កន្លះ​ និង​ពេល​ល្ងាច​ហាត់​មួយ​ម៉ោង​ទៀត។ ការ​ហ្វឹក​ហាត់​កញ្ញា​ខំប្រឹង​ខ្លាំង​ផ្នែក​ក្រោម​ដូច​ជា​របៀប​បោក​ផ្តួល កាច និង​ឃ្លេ​ជា​ដើម។

កីឡាការិនី​ហ្វីលីពីន Nagaowa

និយាយ​ពី​បទ​ពិសោធន៍​​វិញ សំ ថារ័ត្ន​ធ្លាប់​ប្រកួត​​ក្បាច់​គុន​បុរាណ​ខ្មែរ​ជាង​២០​ដង​ និង​​ប្រកួត​ក្នុង​ទ្រុង One FC ម្តង ប៉ុន្តែ​ជា​ការ​ប្រកួត​ជា​មួយ​មិត្ត​រួម​ជាតិ​ដោយ​ផ្តួល​កីឡា​ការិនី​ វី ស្រីឆាយ​ក្នុង​ទឹក​ទី​១ ហើយ​ក៏​មិន​ធ្លាប់​ប្រកួត​ជា​មួយ​ដៃ​គូ​បរទេស​ដែរ។

 

ចំណែក​កីឡា​ការិនី​ហ្វីលីពីន Nagaowa ធ្លាប់​ប្រកួត​ប្រដាល់​សាកល​អាជីព​២៥​ដង​ក្នុង​នោះ​ឈ្នះ​១៣​ដង និង​ចាញ់​១៣​ដង​ដោយ​ធ្លាប់​គ្រង​ខ្សែ​ក្រវាត់​ WBC Asia Atomweight Champion ថែម​ទៀត។ ចំពោះ​បទ​ពិសោធន៍​នៅ​​ ONE FC ​វិញ នាង​បាន​​ផ្តួល​កីឡា​ការិនី​ឥណ្ឌា Jeet Toshi ដោយ​កណ្តាប់​ដៃ​ក្នុង​ទឹក​ទី​២៕

អត្ថបទ៖ ជាន ចាន់រ៉ា